COVID-19
ជាតិ
កូ​វីដ​-១៩ និង​«​ឆ​៦»​នៅក្នុង​សង្គម​ខ្មែរ​…!
16, Apr 2020 , 10:18 am        
រូបភាព
​ភ្នំពេញ​៖ ឆាប់​ជឿ ឆាប់​ភ័យ ឆាប់​ខ្លាច ឆាប់​ស្លុត ឆាប់​ភ្លេច ឆាប់​ហ៊ាន​…! នេះ គឺជា​អ្វីដែល​គេ​កត់សម្គាល់​ចំពោះ​ឥរិយាបទ​នៃ​ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ​។ ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩​មិន​បង្កើនល្បឿន​ខ្លាំង​ឡើយ ផ្ទុយទៅវិញ​ចំនួន​អ្នកជា​សះស្បើយ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដែលជា​សញ្ញា​ល្អ​ធ្វើ​ឲ្យ​មាន​ក្តីសង្ឃឹម​ឡើងវិញ​នៅក្នុង​សង្គម​ខ្មែរ​។ គិត​ត្រឹម​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០២០​នេះ គ្មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៤​ថ្ងៃ​ជាប់​គ្នា​, អ្នកជា​កើន​ដល់​៩៨ ក្នុងចំណោម​អ្នក​ឆ្លង​ចំនួន​១២២​នាក់​។


 
​ទោះបីជា​ចំនួន​អ្នក​ឆ្លង​ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាសថា ស្ថិតនៅក្នុង​ស្ថានភាព អាច​គ្រប់គ្រង​បាន​ក៏ដោយ ក៏​ក្រសួង​ជំនាញ​មួយ​នេះ នៅតែ​និយាយ​ដដែលៗ​ថា ប្រសិន បើ​ខ្វះ​ការយកចិត្តទុកដាក់​តែ​បន្តិច មេរោគ​កូ​វីដ​១៩​អាច​ឆ្លង​ក្នុង​កម្រិត​សហគមន៍ ហើយ​នេះ គឺជា​អ្វីដែល​អ្នកជំនាញ​ព្រួយបារម្ភ​បំផុត​។ 
 
«​សត្វ​កុក​ភ្លេច​ជង់ តែ​ជង់​មិន​ភ្លេច​កុក​ឡើយ​»​។ នេះ គឺជា​សុភាសិត​ខ្មែរ​ដែល​គេច​ង់​ប្រៀបធៀប​ទៅនឹង​មេរោគ​កូ​វីដ​១៩​ថា មនុស្ស​ទាំងឡាយ​អាច​ភ្លេច និង​ធ្វេសប្រហែស​ចំពោះ​មេរោគ​កូ​វីដ​១៩ តែ​មេរោគ​កូ​រ៉ូ​ណា​នេះ មិនដែល​ភ្លេច​មនុស្ស​ទូទៅ​ឡើយ​។ មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ​, ដោយ​គេ​មិនទាន់​រកឃើញ​វ៉ាក់សាំង​ការពារ​នៅឡើយ​, អាច​ចម្លង​ទៅ​មនុស្ស​គ្រប់ពេលវេលា គ្រប់​ជាតិ​សាសន៍ គ្រប់​វ័យ គ្រប់​ឋានៈ​។​ល​។ 
 
​ជាការ​កត់សម្គាល់ នៅពេលដែល​ក្រសួង​ជំនាញ​ប្រកាស​ពី​ការឆ្លង​ករណី​ទី​១ ទី​២ ទី​៣ ទី​៣០ ភ្លាម​, ពលរដ្ឋ​ខ្មែរ​ស្លន់ស្លោ ភ័យ ខ្លាច ស្លុត សឹងតែ​លែង​ហ៊ាន​ចេញពីផ្ទះ​ដោយ​ខ្លួនឯង​ដោយ​មិនចាំបាច់​មានការ​ប្រកាស​ហាមឃាត់​អ្វី​ឡើយ​។ ម្នាក់ៗ​នាំគ្នា​ទិញ​ម៉ាស់​ពាក់ ទឹក​អាល់កុល​លាងដៃ​សម្លាប់​មេរោគ​។​ល​។ នៅតាម​ដងផ្លូវ ភាពស្ងាត់ជ្រងំ​គ្របដណ្តប់ គ្មាន​មនុស្ស​ធ្វើដំណើរ​, ហាង​លក់ដូរ​ខ្សត់​អតិថិជន​, កន្លែងធ្វើការ​បាត់​បុគ្គ​លិ​ក​, ទី​កម្សាន្ត​ក្លាយទៅជា​ទី​រហោឋាន​។​ល​។ ប៉ុន្តែ នៅពេលដែល​ដំណឹង​នៃ​ការឆ្លង​បាន​បន្ថយល្បឿន​របស់​វា ហើយ​ចំនួន​អ្នកជា​សះស្បើយ​កើនឡើង​វិញ​នោះ គេ​សង្កេតឃើញ​មនុស្សម្នា​ចេញ​ធ្វើដំណើរ​តាម​ដងផ្លូវ​ដោយ​គ្មាន​ញញើត​អ្វី​បន្តិច​ឡើយ​។ 
 
