កំពង់ឆ្នាំង៖ វត្តត្បែងខ្ពស់ដែលធ្លាប់តែមានពុទ្ធបរិស័ទមកជួបជុំគ្នារាប់ពាន់នាក់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពេលនេះ បានស្ងប់ស្ងាត់ ដោយមានតែមានមនុស្សតិចតួចប៉ុណ្ណោះ ដែលបានយកចង្ហាន់ និង បច្ច័យប្រគេនដល់ព្រះសង្ឃ។ ភាពស្ងប់ស្ងាត់ គឺបន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបិទការជួបជុំបែបសាសនា រួមទាំងផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរូណា ឬជំងឺកូវីដ១៩។
ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖
យូរៗម្តងមានពុទ្ធបរិស័ទពីរបីនាក់ ដើរចូលវត្តត្បែងខ្ពស់ ដែលស្ថិតនៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ដើម្បីមកធ្វើបុណ្យក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ខុសពីរាល់ឆ្នាំដែលវត្តនេះតែងមានភាពអ៊ូអរនៅពេលចូលឆ្នាំថ្មី តែឆ្នាំនេះ បែរមានលក្ខណៈស្ងប់ស្ងាត់ទៅវិញ ដោយមានតែពលរដ្ឋតិចតួចដែលនៅចំណុះជើងវត្តយកចង្ហាន់មកប្រគេនព្រះសង្ឃ ខណៈខ្លះទៀតមកធ្វើពិធីបែបសាសនានៅតាមចេតិយរៀងៗខ្លួនក្នុងបរិវេណវត្ត ដើម្បីគោរពដល់វិញ្ញាណក្ខន្ធដូនតា។
លោកយាយ សយ ម៉ាក់ ដែលកាន់ចាន់ស្រាក់យកចង្ហាន់ទៅវត្ត បានឆ្លៀតផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា ឆ្នាំនេះ វត្តអារាម មានភាពស្ងាត់ខ្លាំង ដោយសារតែប្រជាជនមានការភ័យខ្លាចវីរុសកូរូណា។
មានរូបរាងស្គមកំព្រឹង លោកយាយ សយ ម៉ាក់ រៀបរាប់យ៉ាងដូច្នេះថា៖«នៅវត្ត ទៅប្រហែលគ្នាបួនដប់នាក់អ៊ីចឹងទៅ ប្រគេនបាយលោករួច ត្រឡប់មកអង្គុយឆ្ងាយៗពីគ្នាបានប្រហែលបួនដប់នាក់។ ដល់ពេលប្រគេនបាយលោករួច លោកវេរហើយ នាំគ្នាមកផ្ទះខ្លះៗមក គេអ្នកទៅក្រោយទៅចឹងទៀតទៅ បីបួននាក់ទៀតទៅ។ អត់សូវមានមនុស្សទេ បានមនុស្សប្រហែល២០នាក់យ៉ាងច្រើន។ គ្រាន់តែចេញហើយចូលៗ អត់មានបានមនុស្សនៅមូលគ្នាច្រើនទេ»។
តាមពិតទៅ លោកយាយ សយ ម៉ាក ក្នុងវ័យ៦២ឆ្នាំ ក៏មានអារម្មណ៍ខ្លាចជំងឺនេះដែរ តែលោកយាយក៏មិនអាចចោលពិធីដ៏មានសារសំខាន់នេះឡើយ។ លោកយាយបន្ថែមថា៖«មិនដឹងធ្វើម៉េចទេ ចេះតែទៅតិចទៅ បើអត់ទៅសោះ ដូចជាមិនកើត ចេះតែធ្វើទៅ ព្រោះបុណ្យធ្លាប់ធ្វើតាំងពីយូរមកហើយ។ យកបាយសម្លទៅប្រគេនលោកប៉ុណ្ណឹង ជួបគ្នាតែបីបួននាក់ហ្នឹង មិនហ៊ានអង្គុយជុំគ្នាច្រើនឯណា។ ខ្លាច(ជំងឺកូវីដ-១៩)ដែរហ្នឹង ព្រោះជំងឺហ្នឹងវាសាហាវណាស់។ លោកក៏ឆាន់បែកគ្នាដែរ។ មេវត្តផ្សេងទៅ លោកនេនបីបួនអង្គផ្សេងទៅ អត់មានឆាន់រួមគ្នាទេ»។
