ពីនេះ ពីនោះ
​កូ​វីដ​-១៩៖ ឈឺក្បាល​រឿង​«​ទារលុយ​»​គេ​ជំពាក់​មិនទាន់បាន​!
18, Apr 2020 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
វិបត្តិ​សុខភាព កូ​វីដ​១៩ បានធ្វើ​ឲ្យ​ជំនួញ​មួយចំនួនធំ​បិទទ្វារ បុគ្គលិក​ជាច្រើន​នាក់​គ្មាន​ការងារ​ធ្វើ គ្មាន​ប្រាក់ចំណូល​។​ល​។ ប៉ុន្តែ រឿង​មួយទៀត​ដែល​កំពុង​ប្រឈម​ដែរនោះ គឺ​ការ​ជំពាក់​លុយ​គ្នា​ទៅវិញទៅមក​នៅក្នុង​ជំនួញ ឬ​ជាការ​ជំពាក់​ខ្ចី​គ្នា​ក្នុងន័យ​ជួយ​គ្នា​ទៅវិញទៅមក​។ សុធីរ និង​សំណាង បានលឺ​គេ​ជជែក​គ្នាច្រើន​ណាស់​ជុំវិញ​រឿង​បំណុល​នេះ​នៅក្នុង​បរិបទ​កូ​វីដ​១៩​។

 
សុធីរ​៖ អា សំណាង​! តើ​អ្ហែង​មាន​គេ​ជំពាក់​លុយ​អត់​សង​ដែរឬទេ​ឥឡូវនេះ​? 

​សំណាង​៖ អានេះ សួរ​អញ​ដូចជា​ឌឺ​អញ​ពេក​ហើយ​។ អញ​ឯណា​មាន​លុយ​ឲ្យ​គេ​ខ្ចី​អ្ហា​! មានតែ​អញ​ខ្ចី​គេ​អ្ហា​។  
 
សុធីរ​៖ អើ​អញ​សួរ​អ្ហែង​លេង​តើ​! អញ​លឺ​គេ​និយាយ​គ្នា​រឿង​បំណុល​ហ្នឹង​ច្រើន​ណាស់ណា៎​។ អ្ហែង​មាន​លឺ​ដូច​អញ​អត់​?  
 
​សំណាង​៖ អញ​លឺ​គេ​រអ៊ូ​រាល់ថ្ងៃ​ហ្នឹង​តាំងពី​មេរោគ​កូ​វីដ​១៩​រាតត្បាត​មក​។ រឿង​បំណុល​នេះ​មាន​ពីរ​ផ្នែក​។ ផ្នែក​ទី​១ គឺ​ក្រុម​បុគ្គល​ជំពាក់​ធនាគារ ឬ​ជំពាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ រីឯ​ផ្នែក​ទី​២ គឺ​អ្នកជំនួញ​ជំពាក់​អ្នកជំនួញ​ទៅវិញទៅមក ព្រោះ​គេ​រកស៊ី​ជាមួយគ្នា ឬ​គេ​ទិញ​ហើយ​មិនបាន​ទូទាត់​លុយ​។ អ្នកខ្លះ ជំពាក់​មាន​ឯកសារ អ្នកខ្លះ​ក៏​អត់​ឯកសារ ព្រោះ ពួកគេ​ទុកចិត្ត​គ្នា​ដោយ​គេ​រកស៊ី​ជាមួយគ្នា​យូរយា​រមកហើយ​។ ដល់ពេល​កូ​វីដ​១៩​ចូលមក កូនបំណុល​ខ្លះ ក៏​សង​ម្ចាស់បំណុល តែ​កូនបំណុល​ខ្លះទៀត​ធ្វើ​មិនដឹងមិនលឺ​។​ល​។ 
 
​សុធីរ​៖ អ៊ីចឹង ម្ចាស់បំណុល​មិន​វីវរ​ទៅហើយ​? 
 
​សំណាង​៖ ម្ចាស់បំណុល​ខ្លះ សឹងតែ​ក្អួត​ឈាម​ហើយ ព្រោះ ទៅ​ទារលុយ​ពី​គេ គេ​ច្រើន​និយាយថា អត់លុយ សេដ្ឋកិច្ច​គាំង លក់​អត់​ដាច់ ម្ចាស់​មិន​នៅ អ្នក​ជំពាក់​ក៏មិនទាន់​សង​។​ល​។  
 
សុធីរ​៖ តើ​អាចមាន​កូនបំណុល​ខ្លះ មាន​លុយ​ដែរ តែ​មិន​ចង់​សង​គេ​ឬទេ​? 
 
​សំណាង​៖ អើ វា​ចេះតែមាន​ហើយ​។ អ្នកខ្លះ យក​លេស​បញ្ហា​កូ​រ៉ូ​ណា មិន​ចង់​សង​គេ​តែម្តង​។ មាន​មនុស្ស​ជំពូក​នេះ​ច្រើន​ដែរ​តើ​! 
 
​សុធីរ​៖ តែ​ក៏មានដែរ អ្នក​ដែល​ទាល់​លុយ​មែនទែន មិន​ថា​អ៊ីចឹង​? 
 
​សំណាង​៖ អើ​វា​មាន​ហើយ​អ្នក​ទាល់​លុយ​។ អ្នកខ្លះ គ្មានអ្វី​បង្វិល​មែន​ណា៎​! ជួនកាល​
​អ្ហែង​ឃើញ​អ្នករក​ស៊ីធំៗ មានមុខ​មាន​មាត់​អ៊ីចឹង​មែន តែ​ឲ្យ​រកលុយ​សុទ្ធ​សម្រាប់​ចំណាយ​ចរន្ត គឺ​ពិបាក​! 
 
​សុធីរ​៖ ចុះ​អា​រឿង​ជំពាក់​ហ្នឹង​ដោះស្រាយ​ម៉េច​ទៅ​បើ​គេ​អត់​សង ឬ​មិនទាន់​សង​? 
 
​សំណាង​៖ បើ​មាន​ឯកសារ​ត្រឹមត្រូវ​មិន​អី​ទេ គេ​អាច​បន្ត​ទារ​បាន ឬ​អាច​ប្តឹង​បាន​។ ប៉ុន្តែ ទាក់ទង​នឹង​បំណុល​អត់​ឯកសារ គឺ​ពិបាក​បន្តិច​។ អ្នកខ្លះ ខូច​មិន​ចង់​សង​គេ​ទេ​។ នៅ​ស្រុក​ខ្មែរ ដូច​ឯង​ដឹង​អ៊ីចឹង អ្នករកស៊ី​មួយចំនួនធំ​អនុញ្ញាត​ឲ្យ​ជំពាក់​គ្នា​ទៅវិញទៅមក​ដោយ​គ្មាន​ឯកសារ​អ្វី​ឡើយ ព្រោះ ពួកគេ​ទុកចិត្ត​ស​ម្តី​គ្នា​ជាង​ឯកសារ​ទៅទៀត​។ ដូច្នេះ បើ​មាន​អ្នក​ខូច​មិន​ចង់​សង​ពេល​កូ​រ៉ូ​ណា​នេះ មនុស្ស​ខូច​នោះ មិនអាច​រកស៊ី​ជាមួយ​គេ​បាន​ទៀតឡើយ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com