COVID-19
ជាតិ
សេដ្ឋកិច្ច
ភ្ញៀវជិះយន្តហោះចេញចូលកម្ពុជា ថយចុះដល់ទៅជាង៩០ភាគរយ
16, Apr 2020 , 1:52 pm        
រូបភាព
រាប់តាំងពីខែមករា ឆ្នាំ២០២០មក ពោលគឺចាប់តាំងពីជំងឺកូវីដ-១៩ រាលដាលនៅវិញពិភពលោក អ្នកធ្វើដំណើរចេញចូលកម្ពុជា តាមជើងហោះហើរ បានថយចុះជាលំដាប់។



លោក ស៊ីន ចាន់សេរីវុត្ថា អគ្គនាយករងបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញតួលេខថា នៅខែកុម្ភៈ អ្នកដំណើរតាមជើងយន្តហោះ ថយចុះ២០ភាគរយ នៅខែមីនា ថយចុះជាង៥០ភាគរយ ហើយឈានចូលខែមេសានេះ ថយចុះយ៉ាងគំហុក រហូដល់ទៅជាង៩០ភាគរយ។

ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា ថ្លែងថា៖«...គិតជាភាគរយ នៅខែ៤នេះ នៅសល់ប្រហែលជា៨ ទៅ ៩ភាគរយទេ ដែលបន្តនៅជើងហោះហើរ មានកូរ៉េ មានជប៉ុន មានចិន [ជាដើម]...»។

លោក ប្រាប់អ្នកកាសែតថា អាចប៉ាន់ស្មានពីចំនួនថយចុះនៃអ្នកធ្វើដំណើរ ដោយគិតជាភាគរយ តែពិបាកនឹងដឹងពីចំនួនជើងហោះហើរ ដែលត្រូវកាត់បន្ថយនិងលុបចោល។ ម្យ៉ាងទៀត លោក ក៏មិនទាន់មានព័ត៌មានដែរថា ការថយចុះអ្នកធ្វើដំណើរតាមជើងហោះហើរជាង៩០ភាគរយនេះ ធ្វើឲ្យខាតបង់ថវិកាប៉ុន្មាន។

យ៉ាងណា លោក អាចបញ្ជាក់បានថា មានក្រុមហ៊ុនជើងយន្តហោះជាច្រើន បានលុបជើងហោះហើរ ដោយសារតែគ្មានភ្ញៀវជិះ ឬក៏មានតិចពេក។ លោក បន្តថា ដោយមិនរាប់ក្រុមហ៊ុនខ្មែរ ក្រុមហ៊ុនអាកាសចរណ៍បរទេសនៅកម្ពុជា មាន៣៩ក្រុមហ៊ុន។ លោក បន្ថែមថា ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍បរទេសទាំង៣៩នោះ ភាគច្រើន បានផ្អាកការហោះហើរ ដោយនៅសល់តែរង្វង់៨ទៅ១០ភាគរយប៉ុណ្ណោះ ដែលនៅបន្តការហោះហើរ។

មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លើកឡើងទៀតថា មិនមែនតែកម្ពុជានោះទេ គឺពិភពលោកទាំងមូល ដែលរងផលប៉ះពាល់លើការបាត់បង់អ្នកធ្វើដំណើរតាមជើងហោះហើរ ដោយសារតែការរាលដាលជំងឺកូវីដ-១៩។ លោក លើកមូលហេតុ២យ៉ាង គឺទី១ អ្នកដំណើរ មិនហ៊ានធ្វើដំណើរកម្សាន្តដោយខ្លួនឯង និង ទី២ ប្រទេសខ្លះ បានបិទប្រទេសខ្លួន មិនឲ្យធ្វើដំណើរចេញចូល។

ចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលរកស៊ីនៅកម្ពុជា ដ្បិតតែជួបការលំបាកដោយសារតែគ្មានភ្ញៀវជិះក្តី តែមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ណាមួយ ត្រៀមប្រកាសពីការក្ស័យធនឡើយ។ នេះបើតាមមន្រ្តីនៃរដ្ឋលេខាធិការដ្ឋានខាងលើដដែល។

លោក បានរំលេចពីការជ្រោមជ្រែងរបស់រដ្ឋាភិបាល ដូចជាការលើកលែងពន្ធរយៈពេល៣ខែ ដល់ក្រុមហ៊ុនអាកាសចរណ៍។ លោក យល់ថា វិធានការនេះ អាចជួយកាត់បន្ថយបន្ទុកខ្លះ ដល់ក្រុមហ៊ុនអាកាសចរណ៍។

ប្រមុខរដ្ឋាភិបាល កម្ពុជា ប្រកាសកន្លងមកថា នៅកម្ពុជា វិស័យ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែឥទ្ធិពលជំងឺកូវីដ-១៩ គឺវិស័យទេសចរណ៍និងវិស័យកាត់ដែរ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com