COVID-19
ជាតិ
អ្នកនាំពាក្យ៖ ការប្រឡងឌីប្លូម និងបាក់ឌុបតាមអនឡាញ សម្រាប់តែគ្រឹះស្ថានអប់រំឯកជនប៉ុណ្ណោះ សកម្មភាពសិស្សប្រឡងបាក់ឌុបឆ្នាំ២០១៧
× ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ បំភ្លឺថា ការណែនាំឲ្យរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក គឺផ្តោតតែទៅលើគ្រឹះស្ថានអប់រំឯកជនប៉ុណ្ណោះ។ ដោយឡែក គ្រឹះស្ថានសិក្សារដ្ឋវិញ ក្រសួងអប់រំ បានប្រកាសពន្យារពេលនៃការប្រឡង។
ការប្រកាសពីការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិចនេះ ទំនងជាធ្វើឲ្យសិស្សានុសិស្ស និងអាណាព្យាបាលមួយចំនួន យល់ច្រឡំថា រៀបចំសម្រាប់សិស្សទាំងអស់។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី១៥ ខែមេសា លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បកស្រាយដូច្នេះថា៖«ការរៀបចំការប្រឡងតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិកនេះ មិនមែនជាការរៀបចំក្នុងក្របខ័ណ្ឌទូទាំងប្រទេសនោះទេ គឺផ្តោតលើគ្រឹះស្ថានឯកជនប៉ុណ្ណោះ»។
អ្នកនាំពាក្យក្រសួងអប់រំ មិនទាន់អាចពន្យល់លម្អិតឡើយថា ការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិចនេះ នឹងត្រូវរៀបចំដូចម្ត៉េចខ្លះ ហើយអាចមានសុក្រឹតភាពនិងតម្លាភាពដែរឬទេ។ លោក និយាយថា៖«ខ្ញុំ សូម [ បញ្ជាក់] ប៉ុណ្ណឹងសិន បើមានអី ក្រសួង នឹងចេញសេចក្តីជូនដំណឹងតាមក្រោយទៀត»។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងផ្ដល់ឱកាសឲ្យសិស្សានុសិស្សអាចបន្តការសិក្សា ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៣ ខែមេសា បានចេញសេចក្ដីណែនាំស្ដីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត។ ក្នុងសេចក្ដីណែនាំ ដែលមាន៧ចំណុច ក៏បានលើកឡើងពីការរៀបចំការប្រឡងតាមប្រព័ន្ធអនឡាញផងដែរ។
សេចក្ដីណែនាំរបស់ក្រសួងអប់រំ បញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងនឹងអនុញ្ញាតឲ្យរៀបចំការប្រឡងតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្ដង់ដាគុណភាពដែលអាចទទួលយកបាន។ ក្នុងករណីចាំបាច់ ក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សា ដើម្បីធានានូវស្ដង់ដាគុណភាពនេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមេសាកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ពីការពន្យារពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ ដោយក្រសួង នឹងកំណត់កាលបរិច្ឆេទនៃការប្រឡងនៅពេលក្រោយ។ ចំណែកការបើកសាលា ឲ្យសិស្ស-និស្សិត ចូលសិក្សាវិញនោះ គឺនៅពេលណា ដែលស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ធូរស្បើយ៕
Tag:
អប់រំ
បាក់ឌុប
ឌីប្លូម
COVID19
© រក្សាសិទ្ធិដោយ thmeythmey.com