ពីនេះ ពីនោះ
ត្រីព្រាមលឿង អាចរស់នៅក្នុងទឹកភ្លាវក៏បាន ទឹកសាបក៏បាន ត្រីព្រាមស។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល
× ត្រីព្រាមលឿង មានរូបរាងស្ទើរតែដូចគ្នាបេះបិតទៅនឹងត្រីព្រាមស ខុសគ្នាតែពណ៌សម្បុរប៉ុណ្ណោះ ព្រមទាំងមានដើមកំណើតក្នុងតំបន់ទឹកភ្លាវ (ទឹកសមុទ្រលាយទឹកសាប) នាតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម ហើយចូលមករស់នៅក្នុងប្រព័ន្ធទន្លេមេគង្គ ទន្លេបាសាក់ និងបឹងទន្លេសាប ដូចគ្នា។
មានសម្បុរលឿងដូចឈ្មោះ ត្រីព្រាមលឿង មានឈ្មោះវិទ្យាសាស្ត្រ (Polynemus melanochir) និងឈ្មោះជាភាសាអង់គ្លេស Blackhand paradise fish។ ទោះបីមានរូបរាងស្រដៀងគ្នានឹងត្រីព្រាមសដែរ តែត្រីព្រាមលឿង មានស្តង់ដាប្រវែងដងខ្លួន ២៥ ស.ម វែងជាងត្រីព្រាមសជិតពាក់កណ្តាល។ នៅលើដងខ្លួនទាំងមូលរបស់វា ពាសទៅដោយពណ៌លឿងលាយពណ៌មាស មានទ្រនុងព្រុយទ្រូងតូចឆ្មារចំនួន ៧សរសៃវែងៗ ដូចពុកមាត់ឆ្មា ដែលងាយឲ្យយើងចំណាំបាន និងព្រុយទ្រូងធំមួយមានពណ៌ខ្មៅនៅខាងចុង។ ជាធម្មតា ព្រុយទ្រូងរបស់ត្រី មានមុខងារសម្រាប់ធ្វើឲ្យដងខ្លួនមានតុល្យភាព មានលំនឹង និងជាហ្វ្រាំងទប់ខ្លួនផងដែរ។ ត្រីព្រាមលឿង វាស៊ីពពួកសត្វមានសម្បកតូចៗ ដូចជា ក្តាម កំពឹស បង្គា និងព្រោនជាដើម ជាអាហារ។
នាពេលបច្ចុប្បន្ននេះ កត្តាគំរាមកំហែងចំពោះពួកវាមានដូចជា៖ ការបំពុលបរិស្ថាន និង ការនេសាទហួសកម្រិត គឺជាបញ្ហាប្រឈមយ៉ាងខ្លាំងចំពោះពួកវា។
ដកស្រង់ចេញពីប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org
© រក្សាសិទ្ធិដោយ thmeythmey.com