អត្ថបទពាណិជ្ជកម្ម
ពពុះ​សេដ្ឋកិច្ច​នៅក្នុង​វិស័យ​អចលនទ្រព្យ ឬ​ជា​ភាសា​អង់គ្លេស Real Estate Bubble
18, Apr 2020 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​ប្រាកដជា​ធ្លាប់​ឮ អំពី​ពពុះ​សេដ្ឋកិច្ច នៅក្នុង​វិស័យ​អចលនទ្រព្យ ឬ​ជា​ភាសា​អង់គ្លេស real estate bubble ប៉ុន្ដែ​ហាក់​មិនទាន់បាន​យល់ច្បាស់​ថា តើ​ឃ្លា​នេះ​មានន័យ​យ៉ាងដូចម្តេច​? នៅក្នុង​អត្ថបទ នេះ​យើង​នឹង​បកស្រាយ​អំពី​ឃ្លា​នេះ និង​លើកឡើង​អំពី​កត្តា​មួយចំនួន ដែល​បណ្ដាល​ឲ្យ​ពពុះ​សេដ្ឋកិច្ច​នេះ​ផ្ទុះ​បែក​។​
 
​តើ​អ្វី​ទៅ​គឺជា​ពពុះ​សេដ្ឋកិច្ច ឬ Economic Bubble?

​ពពុះ​សេដ្ឋកិច្ច គឺ​សំដៅ​ទៅលើ​ស្ថានភាព​មួយ ដែល​តម្លៃ​របស់​ទំនិញ​ណាមួយ មានការ​កើនឡើង​ខ្ពស់​ហួស​កម្រិត ហើយ​តម្លៃ​នោះ បន្ដ​ធ្លាក់ចុះ​មកវិញ នៅពេលដែល​តម្រូវការ​ថយចុះ ឬ​ទទួលរង​ផលប៉ះពាល់ ក្នុង​រយៈពេល​ជាក់លាក់​ណាមួយ​។​
 
​ដើម្បី​ឲ្យ​កាន់​ងាយ​យល់ ពពុះ​សេដ្ឋកិច្ច​កើតមាន នៅពេល​ដែលមាន​តម្រូវការ​កើនឡើង ស្របពេល​ការផ្គត់ផ្គង់​មាន​តិច ដែលជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​កើនឡើង​។ ហើយ​ពពុះ​នោះ​ផ្ទុះ​បែក​ទៅវិញ នៅពេលដែល​ការ​ផ្គង់​ផ្គង់​មាន​ច្រើន ចំណែកឯ​តម្រូវការ​ធ្លាក់ចុះ​។​
 
​តើ​អ្នក​អាច​កំណត់​ដំណាក់កាល​របស់​ពពុះ​សេដ្ឋកិច្ច បាន​ដោយ​របៀប​ណា​?
 


 
​ភាគច្រើន​ពពុះ​សេដ្ឋកិច្ច កើតឡើង​នៅពេលដែល​អ្នកវិនិយោគ ចាប់អារម្មណ៍​ទៅលើ​ផលិតផល ឬ​គម្រោង​នៅក្នុង​វិស័យ​ណាមួយ​។ ពពុះ​សេដ្ឋកិច្ច ត្រូវបាន​បែងចែក​វា​ជា​បួន​ដំណាក់កាល​ធំ​រួមមាន​៖
 
​ដំណាក់កាល​ទី​១៖
​អ្នកវិនិយោគ សម្លឹង​ឃើញ​ពី​ផលចំណេញ នៃ​មុខទំនិញ ឬ​គំនិត​អាជីវកម្ម​ថ្មីៗ ហើយ​ចាប់ផ្ដើម​ដាក់ទុន​វិនិយោគ ទៅក្នុង​វិស័យ​នោះ​។​
 
​ដំណាក់កាល​ទី​២៖
​ការវិនិយោគ​កើតមានឡើង ហើយ​ការផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​មាន​តិច ធ្វើ​ឲ្យ​អត្រា​តម្លៃ​នៃ​ទំ    និ​ញ​ទាំងនោះ​ហក់​ខ្ពស់​។​
 
​ដំណាក់កាល​ទី​៣៖
​នៅពេលដែល​អ្នកទិញ​ចូល ទៅកាន់​ទីផ្សារ​ច្រើន ការផ្គត់ផ្គង់​កាន់តែ​កើនឡើង ប៉ុន្ដែ​អ្នកវិនិយោគ​ចាប់ផ្ដើម​ដកថយ និង​ដក​ទុន​ចេញ ព្រោះ​ពួកគេ​គិតថា​ទំនិញ​នោះ លែង​ផ្ដល់​ផលចំណេញ​ខ្ពស់​សម្រាប់​ពួកគេ​។​
 
​ដំណាក់កាល​ទី​៤៖
​ការចាកចេញ​ពី​ទីផ្សារ​ពី​សំណាក់​អ្នកវិនិយោគ និង​អ្នកទិញ​ដែល​បង្ខំ​ឲ្យ​ពពុះ​សេដ្ឋកិច្ច​នោះ​ផ្ទុះ​បែក​។​
 
​តើ​កត្តា​អ្វីដែល​ជំរុញ​ឲ្យ​ពពុះ​សេដ្ឋកិច្ច​នេះ​ផ្ទុះ​បែក​?


 
​ជាទូទៅ វា​មាន​កត្ដា​ជាច្រើន​ដែរ​ជំរុញ​ឲ្យ​ពពុះ​សេដ្ឋកិច្ច​នេះ​ផ្ទុះ​បែក ប៉ុន្ដែ​នៅក្នុង​វិស័យ​អចលនទ្រព្យ គឺ​វា​បណ្ដាលមកពី​ស្ថានភាព​សេដ្ឋកិច្ច​។ ឧទាហរណ៍​ជាក់ស្ដែង នៅក្នុង​ប្រទេស​កម្ពុជា កាល​ពីមួយ​ទសវត្សរ៍​មុន ស្របពេល​ប្រទេស​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច វិស័យ​អចលនទ្រព្យ និង​សំណង់​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​
 
​យោងតាម​របាយការណ៍​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​ក្រៅប្រទេស (Overseas Development Institute) ចេញផ្សាយ​ឆ្នាំ​២០០៩ ក្នុង​ពាក់កណ្ដាល​ឆ្នាំ ២០០៨ គេ​សង្កេតឃើញថា​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា មានការ​កើនឡើង​ទ្វេដង បើ​ធៀប​ជាមួយ​តម្លៃ ក្នុង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០០៧​។ ថ្លៃដើម និង​កម្លាំង​ពលកម្ម កើនឡើង​។ ប៉ុន្ដែ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​បាន​បណ្ដាល​ឲ្យ​ពពុះ​សេដ្ឋកិច្ច ក្នុង​វិស័យ​អចលនទ្រព្យ​បាន​ផ្ទុះ ជាហេតុ​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ ចន្លោះ​ពី​៣០% ទៅដល់​៤០%​។ ចំណែកឯ​ការលក់​គម្រោង​អចលនទ្រព្យ​វិញ គឺ​បាន​ធ្លាក់ចុះ​ជា​គំហុក ចន្លោះ​ចាប់ពី ៥០% ទៅ ៨០%​។​
 
​ប៉ុន្ដែ​ទោះបីជា​យ៉ាងណា ពពុះ​សេដ្ឋកិច្ច​នៅក្នុង​វិស័យ​អចលនទ្រព្យ កើត​ឡើងជា​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ ហើយ​វា​ក៏​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​វិស័យ​អចលនទ្រព្យ​ទាំងមូល​នោះដែរ​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com