ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្នកនឹង​ជួប​បញ្ហា​អ្វី ប្រសិនបើ​ទទួលទាន​ទឹក​ត្រឹមតែ ១ កែវ​ក្នុង​មួយថ្ងៃ​?
18, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​ណែនាំ​ឱ្យ​អ្នក​ទទួលទាន​ទាន​ទឹក​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​។​ដូច្នេះ​ថា​តើ​នឹងមាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ត្រឹមតែ ១ កែវ​ក្នុង​មួយថ្ងៃ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​បញ្ហា​ដែល​អាច​នឹង​កើតឡើង​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃៗ ៖

 
១. បេះដូង​លោត​ញាប់​ខុស​ប្រក្រតី​
 
​មួយ​ក្នុងចំណោម​មូលហេតុ​ដទៃទៀត​ដែល​អ្នក​គួរ​ទទួលទាន​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ គឺ​ដើម្បី​រក្សា​បរិមាណ​ឈាម​ត្រឹមត្រូវ​។ ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ត្រឹមតែ ១ កែវ​ក្នុង​មួយថ្ងៃ បរិមាណ​ឈាម​របស់​អ្នក​អាច​នឹង​ថយចុះ​។ នេះ​ក៏​ជា​កត្តា​ដែល​ធ្វើឱ្យ​អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​ចង្វាក់បេះដូង​លោត​ញាប់​ដោយ​បេះដូង​ត្រូវ​ខំធ្វើការ​កាន់តែខ្លាំង​ដើម្បី​ប្រាកដថា​រាល់​ជាលិកា​និង​សរីរាង្គ​ក្នុង​រាងកាយ​នៅតែ​ទទួលបាន​អុកស៊ីសែន​។​
 
២. សម្ពាធ​ឈាម​ចុះ​ទាប​ពេក​
 
​មូលហេតុ​ផ្សេងទៀត​ដែល​បណ្ដាលឱ្យ​បេះដូង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ខំធ្វើការ​កាន់តែខ្លាំង​ជាង​ធម្មតា​នោះ​គឺ​ដោយសារ​សម្ពាធ​ឈាម​របស់​អ្នក​អាច​ចុះ​ទាប​ពេក ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ត្រឹមតែ ១ កែវ​ក្នុង​មួយថ្ងៃ​។ ពិតណាស់​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​មិនល្អ ប៉ុន្តែ​ប្រសិនបើ​ចុះ​ទាប​ពេក​ក៏​គ្រោះថ្នាក់​ដែរ​។​
 
៣. ឈឺក្បាល​
 
​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ត្រឹមតែ ១ កែវ​ក្នុង​មួយថ្ងៃ ចូរ​ត្រៀមខ្លួន​ប្រឈមមុខ​នឹង​អា​ការៈឈឺ​ក្បាល​ខ្លាំង​ឱ្យ​ហើយ​ទៅ​។ យោងតាម​វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យដឹងថា​ការទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​អាច​បង្ក​អាកា​រៈ​ឈឺក្បាល​ដោយសារ​ការរួម​តូច​ជា​បណ្ដោះអាសន្ន​នៃ​ខួរក្បាល​។​
 
៤. ពិបាក​ផ្ចង់ ឬ​ផ្ដោតអារម្មណ៍​
 
​នេះ​ក៏​ព្រោះតែ​ខួរក្បាល​ខ្វះ​ជាតិ​ទឹក​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។​
 
៥. រមួល​សាច់ដុំ​
 
​រាល់​សាច់ដុំ​ទាំងអស់​ត្រូវការ​ទឹកជា​ចាំបាច់​ដើម្បី​ដំណើរការ​មុខងារ​ល្អប្រសើរ​។ ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ត្រឹមតែ ១ កែវ​ក្នុង​មួយថ្ងៃ​នោះ​បញ្ហា​រមួល​សាច់ដុំ គឺ​ងាយ​នឹង​កើតឡើង​ណាស់​។​
 
៦. ទឹកនោម​មាន​ពណ៌​ដិត​ខ្លាំង​
 
​ធម្មតា​ទឹកនោម​មាន​ពណ៌​លឿង​ស្រាល ប៉ុន្តែ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ត្រឹមតែ ១ កែវ​ក្នុង​មួយថ្ងៃ​នោះ​វា​ប្រាកដ​ណាស់​ដែល​ទឹកនោម​នឹង​ប្រែជា​មាន​ពណ៌​ដិត​ខ្លាំង​ជា​លទ្ធផល​នៃ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​៕
 
៧. ទល់លាមក​
 
​ផលប៉ះពាល់​ទូទៅ​បំផុត​នៃ​ការ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​នោះ គឺ​ទល់លាមក​។ កំឡុងពេល​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ ពោះវៀន​នឹង​ជួយផ្ដល់​ជាតិ​ទឹក​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ដើម្បី​អាច​ដំណើរការ​មុខងារ​ប្រក្រតី​។ ហើយ​ខណៈនោះ​កាកសំណល់​នឹងធ្វើ​ចលនា​កាន់តែ​យឺត​ឆ្លងកាត់​ពោះវៀន​នៅពេល​គ្មាន​ទឹក ឬ​មិន​រំកិល​តែម្ដង​។ ជាពិសេស​អាកា​រៈ​ទល់លាមក​នឹង​កើតឡើង​តែម្ដង ប្រសិនបើ​របប​អាហារ​របស់​អ្នក​គ្មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ ហើយ​អ្នក​ចំណាយពេល​អង្គុយ​យូរៗ​ថែមទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com