COVID-19
ជាតិ
សុខភាព
ក្រសួងសុខាភិបាល ហាម​ពលរដ្ឋ​ទិញ ម៉ាស់ ជែ​ល និង​សារធាតុ​សម្លាប់​មេរោគ ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​២
17, Apr 2020 , 4:13 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ហាម​ប្រជាពលរដ្ឋ​ទាំងអស់​មិនឱ្យ​ប្រើប្រាស់​នូ​វ​ឧបករណ៍​វាស់​កម្តៅ ម៉ាស់ ជែ​ល និង​សារធាតុ​សម្លាប់​មេរោគ​ផ្សេងៗ ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Koung Rich និង Xing Kim  ព្រោះ​ផលិតផល​ទាំងនេះ គ្មាន​ការធានា​គុណភាព​ស្រម​តាម​បទដ្ឋាន​កំណត់​។


 
​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១៦​មេសា បាន​បញ្ជាក់ថា គ្រប់​ផលិតផល​ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងពីរ​ខាងលើ​ផ្សព្វផ្សាយ​លក់ គឺ​គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា ឬ​ប្រវេទន៍ និង​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​ឡើយ​។ ដើម្បី​សុវត្ថិភាព​នូវ​សុខភាព​សាធារណៈ ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់​ជា​ធរមាន ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Koung Rich និង Xing Kim   និង​ជន​ដទៃទៀត​ដែល​នៅតែ​បន្ត​លក់​ផលិតផល ឱសថ បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​នានា ដែល​គ្មាន​បញ្ជិកា​។ 
 
​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បាន​រម្លឹក​សារជាថ្មី​ថា តាម​អនុលោម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូវឱ្យ​រាល់​ការ​ចរាចរ​ផលិតផល​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ សារធាតុ​សម្លាប់​មេរោគ និង​គ្រឿងសម្អាង​គ្រប់​ប្រភេទ​នៅ​កម្ពុជា គឺ​ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា ឬ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល ។ ជាពិសេស​ការផ្សព្វផ្សាយ​លក់​នូវ​ផលិតផល​ទាំងនោះ ក៏ត្រូវ​មានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ផងដែរ​៕

Tag:
 មេរោគ​
  ម៉ាស់​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com