​ពេលខ្លះ ទោះបី​ជាមាន​បទបញ្ជា​ហាមឃាត់​ក៏ដោយ ក៏​ពលរដ្ឋ​ខ្លះ មិន​ខ្ចី​ស្តាប់​ផង ព្រោះ លែង​ខ្លាច​ហើយ ហ៊ាន​វិញ​ហើយ​។  ពលរដ្ឋ​ខ្មែរ​ត្រូវបាន​គេ​កត់សម្គាល់​មួយផ្នែក​ថា ជា​ពលរដ្ឋ​ដែល​ឆាប់​ខឹង ឆាប់​ឈប់​ខឹង​(​មិន​គុំ​គួ​ន​) និង​ឆាប់​បំភ្លេចចោល​រឿង​អតីតកាល​។​ល​។ ម្យ៉ាងទៀត អ្នកតាមដាន​ព្រឹត្តិ​កាណ៍​សង្គម​សង្កត់ធ្ងន់ថា ពលរដ្ឋ​ខ្មែរ (​មិនមែន​ទាំងអស់​ទេ​) ឆាប់​ជឿ ឆាប់​ភ័យ ឆាប់​ខ្លាច ឆាប់​ស្លុត ឆាប់​ភ្លេច តែ​ឆាប់​ហ៊ាន ចំពោះ​ព្រឹត្តិការណ៍​អ្វីមួយ ដូចជា​ករណី​មេរោគ​កូ​វីដ​១៩​ជាដើម​។ ឆាប់​ជឿ គឺ​នៅត្រង់ថា ពលរដ្ឋ​ខ្មែរ​មួយចំនួន​ជឿ​ពាក្យ​ចចាមអារ៉ាម​ដែលថា ពងមាន់​អាច​ព្យាបាល ឬ​អាច​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​បាន​។ 
 
​ជំនឿ​ជា​រឿង​របស់​បុគ្គល តែ​ពួកគេ​មិនគួរ​លេងសើច​ឡើយ​ចំពោះ​មេរោគ​កូ​វីដ​១៩​មួយ​នេះ ព្រោះ វា​សម្លាប់​ជីវិត​មនុស្ស​មិន​ត្រឹមតែ​នៅ​កម្ពុជា​ទេ តែ​នៅលើ​ពិភពលោក​ក្នុង​គ្រប់​ប្រទេស​។ 
​ផ្ទុយទៅវិញ ពលរដ្ឋ​គួរ​រក្សា​នូវ​ផ្នត់គំនិត បង្ការ​ប្រសើរ​ជាង​ព្យាបាល ឬ​អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​គង់​។ អ្នក​ហ៊ាន​ជ្រុល​នឹង​អ្វី អ្នក​អាច​ស្លាប់​នឹង​របស់ ឬ​បញ្ហា​ហ្នឹង​។​ល​។ 
 
​ដូច្នេះ​ដើម្បី​រក្សា​សុវត្ថិភាព​ទាំងអស់គ្នា ពលរដ្ឋ​ខ្មែរ​គួរប្រកាន់​នូវ​គោលការណ៍​គម្លាត​សុវត្ថិភាព​៖ អ្វី​មិនគួរ​ធ្វើ អី្វ​គួរ​ចៀសវាង និង​អ្វី​គួរ​ធ្វើ​។ តើ​អ្វីខ្លះ​ដែល​មិនគួរ​ធ្វើ​នៅក្នុង​គ្រា​លំបាក​នៃ បរិបទ​កូ​វីដ​១៩? ទី​១៖ កុំ​ស្ថិត​នៅក្បែរ​អ្នកដទៃ​។ ទី​២៖ កុំ​បះ​អ្ន​ដទៃ​។ ទី​៣៖ កុំទៅ​លេង​(​សួរសុខទុក្ខ​)​អ្នកដទៃ​។ ទី​៤៖ កុំ​អញ្ជើញ​អ្នកដទៃ​ឲ្យ​មកលេង​(​សួរសុខទុក្ខ​)​អ្នក និង​ទី​៥៖ គួរ​ស្ថិតនៅ​ដាច់​តែឯង ឬ​ជាមួយ​គ្រួសារ​។ 
 
​តើ​អ្វីខ្លះ​ដែល​ត្រូវ​ចៀសវាង​ធ្វើ​នៅក្នុង​សម័យ​កូ​រ៉ូ​ណា​ហ្នឹង​? ទី​១៖ ចៀសវាង​ការជួបជុំ​ជា​ក្រុម និង ហ្វូងមនុស្ស​ធំៗ​។ ទី​២៖ ចៀសវាង​ការធ្វើដំណើរ​តាម​យាន្ត​ជំនិះ​សាធារណៈ និង​ទី​៣៖ ចៀសវាង​ការធ្វើដំណើរ​តែម្តង​បើ​អាច​ចៀសវាង​បាន​។ 
 
​តើ​អ្វីខ្លះ​ដែល​ត្រូវធ្វើ​នៅក្នុង​កាលៈទេសៈ​មេរោគ​កូ​វីដ​១៩​នេះ​? ទី​១៖ ស្ថិតនៅ​គេហដ្ឋាន​។ ទី​២៖ ធ្វើការ​ងារ​ពី​ផ្ទះ និង ទី​៣៖ រក្សា​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com