COVID-19
ជាតិ
អង្គការការពារសត្វព្រៃអំពាវនាវឱ្យអាស៊ាន បិទផ្សារជួញដូរសត្វព្រៃ ដើម្បីបង្ការជំងឺកូវីដ-១៩ រូបភាពពី អង្គការWWF
× ភ្នំពេញ៖ ខណៈជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅជុំវិញពិភពលោក ដែលជំងឺនេះមានប្រភពឆ្លងពីសត្វ អង្គការការពារសត្វព្រៃ ហៅកាត់ថា WWF បានអំពាវនាវ ដល់រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឱ្យបិទទីផ្សារជួញដូរសត្វព្រៃ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីសត្វទៅមនុស្ស។ នេះបើតាមការស្ទង់មតិរបស់អង្គការ WWF ទៅលើពលរដ្ឋជាង៥ពាន់នាក់មកពីហុងកុង ជប៉ុន ភូមា ថៃ និង វៀតតណាម។
លោក គ្រីស្ទី វីលលៀមស៍ នាយកអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាសុីហ្វិកនៃ បានលើកឡើងថា ប្រទេសចិនបានចាត់វិធានការសំខាន់ៗមួយចំនួន ដើម្បីហាមឃាត់ការបរបាញ់ ជួញដូរ និង ការបរិភោគសត្វព្រៃ ហើយប្រទេសវៀតណាម ក៏កំពុងតែរៀបចំវិធានការស្រដៀងគ្នាដែរ។ ដូច្នេះ ប្រទេសដទៃទៀតក្នុងតំបន់អាស៊ី គួរបិទទីផ្សារជួញដូរសត្វព្រៃ ដើម្បីបង្ការវិបត្តិសង្គមនិងសេដ្ឋកិច្ច ដែលមនុស្សទូទាំងសកលលោកកំពុងទទួលរងគ្រោះ។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា បានឱ្យដឹងថា ការបញ្ឈប់ការជួញដូរសត្វព្រៃនេះ ជាវិធានការមួយដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។
លោក ម៉ាកូ ឡាមប៊ឺតធីនី អគ្គនាយកនៃអង្គការ WWF អន្តរជាតិ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសដែលមានទីផ្សារជួញដូរសត្វព្រៃ កំពុងទាមទារវិធានការបិទការជួញដូរ និងបរិភោគសត្វព្រៃ។ លោកបានបន្ថែមដូច្នេះថា៖«វាដល់ពេលហើយ ដែលមនុស្សត្រូវឈ្វេងយល់ពីទំនាក់ទំនងរវាងការជួញដូរសត្វព្រៃ ការសឹករេចរឹលបរិស្ថាន និងគ្រោះមហន្តរាយចំពោះសុខភាពមនុស្ស»។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ជំងឺកូវីដ-១៩ បានរាលដាលជាសកល ដោយក្នុងនោះ ការបង្កលើខ្លួនមនុស្សចំនួន៦១ភាគរយ គឺមានប្រភពឆ្លងពីសត្វ ដែលការជួញដូរសត្វព្រៃជាកត្តាបង្កគ្រោះថ្នាក់ជាងគេ ដែលធ្វើឱ្យមានការរាលដាលជំងឺឆ្លងតាមរយៈសត្វ។
សូមបញ្ជាក់ថា មកដល់ពេលនេះ មានមនុស្សលើសពី២លាននាក់ហើយ ដែលឆ្លងកូវីដ-១៩ នៅទូទាំងសកលលោក៕
Tag:
សត្វព្រៃ
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com