COVID-19
អន្តរជាតិ
អ៊ីតាលី ប្រកាស​ជ័យជម្នះ​លើ COVID-19 នៅ​តំបន់​ភាគ​ត្បូង​ប្រទេស​
18, Apr 2020 , 12:59 pm        
រូបភាព
​មន្ត្រី​សុខាភិបាល​អ៊ីតាលី នៅ​ថ្ងៃទី​១៧ ខែមេសា បានប្រកាស​ពី​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​ភាគខាងត្បូង​ប្រទេស ជាទី​ដែល​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ យ៉ាងណាមិញ ការប្រយុទ្ធ​នឹង COVID-19 នៅ​ភាគ​ជើង​ប្រទេស នៅតែ​ខ្លាំងក្លា បើទោះជា​ចំនួន​ករណី​ឆ្លង​ធ្លា​ក់មក​ត្រឹម​ខ្ទង់រយ​ក្នុង​មួយថ្ងៃៗ​ក្រោយ​ការអនុវត្ត​វិធាន​ការបិទ​ប្រទេស​ជាច្រើន​សប្ដាហ៍​មកនេះ​។​

 
​កាលពី​៦​សប្ដាហ៍​មុន លោក Conte ដែល​ប្រកា​សបិទ​ប្រទេស​នេះ ព្រមាន​ថា សមត្ថភាព​របស់​អ៊ីតាលី​ដើម្បី​ក្នុងការ​កម្ចាត់​វីរុស​ប្រភេទ​ថ្មី​នេះ គឺ​អាស្រ័យ​លើ​ការទប់ស្កាត់ COVID-19 កុំ​ឲ្យ​រាលដាល​ពី​តំបន់​ភាគ​ខាងជើង​ដែល​សម្បូរ​ធនធាន និង​ប្រព័ន្ធ​សុខាភិបាល​ជឿនលឿន​ទៅកាន់​ភាគខាងត្បូង​ដែល​ក្រីក្រ​។ ចំណាត់​ការបិទ​ប្រទេស​របស់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Giuseppe Conte ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 កំពុង​ហុច​ផល​គាប់ប្រសើរ​សម្រាប់​អ៊ីតាលី​។ 
 
​ករណី​ឆ្លង​នៅក្រៅ​ភាគ​ខាងជើង បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​មិន​ធ្លាប់មាន​តាំងពី​ការផ្ទុះ COVID-19 នៅ​អ៊ីតាលី​។ លោក Franco Locatelli ប្រធាន​ក្រុមប្រឹក្សា​សុខាភិបាល​អ៊ីតាលី ប្រាប់​អ្នកសារព័ត៌មាន​ថា អ៊ីតាលី បាន​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​នៅ​ភាគខាងត្បូង ដែល​នេះ​ជា​ជោគជ័យ​ដែល​ត្រូវបាន​រំពឹងទុក​យូរ​មកហើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​នេះ​ជាការ​ពិត​ដែលមាន​តួលេខ​អាច​បញ្ជាក់បាន​។​» លោក Locatelli និយាយ​បែបនេះ​ដោយ​សំដៅ​ដល់​ការធ្លាក់ចុះ​ករណី​ឆ្លង​នៅ​ភាគខាងត្បូង​។ ចំនួន​អ្នកជំងឺ​ដែល​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ បាន​កើនឡើង​ក្នុង​ទំហំ​ខ្ទង់រយ​នាក់​ប៉ុណ្ណោះ ដែល​នេះ​បាន​ថយ​ខ្លាំង បើ​ប្រៀបធៀប​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មុន​ដែលមាន​ចំនួន​ពាន់​នាក់​ក្នុង​មួយថ្ងៃៗ​។ ខណៈ​តួលេខ​អ្នក​ឆ្លង​ថ្មី​នៅ​ទូទាំងប្រទេស​មាន​ប្រហែល​មួយ​ពាន់​នាក់ ករណី​ឆ្លង​នៅ​ភាគខាងត្បូង​មាន​ត្រឹម​១១​នាក់​នៅ​ថ្ងៃទី​១៧ ខែមេសា​។​
 
​ជាមួយនឹង​ស្ថានភាព​ល្អប្រសើរ​នេះ លោក Conte ទំនងជា​ពិចារណា​លើ​វិធាន​ការបិទ​ប្រទេស​ដែល​នឹង​ចប់​នៅ​ដើមខែ​ឧសភា​។ លទ្ធភាព​ដែល​ការ​វិធានការ​នេះ​ត្រូវ​បញ្ចប់​មាន​ច្រើន បើ​ស្ថានការណ៍​បន្ត​ធូរស្រាល​ខ្លាំង​ទៀត​នោះ​។ 
 
​មេដឹកនាំ​នៅ​ភាគ​ខាងជើង​ដែល​នៅតែ​រងគ្រោះ​ខ្លាំង​ដោយសារ COVID-19 ចង់​ឲ្យ​លោក Conte បើក​ប្រទេស​វិញ​ដោយ​បញ្ចូល​ភាគ​ខាងជើង​មាន​ទីក្រុង Milan ជាដើម ព្រោះ​ទីនោះ​ជាទី​តាំង​ប្រមូលផ្ដុំ​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង​។ ការបិទ​ប្រទេស​កន្លងមក ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៅ​ភាគ​ខាងជើង ជួប​បញ្ហា​ខ្លាំង​រហូត​មាន​ការបិទ​រោងចក្រ​ជាច្រើន ហើយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ក៏​កើនឡើង​ដែរ​។​
 
​យ៉ាងណាមិញ ខេត្ត​នៅ​ភាគខាងត្បូង​បារម្ភ​ថា ការបើក​ប្រទេស​វិញ​នេះ អាចធ្វើ​ឲ្យ​តំបន់​ពួកគេ​រងគ្រោះ​ជាថ្មី ពិសេស​ការនាំ​ចូល​វីរុស​ពី​ភាគ​ខាងជើង​ដែល​មិនទាន់​ធូរស្បើយ​ទាំងស្រុង​។ លោក Vincenzo De Luca អភិបាលខេត្ត Campania នៅ​តំបន់ Naples ព្រមាន​ថា លោក​អាច​បិទ​ព្រំដែន​មិន​ទទួល​អ្នកដំណើរ​ពី​ខាងជើង​ប្រទេស នៅពេល​ការបិទ​ប្រទេស​ត្រូវ​លើក​នោះ​៕
 
 

Tag:
 អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com