ជាតិ
ប្រទះឃើញបំណែកបដិមាច្រើនអង្គកប់ក្នុងរណ្ដៅដីនៅបរិវេណអង្គរវត្ត
× សៀមរាប៖ បំណែកបដិមាច្រើនអង្គ ត្រូវបានប្រទះឃើញដោយចៃដន្យក្នុងរណ្ដៅដីខាងត្បូងនៃប្រាសាទអង្គរវត្ត។ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានជីកដីដើម្បីកប់ទុយោទឹកក្នុងគម្រោងស្រោចស្រពស្មៅជុំវិញបរិវេណប្រាសាទអង្គរ និងជីកប៉ះរណ្ដៅបំណែកបដិមាដែលការសន្និដ្ឋានរបស់បុរាណវិទូ បដិមាទាំងនោះត្រូវបានគេកប់ បំណងដើម្បីថែរក្សា និងគេចពីការលួច។ បច្ចុប្បន្ន អ្នកជំនាញកំពុងធ្វើកំណាយបន្ត និងរំពឹងថាអាចឃើញបដិមាបន្ថែមទៀត។
លោក ស្រ៊ន ទិច ប្រធានគម្រោងកំណាយបានឱ្យដឹងថា ការប្រទះឃើញដោយចៃដន្យនេះគឺពីថ្ងៃទី១១ មេសាមក និងបានបន្ដពង្រីករណ្ដៅកំណាយបន្ថែមជាបន្ដបន្ទាប់។ តាមការបញ្ជាក់ពីអ្នកជំនាញ បដិមាដែលកប់ក្នុងរណ្ដៅដែលមានជម្រៅមិនដល់កន្លះម៉ែត្រផងនោះ មានរហូតដល់២១អង្គ និងជាង១០០បំណែក ដែលមានជាបំណែកព្រះកេស សីមា ដែលភាគច្រើនជាបដិមានៃព្រះពុទ្ធសាសនា។ ក្រៅពីនោះក៏នៅមានបំណែកជាសម្ភារប្រើប្រាស់មួយចំនួនទៀត ដែលជាសំណល់សម័យទំនើបក្នុងរវាងឆ្នាំ១៩៦០ និង១៩៧០ ដូចជាអំបែងកែវ ថង់ប្លាស្ទិក។ល។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងដែរថា មកដល់ថ្ងៃទី១៦ មេសានេះ ក្នុងរណ្ដៅកំណាយដែលមើលឃើញជាទូទៅឃើញបដិមាគរជា៣ថ្នាក់ តែអាចនៅមិនទាន់អស់ទេ ដោយត្រូវរង់ចាំកំណាយបន្ត។ លោក អ៊ឹម សុខរិទ្ធី សន្និដ្ឋានថា វាជាការរៀបចំរបស់មនុស្ស បង្ការពីការចោរលួច ព្រោះបដិមាខ្លះមានចុះលេខត្រឹមត្រូវ ខ្លះធ្លាប់បានជួសជុលរួចទៅហើយ ពិសេសបដិមាទាំងនោះត្រូវបានគេអភិសេករួចហើយ មានន័យថាជារបស់ស័ក្ដិសិទ្ធិ មានព្រលឹង ដែលត្រូវបានមនុស្សគោរពបូជា។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com