COVID-19
ជាតិ
សង្គមជាតិ
កម្មករដល់ទៅជាង១,៥ម៉ឺននាក់ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ក្រោយមកពីស្រុកកំណើត
17, Apr 2020 , 10:48 am        
រូបភាព
ដោយ:
មានកម្មករ-កម្មការិនីដល់ទៅជាង១,៥ម៉ឺននាក់ ដែលទៅស្រុកកំណើតក្នុងអំឡុងចូលឆ្នាំខ្មែរ ហើយក្រោយត្រឡប់មករាជធានីភ្នំពេញវិញ ពួកគេ នឹងត្រូវរៀបចំដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុននឹងអនុញ្ញាតឲ្យចូលធ្វើការវិញ។ នេះជាការអះអាងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ 



លោក ឃួង ស្រេង មានប្រសាសន៍ថា នៅរាជធានីភ្នំពេញ មានកន្លែងមួយចំនួន សម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ និងសម្រាប់ពិនិត្យសុខភាពអ្នកដែលសង្ស័យពីជំងឺកូវីដ-១៩។ លោក បន្តថា ចំពោះកម្មករ-កម្មការិនីជាង១,៥ម៉ឺននាក់នោះ អាជ្ញាធរ អាចនឹងរៀបចំទីតាំងខ្លះ សម្រាប់ដាក់ពួកគេ ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ តែលោក​ បញ្ជាក់ថា ភាគច្រើនក្នុងចំណោមពួកគេ នឹងត្រូវដាក់ឲ្យនៅដាច់ឡែក នៅតាមផ្ទះជួលរៀងៗខ្លួន។ 

លោកអភិបាល បន្តថា ទោះអាចជួបការលំបាក់ខ្លះ ដោយសារតែកម្មករ-កម្មការិនី ដែលទៅស្រុកកំណើតមានចំនួនច្រើនក្តី តែអាជ្ញាធរ នឹងប្រឹងប្រែងរៀបចំដាក់ពួកគេ ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

លោក បន្ថែមថា ពួកគេទាំងអស់ នឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាព ដូចជាការវាស់កម្តៅជាដើម។ តែលោក ពុំអាចបញ្ជាក់បានឡើយថា ពួកគេ នឹងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ឬយ៉ាងណា។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ដាក់ចេញវិធានការថា បើកម្មករ-កម្មការិនីណា ឈប់សម្រាកដោយឯកឯង ពោលគឺដោយគ្មានការអនុញ្ញាត ក្នុងអំឡុងចូលឆ្នាំខ្មែរ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុនចូលបំពេញការងារវិញ ហើយនឹងមិនទទួលបានប្រាក់ឈ្នួលក្នុងរយៈពេល១៤ថ្ងៃនេះឡើយ តែចំពោះកម្មករ-កម្មការិនីណា ដែលសម្រាកដោយមានអនុញ្ញាត នឹងទទួលបានប្រាក់ឈ្នួល ក្នុងអំឡូងនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ 

លោក ឃួង ស្រេង ប្រាប់ថា លោក ពុំទាន់បានដឹងនោះទេថា ក្នុងចំណោមកម្មករ-កម្មការិនីជាង១,៥ម៉ឺននាក់នោះ មានប៉ុន្មាននាក់ ដែលទៅស្រុកកំណើតពេលចូលឆ្នាំ ដោយទទួលបានការអនុញ្ញាតពីថៅកែ និងប៉ុន្មាននាក់ ដែលទៅដោយខ្លួនឯង។ សារព័ត៌មានថ្មីៗ ព្យាយាមសួរទៅលោក ហេង សួរ តាមបណ្តាញទំនាក់ទំនងតេឡេក្រាមដែរ តែលោក មិនទាន់ឆ្លើយ។ 

ព្រោះតែដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាល បានផ្អាកពិធីចូលឆ្នាំសម្រាប់ឆ្នាំនេះ រួមទាំងដាក់កំហិតលើការធ្វើដំណើរថែមទៀត ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមេសា ដោយមិនឲ្យពលរដ្ឋធ្វើដំណើរចេញចូលរវាងរាជធានីនិងបណ្តាខេត្តនានា (លើកលែងតែខេត្តកណ្តាល) និងមិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។ តែយ៉ាងណា​ នៅតែមានប្រជាជននិងកម្មករនិយោជិតមួយចំនួន ទៅស្រុកកំណើតដដែល។ 

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ១២២នាក់ តែបានជាសះស្បើយវិញ៩៨នាក់ ខណៈ២៤នាក់ទៀត កំពុងសម្រាកព្យាបាល៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com