អត្ថបទពាណិជ្ជកម្ម
អេស​ស៊ីជី បរិច្ចាគ​ប្រអប់​សុវត្ថិភាព​វេជ្ជសាស្ត្រ​ដល់​ក្រសួងសុខាភិបាល សម្រាប់​ការប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​១៩
15, Apr 2020 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​, ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ - ក្រុមហ៊ុន អេស​ស៊ីជី (SCG) ជា​ក្រុមហ៊ុន​ឧស្សាហកម្ម​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ាន បាន​បរិច្ចាគ​ប្រអប់​សុវត្ថិភាព​វេជ្ជសាស្ត្រ (surgical shield box) ចំនួន​៥០​ឈុត ដល់​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​។
 
​ប្រអប់​សុវត្ថិភាព​វេជ្ជសាស្ត្រ​ទាំងនេះ ផលិតឡើង​សម្រាប់​បុគ្គលិក​វេជ្ជសាស្ត្រ​ជួរមុខ​ប្រើប្រាស់ ប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​១៩ ត្រូវបាន​ប្រគល់ជូន​តំណាង​ក្រសួងសុខាភិបាល នៅថ្ងៃនេះ នៅឯ​ទីស្ដីការក្រសួង​។ 
 
​លោក គិត គឹម​អ៊​ន តំណាង​របស់​នាយក​ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​យល់ច្បាស់​អំពី​សារសំខាន់​នៃ​ការងារ​របស់​បុគ្គលិក​វេជ្ជសាស្ត្រ​ជួរមុខ​របស់​កម្ពុជា នៅក្នុង​ការប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​១៩ ដូច្នេះ​ក្រុមហ៊ុន​បាន​រិះគិត​រក​វិធី​ជួយ​ដល់​ពួកគាត់​។ 
 
​លោក គិត គឹម​អ៊​ន ថ្លែង​យ៉ាង​ដូច្នេះ ៖ «​យើង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ដូច្នេះ យើង​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​កម្ពុជា​។ ទោះបី​ចំនួន​ករណី​ឆ្លង​កូ​វីដ​១៩ នៅទីនេះ មិនទាន់​ខ្ពស់​ក៏ដោយ យើង​គិតថា យើង​ត្រូវ​រិះគិត​ចាត់វិធានការ​ឲ្យ​បាន​មុន ដើម្បី​ជួយ​ការពារ​ដល់​បុគ្គលិក​វេជ្ជសាស្ត្រ ពីព្រោះ​ពួកគាត់​ជា​អ្នក​ប្រយុទ្ធ​ជួរមុខ ដែល​ធ្វើការ​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​អ្នកជំងឺ​»​។​


 
​លោកជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​បាន​ទទួលយក​អំណោយ​ពី​តំណាង​ក្រុមហ៊ុន អេស​ស៊ីជី ជំនួសមុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន អេស​ស៊ីជី ដែល​បាន​ចែករំលែក​ចូលរួម​ជាមួយ​ក្រសួង ក៏ដូចជា 
​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ នៅ​កម្ពុជា​។​
 
​ប្រអប់​សុវត្ថិភាព​វេជ្ជសាស្ត្រ (surgical shield box) នេះ រចនា​ឡើង​សម្រាប់​វេជ្ជបណ្ឌិត​និង​បុគ្គលិក​ពេទ្យ​ប្រើប្រាស់ ដើម្បី​ការពារ​ខ្លួន​ពួកគាត់​ពី​ហានិភ័យ​ឆ្លង​ជំងឺ នៅពេល​ធ្វើការ​ផ្ទាល់​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​១៩​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ ប្រទេស​កម្ពុ​ជាមាន​ករ​ណី​ឆ្លង​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ១២២​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៩៦​នាក់ និង​ពុំទាន់​ករណី​ស្លាប់​នៅឡើយ​ទេ​។ 
 
​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ស្វាគមន៍​ជំនួយ​និង​អំណោយ​ពី​សប្បុរសជន និង​ក្រុមហ៊ុន​នានា សម្រាប់​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩ ហើយ​កន្លងមក មន្ត្រី​រដ្ឋាភិបាល​ជាច្រើន រួមទាំង​សម្ដេចនាយក​រដ្ឋមន្ត្រី​ផ្ទាល់​ផង បានរួម​ចំណែក​បរិច្ចាគ​ថវិកា សម្រាប់​កិច្ចប្រឹងប្រែង​នេះ​។ 


 
​ក្រៅពី​ប្រអប់​សុវត្ថិភាព​វេជ្ជសាស្ត្រ​ដែល​ប្រគល់ជូន​ដល់​ក្រសួងសុខាភិបាល​នៅថ្ងៃនេះ 
​ក្រុមហ៊ុន អេស​ស៊ីជី នៅ​កម្ពុជា ក៏បាន​ចែកជូន​នូវ​ទឹក​អាល់កុល​លាងដៃ និង​ម៉ាស ដល់​
​ប្រជាជន​ទូទៅ​ផងដែរ នៅក្នុង​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​១៩​។ 
 
​តំណាង​នាយក​ប្រចាំ​ប្រទេស​របស់​អេស​ស៊ីជី លោក គិត គឹម​អ៊​ន មានប្រសាសន៍​ដូច្នេះ ថា 
៖«​អេស​ស៊ីជី សង្ឃឹមថា យើង​នឹង​ឆ្លង​ផុត​គ្រា​លំបាក​នេះ​ទាំងអស់គ្នា ដូច្នេះ ចូរ​កម្ពុជា​រឹងមាំ​​ឡើង​!»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com