COVID-19
ជាតិ
COVID-19៖ គ្រូបង្រៀន រំឭកសិស្សឲ្យខំស្វ័យសិក្សាដោយខ្លួនឯង ទោះការប្រឡងពន្យារពេល
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ដោយសារបញ្ហាកូវីដ-១៩ កាលពីថ្ងៃទី៨ មេសាកន្លងទៅ។ ស្របពេលដែលក្រសួងពន្យារពេលការប្រឡង គ្រូបង្រៀនសិស្សថ្នាក់ទី៩ និងទី១២ ក៏បានក្រើនរំឭកឲ្យសិស្សានុសិស្សខិតខំស្វ័យសិក្សាដោយខ្លួនឯង ទោះបីការប្រឡងពន្យារពេលក៏ដោយ។
លោក ហុក វ៉ាន់ហុង គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី៩ នៅវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី បានជំរុញ និងលើកទឹកចិត្តដល់កូនសិស្សរបស់លោក ឲ្យខិតខំប្រឹងរៀនសូត្របន្ថែម បើទោះបីជាការប្រឡងត្រូវពន្យារពេលក៏ដោយ។
លោក ហុក វ៉ាន់ហុង គ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី ៩ នៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក ហុក វ៉ាន់ហុង បានបញ្ជាក់ថា លោកបានបង្កើតជាក្រុម(Group)តាមបណ្ដាញសង្គមតេឡេក្រាម និងផ្ញើមេរៀនទៅកាន់សិស្សជាប្រចាំ ហើយក្នុងករណីសិស្សមានចម្ងល់ ពួកគេអាចសួរត្រឡប់មកវិញ។ ជាមួយគ្នានេះ គ្រូបង្រៀនរូបនេះ ចង់ឲ្យអាណាព្យាបាលចូលរួមជំរុញកូនសិក្សានៅផ្ទះ ប្រសិនបើឪពុកម្ដាយមិនជួយជំរុញទេ នោះកូននឹងមិនខ្វល់ពីការស្វ័យសិក្សាបន្ថែម។
សម្រាប់អ្នកស្រី សេង យោធារ៉ា គ្រូបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរនៅវិទ្យាល័យហ៊ុនសែនជម្ពូវ័នវិញ ក៏លើកទឹកចិត្តឲ្យសិស្សប្រឹងប្រែងរៀនសូត្របន្ថែមផងដែរ។ អ្នកគ្រូបង្រៀនអក្សរសាស្ត្រខ្មែររូបនេះ ផ្ដាំទៅសិស្សថា៖ «កូនៗ ត្រូវចេះចែកពេលវេលាសម្រាប់ខ្លួនឯង មើលមេរៀន និងធ្វើលំហាត់។ ត្រូវតែខិតខំនៅផ្ទះដោយខ្លួនឯង រៀនតាមការផ្សាយផ្ទាល់របស់ក្រសួង ឬសៀវភៅគោល។ ប្រសិនបើកូនមិនយល់ កូនអាចសួរតាមឆាតបាន»។
អ្នកស្រី សេង យោធារ៉ា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនជម្ពូវ័ន
អ្នកគ្រូ សេង យោធារ៉ា បង្ហាញអារម្មណ៍ភ័យព្រួយយ៉ាងដូច្នេះ៖ «សម្រាប់ខ្ញុំ ខ្ញុំភ័យ ខ្ញុំខ្លាចកូនសិស្សខ្ញុំប្រឡងធ្លាក់ ប្រសិនបើគាត់មិនមានការព្យាយាម។ ប៉ុន្តែបើគាត់ខំប្រឹងប្រែងព្យាយាមធ្វើលំហាត់ដូចកាលពីនៅរៀន គាត់នឹងទទួលបានលទ្ធផលល្អ»។
លោក ទៀ សុធា គ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី១២ នៅវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី ក៏បានរំឭក និងជំរុញឲ្យសិស្សានុសិស្សស្វ័យសិក្សានៅផ្ទះផងដែរ។ បើទោះបីការប្រឡងត្រូវពន្យារពេល ប៉ុន្តែសិស្សមិនត្រូវប្រងើយកន្តើយ ឬភ្លេចខ្លួនឯងឡើយ។ គ្រូគណិតវិទ្យារូបនេះ លើកឡើងបែបនេះ៖ «កូនសិស្សត្រូវមេរៀនឡើងវិញ ឧស្សាហ៍ធ្វើលំហាត់ ដើម្បីឲ្យស្ទាត់ជំនាញ និងមិនត្រូវភ្លេចខ្លួនឡើយ»។
លោក ទៀ សុធា គ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី ១២ នៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី
មិនត្រឹមតែរំឭកឲ្យសិស្សប្រឹងរៀនបន្ថែមទេ លោក ទៀ សុធា បានជំរុញឲ្យសិស្សសិក្សាតាមរយៈការបង្រៀនតាមអនឡាញរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ សូមបញ្ជាក់ថា តាមសេចក្ដីជូនរបស់ក្រសួងអប់រំ ក្រសួងអប់រំ ក៏បានក្រើនរំឭកឲ្យសិស្សានុសិស្សទាំងអស់ ត្រូវធ្វើស្វ័យសិក្សានៅតាមផ្ទះ ដោយប្រើប្រាស់សៀវភៅសិក្សាគោល និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលមាននៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
© រក្សាសិទ្ធិដោយ thmeythmey.com