ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី កុត រ៉េន កំពុងប្រមូលផលបន្លែ និងផ្លែឈើដែលដាំជុំវិញផ្ទះ
× សៀមរាប៖ កសិករ អ្នកស្រី កុត រ៉េន កំពុងរីករាយជាមួយនឹងការប្រមូលផលបន្លែ និងផ្លែឈើដែលអ្នកស្រីបានដាំជុំវិញផ្ទះ។ បន្លែដែលអ្នកស្រី រ៉េន ដាំរួមមាន ល្ពៅ ស្ពៃ ជីគ្រប់មុខ ម្ទេស ស្លឹកគ្រៃ ស្លឹកខ្ទឹម ត្រាប់ រមៀត ឃ្លោក ។ល។ រីឯជុំវិញផ្ទះអ្នកស្រី រ៉េន សម្បូរដោយដើមស្វាយច្រើនប្រភេទ។
មានវ័យ៥៧ឆ្នាំ អ្នកស្រី រ៉េន ប្រើប្រាស់ដីលិចទឹកក្រោយផ្ទះនារដូវវស្សា សម្រាប់ដាំដំណាំរួមផ្សំផ្សេងៗក្នុងរដូវខ្សត់ភ្លៀង។ ដំណាំទាំងនោះបានផ្តល់ផលច្រើន ហើយដំណាំភាគច្រើនត្រូវប៉ាន់សម្រាប់ទីផ្សារ ដូចជាត្រួយល្ពៅ ជីគ្រប់មុខ និងស្ពៃជាដើម ដែលឈ្មួញតែងមកទិញដល់ផ្ទះ។ មួយថ្ងៃៗ អ្នកស្រី រ៉េន មិនបានទៅណាទេ គឺរវល់នៅតែក្រោយផ្ទះ រៀបចំសួនបន្លែ និងថែទាំផលដំណាំទាំងនោះដោយយកចិត្តទុកដាក់។
កសិករនៅភូមិត្រាចជ្រំ សង្កាត់អំពិល ស្រុកប្រាសាទបាគង អ្នកស្រី រ៉េន ប្រាប់ថាបានចាប់ផ្តើមដាំបន្លែក្រោយផ្ទះប្រមាណ២០ឆ្នាំមកហើយ គឺតែងធ្វើនារដូវច្រូតកាត់រួច។ មុនៗកសិកររូបនេះមានរបរចិញ្ចឹមសត្វគោក្របី តែនៅពេលខ្លួនកាន់តែចាស់ ខ្សត់កម្លាំង ក៏ងាកមកដាំបន្លែនេះវិញ។
ចំណែកបច្ចេកទេសដាំ អ្នកស្រី រ៉េន បានរៀនពីអង្គការកសិកម្ម អាហ្គ្រីស៊ូត។ អ្នកស្រីប្រើជីធម្មជាតិសម្រាប់ដាក់ដាំផ្សេងៗ មានជីអាចម៍គោ ជីអាចម៍មាន់។ ក្រៅពីបន្លែ អ្នកស្រី រ៉េន មានដើមស្វាយច្រើនដើម និងច្រើនប្រភេទជុំវិញផ្ទះ និងតាមដីដំបូកតាមវាលស្រែច្រើនដើមទៀត។ ស្វាយដែលអ្នកស្រីដាំ មានស្វាយកែវចិន ស្វាយភូមិសែន។ល។ ដែលកសិកររូបនេះបេះលក់ជារៀងរាល់ថ្ងៃ។ កសិកររូបនេះមិនអាចប៉ាន់ប្រមាណចំណូលពីការដាំបន្លែ និងផ្លែឈើបានច្បាស់លាស់ទេ ដោយគ្រាន់តែប្រាប់ថា ថវិកាទាំងនោះបានគ្រប់គ្រាន់សមល្មមសម្រាប់ចាយវាយក្នុងគ្រួសារ៕
Tag:
កសិកម្ម
កសិកម្មលក្ខណៈគ្រួសារ
© រក្សាសិទ្ធិដោយ thmeythmey.com