តាមពិតទៅ វត្តត្បែងខ្ពស់ ដែលស្ថិតនៅចម្ងាយប្រហែល៥០គីឡូម៉ែត្រភាគខាងជើងក្រុងភ្នំពេញ តែងតែមានមនុស្សរាប់ពាន់នាក់ សម្រុកមកធ្វើបុណ្យនៅទីនេះ ដ្បិតវត្តនេះ មានភូមិចំនួន៦ព័ទ្ធជុំវិញ ដែលសម្បូរប្រជាជនរស់នៅច្រើន។ ប៉ុន្តែ នៅឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី មានភាពស្ងប់ស្ងាត់ បន្ទាប់ពីមានវិធានការរបស់រដ្ឋាភិបាលមិនឲ្យមានការជួបជុំ និងផ្អាកពិធីចូលឆ្នាំខ្មែរ។ យ៉ាងណាក៏ដោយ ក៏នៅតែមានពុទ្ធបរិស័ទតិចតួចដែរ ដែលបានឆ្លៀតមកលេងវត្តអារាម និងធ្វើបុណ្យតាមទំនៀមទម្លាប់កន្លងមក។
លោក ព្រៃ ផល្លី អាយុ៣៤ឆ្នាំ ដែលបណ្តើរប្អូន និងម្តាយនៅក្នុងទីធ្លាវត្ត បានអះអាងថា ចូលឆ្នាំខ្មែរឆ្នាំនេះ ទាំងលោក និងពុទ្ធបរិស័ទ មានការភ័យខ្លាចជំងឺកូវីដ១៩ដែរ តែពួកគេការពារខ្លួនដោយប្រើអាកុល ឬជែល ដើម្បីលាងដៃ។
ពាក់អាវស តឺនុយជាមួយខោខ្មៅ ផល្លី បរិយាយយ៉ាងដូច្នេះថា៖«កាលពីមុន ត្បែងខ្ពស់យើង ជាទីប្រជុំជន តែតាំងពីវីរុសកូរូណាវ៉ៃលុកចូលមក ពុទ្ធបរិស័ទមានការភ័យខ្លាចរៀងៗខ្លួន។ និយាយឲ្យចំ សល់១០ភាគរយ នៅវត្តស្ងាត់ជ្រងំតែម្តង។ មូលហេតុដែលខ្ញុំមកវត្តថ្ងៃនេះ ខ្ញុំគិតថា ស្រុកស្រែជនបទយើងហ្នឹង អត់សូវមានអ្នកដទៃណា ជនជាតិបរទេសណាគេមកលេងទេ ទើបសម្រេចមក។ ចេះតែខ្លាចដែរ តែទីនេះមានតែពុទ្ធបរិស័ទយាយៗតាៗគាត់ធ្វើបុណ្យធ្វើទាន ពួកគាត់អត់បានដើរទៅណាទេ។ តែយើងមកវត្តយើងលាងជែល ឬទឹកអាកុលលាងដៃ»។
ដូចគ្នាដែរ លោក ម៉ី ឌីម៉ា អាយុ២៧ឆ្នាំ ដែលកំពុងតែថតរូបសែលហ្វីជាមួយគូដណ្តឹងរបស់ខ្លួនក្នុងទីធ្លាវត្ត បានអះអាងថា មូលហេតុដែលលោកមកវត្តត្បែងខ្ពស់នេះ ព្រោះលោកមានកាតព្វកិច្ចមកបង្សុកូលជូនដូនតា។ ឌីម៉ា ដែលមកពីខេត្តព្រះសីហនុតាំងពីមុនថ្ងៃរដ្ឋាភិបាលបញ្ជាឲ្យបិទផ្លូវឆ្លងខេត្ត បានបន្តថា បើទោះបីលោកចង់មកវត្តដើម្បីបានធ្វើបុណ្យដោយភាពរីករាយក្នុងឱកាសចូលឆ្នាំខ្មែរមែន តែលោក និងគ្រួសារតែងតែប្រយ័ត្នប្រយែងជានិច្ច ដើម្បីបង្ការកុំឲ្យឆ្លងវីរុសកូរូណា។
