COVID-19
ជាតិ
កម្ពុជា បន្ត​ផ្អាក​ផ្តល់​ទិដ្ឋាការ ដល់​ភ្ញៀវ​មកពី​ប្រទេស​៥ ដែលមាន​ជំងឺ​កូ​វីដ​ច្រើនជាងគេ​លើ​ពិភពលោក
17, Apr 2020 , 10:59 pm        
រូបភាព
ទិដ្ឋភាពរួមនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត៖ ទំព័រហ្វេសប៊ុកសា្ថនទូតអាឡឺម៉ង់ប្រចាំកម្ពុជា។
ទិដ្ឋភាពរួមនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត៖ ទំព័រហ្វេសប៊ុកសា្ថនទូតអាឡឺម៉ង់ប្រចាំកម្ពុជា។
​ភ្នំពេញ​៖ កម្ពុជា បន្ត​ផ្អាក​មិនឱ្យ​ជនបរទេស ដែល​មកពី​​អាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង និង អាល្លឺម៉ង់ ចូល​កម្ពុជា​។ បច្ចុប្បន្ន ប្រទេស​ទាំង​៥​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើនជាងគេ​លើ​ពិភពលោក​។​


 
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ចេញ​កាលពី​ថ្ងៃទី​១៦​មេសា បាន​ឲ្យ​ដឹងថា ការផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​ជនបរទេស​នៃ​ប្រទេស​ទាំងនេះ  នឹង​បន្ត​អនុវត្ត​រហូតដល់​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ (COVID-19) មាន​លក្ខណៈ​ធូរស្រាល ដោយមាន​ការវាយតម្លៃ​រួមគ្នា​ពី​ក្រសួងសុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក (WHO)​។​
 
​ជាមួយគ្នានេះ ក្រសួងការបរទេស បាន​បញ្ជាក់ថា ការផ្អាក​គោលការណ៍​លើកលែង​ទិដ្ឋាការ ការផ្តល់​ទិដ្ឋាការ​ទេសចរណ៍ ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រ​និ​ច (E-Visa) និង ទិដ្ឋាការ​នៅពេល​មកដល់​កម្ពុជា (Visa on Arrival) ក៏ដូចជា​វិធានការ​សុខាភិបាល​នានា រួមទាំង​តម្រូវការ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព និង​ឯកសារ​ធានារ៉ាប់រង​សុខភាព ត្រូវ​ស្ថិតនៅ​ជា​ធរមាន​បន្តទៅទៀត​។ 
 
​តួលេខ​លើ​គេហទំព័រ https://www.worldometers.info/coronavirus/ នៅ​ថ្ងៃទី​១៧ ខែមេសា បង្ហាញថា អាមេរិក មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដល់​ទៅ​ជាង​៦៨​ម៉ឺន​នាក់ (​ស្លាប់​ជាង​៣,៤​ម៉ឺន​នាក់​), អេ​ស្ប៉ា​ញ មាន​អ្នក​ឆ្លង​ជាង​១៨​ម៉ឺ​នាក់ (​ស្លាប់​ជាង​១,៩​ម៉ឺន​នាក់​), អ៊ីតាលី មាន​អ្នក​ឆ្លង​ជាង​១៦​ម៉ឺន​នាក់ (​ស្លាប់​ជាង​២,២​ម៉ឺន​នាក់​), បារាំង មាន​អ្នក​ឆ្លង​ជាង​១៦​ម៉ឺន​នាក់ (​ស្លាប់​ជាង​១,៧​ម៉ឺន​នាក់​), អាល្លឺម៉ង់ មាន​អ្នក​ឆ្លង​ជាង​១៣​ម៉ឺន​នាក់ (​ស្លាប់​ជាង​៤​ពាន់​នាក់​)​។ 
 
​កម្ពុជា បានចេញ​សេចក្តីប្រកាស​លើក​ទី​១ ស្តីពី​ការផ្អាក​ទទួល​ជនបរទេស​ពី​អាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង និង អាល្លឺម៉ង់ ចូល​កម្ពុជា​រយៈពេល​៣០​ថ្ងៃ គឺ​អនុវត្ត​ពីថ្ងៃ​ទី​១៧ ខែមីនា ដល់​ថ្ងៃទី​១៥ ខែមេសា​។ ប៉ុន្តែ​ការផ្អាក​នេះ ត្រូវបាន​បន្ត តាមរយៈ​សេចក្តីប្រកាស​លើក​ទី​២ ក្រោយ​មើលឃើញថា ស្ថានភាព​ជំងឺ​កូ​វិដ​-១៩ នៅ​បណ្តា​ប្រទេស​ទាំងនោះ មិនទាន់​ធូរស្រាល​៕

Tag:
 COVID-19
  ផ្អាក​ទិដ្ឋាការ​
© រក្សាសិទ្ធិដោយ thmeythmey.com