អន្តរជាតិ
ជីវិត​ប្រចាំថ្ងៃ​នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ​
18, Apr 2020 , 1:39 pm        
រូបភាព
​ក្រុម​អវកាសយានិក​គឺជា​ក្រុមមនុស្ស​ឆ្នើម​មួយចំនួន​ដែល​ប្រថុយ​ជី​វីត​ក្នុង​ការបំពេញ​តួរ​នាទី​ធ្វើដំណើរ​ទៅក្នុង​លំហ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ​ភពផែនដី​។ ក្រៅពី​ការធ្វើដំណើរ​ទៅកាន់​ភព​ព្រះ​ចន្ទ ប្រទេសមួយ​ចំនួន​ដែល​ក្នុងនោះ​មានដូចជា​សហរដ្ឋអាមេរិក កាណាដា ជប៉ុន និង​សហភាព​អឺរ៉ុប​បាន​សហការគ្នា​ក្នុង​ការផលិត និង​ដាក់​ឲ្យ​ដំណើរការ​នូវ​ស្ថានីយ​ពិសោធន៍​ក្នុង​លំហ​មួយ​ដែលមាន​ឈ្មោះថា​«​ស្ថានីយ​អវកាស​អន្តរជាតិ​»​ឬ​«International Space Station»​។ ស្ថានីយ​ដែល​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​មួយ​នេះ អាច​ផ្ទុក​អវកាសយានិក​បាន​រហូត​ទៅដល់​៦​នាក់ ក្នុង​រយៈពេល​លើសពី​កន្លះ​ឆ្នាំ​។ ជាមួយនឹង​ម​ជ្ឍ​ដ្ឋា​ន​ដ៏​ប្លែក​មួយ​នេះ តើ​អវកាសយានិក​ទាំងនោះ​អនុវត្ត​ជីវិត​ប្រចាំថ្ងៃ​ពួកគេ​ដោយ​ដូចម្តេច​?

 
​គេហទំព័រ esa.int បាន​ពន្យល់ថា ជា​រៀងរាល់​រយៈពេល​២៤​ម៉ោង អវកាសយានិក​នៅ​ទីនោះ​នឹង​ជួបប្រទះ​ព្រះអាទិត្យ​រះ​រហូត​ទៅដល់​១៥​លើក​។ នេះ​គឺ​ដោយសារតែ​ការធ្វើ​ចលនា​យ៉ាង​រហ័ស​របស់​យាន​លើ​គន្លង​ជុំវិញ​ភពផែនដី​។ អវកាសយានិក​ងើប​ពី​ដំណេក​ជាមួយនឹង​ការកំណត់​ម៉ោង​ច្បាស់លាស់​តាម​កាលវិភាគ​។ ការចូល​ដំណេក​របស់​ពួកគេ​អាចមាន​ភាពលំបាក​ដោយ​សារ​តែ​ភាព​អវត្តមាន​នៃ​ទំនាញ​។ ពួកគេ​សម្រាន្ត​ដោយមាន​ខ្សែក្រវ៉ាត់​ចង់ភ្ជាប់​ជាមួយនឹង​គ្រែ​និង​ជ​ញ្ចាំ​ង​។ 
 
​នៅក្នុង​បន្ទប់​របស់​ពួកគេ ខ្យល់​ក្តៅ​មិន​ហើរ​ឡើងលើ​ដូច​នៅលើ​ភពផែនដី​នោះទេ​។ នៅលើ​ផែនដី ដោយសារតែ​ទំនាញ ខ្យល់​ក្តៅ​នឹង​ហើរ​ឡើង​ទៅលើ ចំណែកឯ​ខ្យល់​ត្រជាក់​នឹង​ហូរ​ធ្លាក់ចុះ​មកក្រោម​។ អវកាសយានិក​មួយចំនួន​បាន​និយាយថា ជាមួយនឹង​ម៉ាស៊ីន​ចម្រោះ​ខ្យល់​ទាំងនោះ ស្ថានីយ​អវកាស​អន្តរជាតិ​មាន​សំឡេង​រំខាន​ខ្លាំងណាស់​។ គេ​ប្រៀបធៀប​ថា​ដូចជា​ការរស់នៅ​ក្បែ​ផ្លូវ​មហាវិថី​ដែរ​។ ជាមួយនឹង​ការ​អណ្តែត​ក្នុង​លំហ​ដូចនេះ អវកាសយានិក​សម្រាន្ត​ក្នុង​ទម្រង់​ដូចជា​ទារក​ក្នុង​ផ្ទៃ​ម្តាយ នៅក្នុង​បន្ទប់​តូចៗ​របស់​ពួកគេ​។ 
 