មានសម្បុរស និងពាក់អាវសទីនុយជាមួយខោខ្មៅ យុវជនរូបនេះ លើកឡើងយ៉ាងដូច្នេះ៖ «ខ្ញុំភ័យខ្លាចធម្មតា តែយើងបង្ការការពារខ្លួនដូចជាយកអាកុលតាមខ្លួនបាញ់អាកុលធម្មតា ពីផ្ទះមកក៏បាញ់អាកុលធម្មតា ហើយឈរឆ្ងាយពីពួកគាត់យ៉ាងហោចក៏មួយម៉ែត្រដែរ។ នៅវត្តក៏មានទឹកអាកុល យើងអត់បានពាក់ម៉ាសទេ។ នៅទីនេះ មិនបាច់ពាក់ម៉ាសដូចកំពង់សោមទេ។ កំពង់សោមមានបរទេសមកលេងច្រើន វាជាតំបន់ទេសចរ និងសេដ្ឋកិច្ច ចឹងប្រជាជនពាក់ម៉ាសច្រើន និងបាញ់អាកុល សូម្បីលោកក៏ពាក់ម៉ាសដែរ តែទីនេះមិនបាច់ទេ គ្រាន់តែនៅឆ្ងាយពីគ្នា»។
នៅក្នុងវត្តត្បែងខ្ពស់ ក៏មានរថយន្តរបស់អាជ្ញាធរ ប្រចាំការផ្សព្វផ្សាយពីវិធានការនានា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ និងមានប្រជាការពារភូមិជួយការពារសុវត្ថិភាពពុទ្ធបរិស័ទផងដែរ ដូចជា មើលការខុសត្រូវយានជំនិះ និងសន្តិសុខក្នុងវត្តទាំងមូលដែរ។
លោក ប៉ុន សុវណ្ណ ប្រជាការពារភូមិដែលអង្គុយឃ្លាំមើលការខុសត្រូវសន្តិសុខក្នុងវត្ត បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ លោកមមាញឹកខ្លាំង ដ្បិតមានពុទ្ធបរិស័ទច្រើន តែឆ្នាំនេះ លោកមិនសូវមមាញឹកនោះទេ។
លោកនិយាយបែបនេះ៖«ខ្ញុំនៅយាមម៉ូតូ។ ឆ្នាំនេះរាងខ្សោយ បើឆ្នាំទៅខ្លាំង ព្រោះយើងនៅក្នុងទីប្រជុំជន ក្នុងទីអារាម»។
ព្រះតេជគុណ យឹម ឆិល ជន្មាយុ៣៥វស្សា មានសង្ឃដីការថា ថ្នាក់លើបានណែនាំឲ្យគ្រប់វត្តទាំងអស់មានសាប៊ូ និងអាកុលលាងដៃ និងមិនឲ្យព្រះសង្ឃនៅជិតឧបាសកឧបាសិកា ព្រមទាំងមិនឲ្យព្រះសង្ឃនិមន្តឆ្ងាយៗពីវត្ត។ បើតាមសង្ឃដីការព្រះតេជគុណ យឹម ឆិល ដែលគង់នៅវត្តត្បែងខ្ពស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ការពារបានស្អាតល្អណាស់ញោម។ មុនឧបាសកចូលទៅចឹង មានសាប៊ូអាកុលលាងដៃ ម៉ាសមានអី ឲ្យការពារខ្លាចឆ្លងមេរោគ។ ហើយការធ្វើបុណ្យ មិនរលូនដូចឆ្នាំមុនដែរ។ ឆ្នាំនេះ គេការពារចឹងទៅ មិនសូវមានពុទ្ធបរិស័ទ។ គេគ្រាន់តែប្រគេនចង្ហាន់រួចគេទៅផ្ទះរៀងៗខ្លួន»។
បើទោះបីវត្តអារាម មានវិធានការការពារមែន តែព្រះតេជគុណ យឹម ឆិល ថា ពុទ្ធបរិស័ទវ័យចំណាស់មួយចំនួន ពុំបានការពារខ្លួនឲ្យបានដល់ដិតដល់នោះទេ ពោលគឺពួកគាត់មិនចេះពាក់ម៉ាស និងនៅតែអង្គុយជិតៗគ្នា ដែលងាយបណ្តាលឲ្យមានការឆ្លងជំងឺកូវីដ១៩៕