អន្តរជាតិ
តើ​កត្តា​អ្វីដែល​ធ្វើ​ឲ្យ «​យន្តហោះ​» ហោះហើរ​បាន​?
15, Apr 2020 , 10:59 pm        
រូបភាព
​កាលពីមុន​ឆ្នាំ​១៩០០ ការ​ស្រមើ​ស្រ​ម៉ៃ​អំពី​ការហោះហើរ​លើ​អាកាស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ក្នុង​រយៈពេល​ដ៏​ខ្លី​គឺជា​រឿង​មួយ​ដែល​ពិបាក​នឹង​ទៅរួច​។ ក្រោយ​ឆ្នាំ​១៩០៣ នៅពេលដែល​បងប្អូន​ត្រកូល រ៉ែដ (The Wright Brothers) បាន​ផលិត​យន្តហោះ​ប្រើប្រាស់​ថាមពល​ដោយ​ខ្លួនឯង​មុនដំបូង​គេ​មក វិស័យ​អាកាសចរណ៍​បាន​រីកដុះដាល​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ជាង​១០០​ឆ្នាំ​ចុង​ក្រោយនេះ​។ តំបន់​ដែល​ធ្លាប់តែ​ត្រូវការ​ពេលវេលា​ជាង​ច្រើន​ខែ​ក្នុងការ​ធ្វើដំណើរ​ដោយ​នាវា រថភ្លើង ឬ​រថយន្ត ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​នៅលើ​យន្តហោះ​។ សព្វថ្ងៃ ការធ្វើដំណើរ​តាម​អាកាស​បានក្លាយ​ជា​រឿង​សាមញ្ញ និង​ប្រចាំថ្ងៃ​ដោយ​មនុស្ស​មួយចំនួន​។ នៅពេល​ត្រៀម​ហោះហើរ​នៅលើ​ផ្លូវ​យន្តហោះ​ក្នុង​អាកាសយានដ្ឋាន យន្តហោះ​គ្រាន់តែ​បន្ថែម​ល្បឿន បន្តិចក្រោយមក​ច្រមុះ​របស់​យន្តហោះ​ត្រូវបាន​តម្រង់​ទៅរក​ខាងលើ​។ តើ​កត្តា​រូបវិទ្យា​អ្វី​ដែលមាន​ឥទ្ធិពល​លើ​ការហោះហើរ​ទាំងនេះ​?

 
​គេហទំព័រ science.howstuffswork.com បាន​ពន្យល់​យ៉ាង​ងាយ​ថា គ្រប់​វត្ថុ​នៅលើ​ភពផែនដី​តែងតែមាន​ទម្ងន់​។ ទម្ងន់​គឺជា​ផលិតផល​នៃ​កម្លាំង​ទំនាញ និង​ម៉ាស​នៃ​វត្ថុ​នោះ​ដែលមាន​ផ្ទុក​នៅ​ខាងក្នុង​។ យន្តហោះ​ប្រភេទ Boeing 747-8 មាន​សមត្ថភាព​ក្នុង​ការចេញ​ហោះហើរ​ក្នុង​ទម្ងន់​អតិបរមា​ត្រឹម​៤៤២​តោន ឬ​៤៤២ ០០០​គីឡូក្រាម​។ ដើម្បី​ធ្វើដំណើរ​ទៅលើ​អាកាស យន្តហោះ​ទាមទារ​ឲ្យ​មាននូវ​កម្លាំង​ដែលមាន​អំពី​ផ្ទុយ​ជាមួយនឹង​ទម្ងន់​។ កម្លាំង​នេះ​ជា​កម្លាំង​ដែល​រុញច្រាន​យន្តហោះ​ឡើង​ទៅលើ ឬ ជា​ភាសា​អង់គ្លេស​ហៅថា «Lift force» ។ 
 
​យន្តហោះ​ទទួលបាន​កម្លាំង​នេះ​ជាមួយនឹង​ផ្ទៃមុខ​កាត់​ដ៏​ធំ​របស់​ស្លាប​យន្តហោះ​ដែលមាន​វត្ត​មាននៅ​សងខាង​។ Life force មាន​ឥទ្ធិពល​ក្នុងពេលដែល​ស្លាប​របស់​យន្តហោះ​មាន​ចលនា​ឆ្លងកាត់​មជ្ឈដ្ឋាន​អ្វីមួយ ដែល​នៅក្នុង​ករណីនេះ​គឺ​មជ្ឈដ្ឋាន​ខ្យល់​។ ម្យ៉ាងវិញទៀត ស្លាប​យន្តហោះ​ត្រូវបាន​គេ​រចនា​មក​ជាមួយនឹង​រាង​ពិសេស មាន​លក្ខណៈ​ទ្រេត​បន្តិច ដែលមាន​នាទី​ក្នុង​ការញែក​លំហូរ​នៃ​ខ្យល់​ដែល​ធ្វើដំណើរ​កាត់​ស្លាប​ជា​ពីរ​តំបន់​។ តំបន់​ទាំងពីរ​នោះ​គឺ​នៅ​ខាងក្រោម​ស្លាប និង​នៅ​ខាងលើ​ស្លាប​។ 
 
​រូបរាង​ទ្រេត​បន្តិច​នេះ​ធ្វើ​ឲ្យ​ខ្យល់​ដែល​នៅ​ខាងលើ​ស្លាបមាន​ចលនា​លឿន​ជាង​ខ្យល់​ដែល​នៅ​ខាងក្រោម​ស្លាប​។ ដោយសារតែ​ផ្នែក​ខាងលើ​នៃ​ស្លាបមាន​លក្ខណៈ​ប៉ោង​បន្តិច ខ្យល់​ដែល​ធ្វើដំណើរ​នៅ​ទីនោះ​កើន​ល្បឿន និង​ក្នុងពេល​តែមួយ​មាន​គន្លង​ចលនា​តូច​។ វា​មាន​លក្ខណៈ​ដូចគ្នា​នៅពេលដែល​អ្នក​ច្របាច់​មាត់​ទុយោ​ទឹក​។ មាត់​ទុយោ​ទឹក​នឹងមាន​លក្ខណៈ​តូច​ជាមុន តែ​ល្បឿន​នៃ​ទឹកនឹង​កើនឡើង​។ 
 
​បក​មក​និយាយ​អំពី​យន្តហោះ​វិញ បើ​ខ្យល់​នៅ​ខាងលើ​ស្លាបមាន​ល្បឿន​លឿន នោះ​សម្ពាធ​របស់​វា​នឹង​ថយចុះ បង្កើត​ទៅជា​កម្លាំង​លើកឡើង​លើ ឬ Life force ។ ចំណែកឯ​នៅ​ខាងក្រោម​ស្លាប ដោយសារតែ​វា​មាន​លក្ខណៈ​ផត​បន្តិច ផ្ទុយគ្នា​ជាមួយនឹង​រូបរាង​ខាងលើ​ស្លាប ខ្យល់​មាន​ចលនា​យឺត​ជាង និង​មាន​សម្ពាធ​ខ្លាំង​ជាង​។ ភាពខុសគ្នា​រវាង​ខ្យល់​នៅ​ខាងលើ និង​ខាងក្រោម​ស្លាប​នេះហើយ​ដែល​ធ្វើ​យន្តហោះ​ហោះ​បាន​នៅពេល​បើកបរ​ក្នុង​ល្បឿន​ជាក់លាក់​ណាមួយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com