​ក្នុងការ​ស្លៀកពាក់ ពួកគេ​ប្រើប្រាស់​សម្លៀកបំពាក់​ណា​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន និង​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ទាំ​ង​នោះ​រៀងរាល់​រយៈពេល​បី​ថ្ងៃ​ម្តង​។ ពួកគេ​គ្មាន​ម៉ាស៊ីន​បោកគក់ ឬ​បន្ទប់ទឹក​ងូតទឹក​នោះទេ​។ ហេតុដូចនេះ អវកាសយានិក​ត្រូវ​ជូត​សម្អាតខ្លួន​របស់​ពួកគេ​ជាមួយនឹង​កន្សែង​អនាម័យ​។ ក្នុងការ​កោរ​ពុក​ម៉ាត់ និង​កាត់សក់ ពួកគេ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីនបូមខ្យល់​នៅក្បែ​ខ្លួន​ជានិច្ច​ដើម្បី​ជៀសវាង​រោម​សក់​ទាំងនោះ​ធ្វើដំណើរ​ទៅ​ពេញ​ស្ថានីយ​។ 
 
​ការបរិភោគ​អាហារ​មាន​ចំនួន​បី​ដង​ជាធម្មតា​ក្នុង​មួយថ្ងៃ​។ ក្នុងការ​ពិសារ​អាហារ​ដែលជា​លក្ខ​ណៈ​ជា​អង្គធាតុ​រាវ ឬ​ស៊ុប អវកាសយានិក​អាច​ហូប​វា​ចេញពី​កញ្ចប់​ប្លា​ស្ទិ​ក ជាមួយនឹង​ទុយ​យោ​បឺត​។ ចំពោះ​អាហារ​រឹង គេ​អាច​ប្រើប្រាស់​ស្លាបព្រា និង​កាំបិត​ជាមួយនឹង​ការប្រុងប្រយ័ត្ន​មិន​ឲ្យ​កំទិច​អាហារ​ទាំងនោះ​អណ្តែត​ទៅ​ក្រៅ​។ ដោយសារតែ​ពួកគេ​នៅក្នុង​លំហ លទ្ធភាព​ក្នុងការ​ភ្លក់​រសជាតិ​ត្រូវបាន​កាត់បន្ថយ​។ ដូចនេះ ភាគច្រើន​អាហារ​ហិ​រ​គឺជា​អ្វីដែល​អវកាសយានិក​ចូលចិត្ត​។ 
 
​ក្រោយពី​ការទទួល​ទាន​អាហារ អវកាសយានិក​អាច​ចូលទៅ​ធ្វើការ​ពិសោធន៍​ផ្សេងៗ​របស់ខ្លួន​ដែល​ត្រូវបាន​កំណត់ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅលើ​ភពផែនដី និង​ការត្រួត​ពិនិត្យមើល​ផ្នែក​នានា​នៃ​ស្ថានីយ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​អាយុជីវិត​របស់​អ្នករស់នៅ​លើ​ទីនោះ​។ អវកាសយានិក​និ​មួយៗ​ត្រូវការ​អុកស៊ីសែន​រហូត​ទៅដល់​៩០០​ក្រាម និង​ទឹក​ចំនួន​ជិត​៣​លីត្រ​ជា​រៀងរាល់ថ្ងៃ​។ ហេតុដូចនេះ ទឹកនោម និង​ខ្យល់​ដែល​ចេញពី​ដង្ហើម​ត្រូវ​បានគេច​ម្រោះ​ឡើង​ក្នុងការ​ប្រើប្រាស់​សារជាថ្មី​។ 
 
​ចំពោះ​កាកសំណល់​រឹង គេ​ស្តុក​វា​ទុក​សម្រាប់​ការបញ្ចេញចោល​លើក​ក្រោយ​។ បន្ទប់ទឹក​នៅលើ​នោះ​មិន​ប្រើប្រាស់​ទឹក​នោះឡើយ​។ ដោយឡែក គេ​ប្រើប្រាស់​បំពង់​បឺត ដែល​ផលិត​ខ្យល់​បឺត​ខ្លាំង​ដើម្បី​ទាញ​កាកសំណល់​។ ការហាត់​ប្រាណ​ក៏ត្រូវ​បាន​គេ​អនុវត្ត​ជាប្រចាំ​ផងដែរ ដើម្បី​រក្សា​ដង់ស៊ីតេ​ឆ្អឹង ឬ​សុខភាព​សាច់ដុំ​ឲ្យ​នៅបាន​ប្រសើរ​។ 
 
​នៅពេល​ទំនេរ អវកាសយានិក​អាច​ប្រើប្រាស់​ប្រព័ន្ធ​អិន​ធើ​ណែ​ត ទាក់ទង​ទៅ​គ្រួសារ ទស្សនា​ខ្សែភាពយន្ត​ផ្សេងៗ​ជាដើម​។ ទិដ្ឋភាព​ដែល​សំខាន់​ជាងគេ​របស់​ពួកគេ​គឺ​ការ​ពិនិត្យមើល​ភពផែនដី ពីលើ​លំហ​ប្រមាណ​ជាជាង​៥០០​គីឡូម៉ែត្រ​ពី​កម្ពស់​ទឹកសមុទ្រ​៕

© រក្សាសិទ្ធិដោយ thmeythmey.com