អន្តរជាតិ
មេបក្ស​ប្រឆាំង​កូរ៉េខាងត្បូង លាលែង​ពី​តំណែង​ក្រោយ​បរាជ័យ​ការបោះឆ្នោត​សភា​
17, Apr 2020 , 11:24 am        
រូបភាព
លោក វ៉ាង ក្យូអាន មេបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង លាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះបរាជ័យក្នុងការបោះឆ្នោតសភា។ រូបភាព AFP
លោក វ៉ាង ក្យូអាន មេបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង លាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះបរាជ័យក្នុងការបោះឆ្នោតសភា។ រូបភាព AFP
​មេដឹកនាំ​បក្សប្រឆាំង​ធំជាងគេ​របស់​កូរ៉េខាងត្បូង បានប្រកាស​ចុះចេញ​ពី​តំណែង​របស់ខ្លួន​ភា្ល​មៗ​ក្រោយ​រង​បរាជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​នៅ​ថ្ងៃទី​១៥ ខែមេសា​។ លោក វ៉ាង ក្យូ​អាន (Hwang Kyo-ahn) ប្រធាន​បក្ស​អនាគត​រួបរួម សុខចិត្ត​លាលែង​ពី​តំណែង​របស់ខ្លួន ដើម្បី​ទទួលខុសត្រូវ​ចំពោះ​បរាជ័យ​ធ្ងន់ធ្ងរ​ក្នុងការ​បោះឆ្នោត​ដែល​រៀបចំឡើង​ស្របពេល​កូរ៉េខាងត្បូង​កំពុង​រួមរឹត​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ។​

 
​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​កូរ៉េខាងត្បូង​ដែល​ប្រកាស​ដោយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​បង្ហាញថា ក្នុងចំណោម​អាសន​ដែល​ដាក់​ឲ្យ​ប្រជែង​ចំនួន​២៥៣ បក្ស​អនាគត​រួបរួម​ទទួលបាន​អាសន​ចំនួន​៨៤ ខណៈ​បក្ស​ប្រជាធិបតេយ្យ​ដែលជា​បក្ស​កាន់អំណាច​ទទួលបាន​១៦៣​អាសន និង​៦​ទៀត​បាន​លើ​បក្ស​តូចៗ​។ លទ្ធផល​មិន​សមប្រកប​នេះ ធ្វើ​ឲ្យ​លោក វ៉ាង ក្យូ​អាន ដែលជា​ប្រធាន​បក្សប្រឆាំង​ដ៏​ធំ សម្រេចចិត្ត​លាលែង​ពី​តំណែង​តែម្ដង​។​
 
​បន្ថែម​ពីលើ​បរាជ័យ​របស់​បក្ស លោក វ៉ាង ផ្ទាល់ ក៏​មិនអាច​ឈ្នះ​អាសន​សភា​ខ្លួនឯង​ទៅទៀត​។ លោក​រង​បរាជ័យ​ក្រោម​ស្នាដៃ​អតីត​នាយករដ្ឋមន្ត្រី លី ណាក់​យុន ក្នុងការ​ប្រជែង​អាសន​សភា​មណ្ឌល Jongno នៃ​ទីក្រុង​សេ​អ៊ូ​ល​។ 
 
​ទោះ​ទទួលបាន​អាសន​សភា​ដែល​ត្រូវ​ជ្រើសរើស​ដោយ​ការបោះឆ្នោត​ផ្ទាល់​ក្នុង​ចំនួន​តិចក្ដី បក្សប្រឆាំង​បាន​នាំមុខ​បក្ស​កាន់អំណាច​បន្តិច​វិញ​ក្នុងការ​ដណ្ដើម​អាសន​សភា​ដែល​ជ្រើសរើស​តាម​រូបមន្ត​សមាមាត្រ​។ អាសន​សភា​ដែល​ត្រូវដាក់​ឲ្យ​ប្រជែង​តាម​រូបមន្ត​នេះ​មាន​៤៧ ដោយ​បក្ស​រណប​បក្សប្រឆាំង​ឈ្នះ​១៩ បក្ស​រណប​បក្ស​អំណាច​របស់​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ឈ្នះ​១៧ និង​អាសន​សេសសល់​ធ្លា​ក់លើ​បក្សប្រឆាំង​តូចៗ​។ 
 
​បើ​សរុប​អាសន​ទាំង​៣០០ បក្ស​កាន់អំណាច​ទទួល​អាសន​១៨០ ដែលជា​សំឡេង​ភាគច្រើន​លើសលប់ ខណៈ​បក្សប្រឆាំង​ទទួលបាន​១០៣​។ នេះ​ជា​ជ័យជម្នះ​ធំ​ធេ​ស​សម្រាប់​បក្ស​កាន់អំណាច ហើយ​លោក មូ​ន នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដែល​កន្លង​ជួប​បញ្ហា​នៅ​ស្ថាប័ន​នីតិបញ្ញត្តិ​នេះ ព្រោះ​គ្មាន​សំឡេង​ភាគច្រើន​។ ប៉ុន្តែ​នេះ​ក៏​ជា​បរាជ័យ​លើក​ទី​បី​របស់​បក្សប្រឆាំង​ក្នុង​ការបោះ​ឆ្នោ​ផងដែរ​។​
 
​ជ័យជម្នះ​របស់​បក្ស​កាន់អំណាច ទទួលបាន​មួយផ្នែក​មកពី​វិធានការ​របស់​រដ្ឋាភិបាល​ប្រធានាធិបតី មូ​ន ក្នុងការ​ដោះស្រាយ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស ដែល​កំពុង​រាលដាល​នៅ​កូរ៉េខាងត្បូង​។ យ៉ាងណាមិញ ស្ថានភាព​ហាក់​ធូរស្រាល​ខ្លាំង ដោយ​ចំនួន​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​មកក្រោម​៣០​នាក់​បី​ថ្ងៃ​មកហើយ​។ 
 
​សម្រាប់​បក្សប្រឆាំង​វិញ ប្រធាន​យុទ្ធនា​ការស្វែងរក​សំឡេង​បក្ស​នេះ លោក Kim Chong-in ក៏បាន​សុំទោស​អ្នកគាំទ្រ​ចំពោះ​បរាជ័យ ហើយ​ទទួលស្គាល់ថា ការផ្លាស់ប្ដូរ​របស់​ប​ក្ស មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ ទោះជា​យ៉ាងណា លោក ស្នើ​ឲ្យ​ប្រជាជន​បន្ត​គាំទ្រ​បក្សប្រឆាំង​ទៀត​ដើម្បី​ជោគវាសនា​ប្រទេស​៕ 

Tag:
 កូរ៉េខាងត្បូង​
  Hwang Kyo-ahn
© រក្សាសិទ្ធិដោយ thmeythmey.com