ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប្រាក់ ប៉ូ ជឿថា​ការធ្វើ​ពិធី​«​សែន​ជូន​ដូនតា​ទៅ​ស្រុក​វិញ​»​នាំឱ្យ​គ្រួសារ​សុខ​ចម្រើន​
18, Apr 2020 , 9:59 pm        
រូបភាព
​កណ្ដាល​៖«​សែន​ជូន​ដូនតា​ត្រឡប់​ទៅ​ស្រុក​វិញ​» នាឱកាស​ឆ្លង​ឆ្នាំ​ថ្មី​នេះ គឺជា​ពិធី​ដែល​គ្រួសារ​របស់លោក ប្រាក់ ប៉ូ វ័យ​វ័យ​៧៥​ឆ្នាំ ធ្វើ​បន្ត​ពី​ជីដូន​ជីតា​ច្រើន​ជំនាន់​មកហើយ​។ ថ្វីបើ​នេះ​គ្រាន់តែ​ជា​ជំនឿ​ក្នុង​គ្រួសារ​ក៏ពិតមែន ប៉ុន្តែ​លោក ប្រាក់ ប៉ូ ជឿថា​ការធ្វើ​ពិធី​«​សែន​ជូន​ដូនតា​ត្រឡប់​ទៅ​ស្រុក​វិញ​» បាន​ជួយ​ឱ្យ​គ្រួសារ​លោក​មាន​សេចក្ដីសុខ និង​មិនមាន​គ្រោះ​ចង្រៃ​បៀតបៀន​។


 
​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ បន្ទាប់ពី​លោក​រៀបចំ​ពិធីសែនព្រេន​នៅ​ល្ងាច​ថ្ងៃ​ឆ្លង​ឆ្នាំ​ប្រពៃណីជាតិ លោក ប្រាក់ ប៉ូ ដែលមាន​កូន​៧​នាក់ ពន្យល់ថា ពិធី​សែន​នេះ​មិនមាន​នៅក្នុង​ក្បួន​គម្ពីរ​ណាមួយ​ឡើយ គឺ​គ្រួសារ​របស់លោក​ប្រារព្ធ​ត​ពី​ដូនតា​រៀងមក​។ ដោយ​សង្កេតឃើញថា គ្រួសារ​ចេះតែ​ជួប​សេចក្ដីសុខ​ចម្រើន លោក ប្រាក់ ប៉ូ យល់ថា​ពិធី​«​សែន​ជូន​ដូនតា​ត្រឡប់​ទៅ​ស្រុក​វិញ​» ក៏មាន​ចំណែក​ជួយ​ដែរ​។​
 
​ដើម្បី​ជ្រាប​ច្បាស់ ពី​ការយល់ឃើញ​របស់លោក ប្រាក់ ប៉ូ ចំពោះ​ការរៀបចំ​ពិធី​«​សែន​ជូន​ដូនតា​ត្រឡប់​ទៅ​ស្រុក​វិញ​» សូម​លោក​អ្នកនាង ទស្សនា​បទ​សម្ភាស​ខាងក្រោម​ដោយ​ក្ដី​រីករាយ​៖


 
 
​គ្រឿង​រណ្ដាប់​សម្រាប់​សែន មាន​បែង​ចែកជា​៤​ផែន​។ ផែនទី​១ តំណាងឱ្យ​ក្បាល មាន​ម្លូ​ស្លា​បារី​និង​ថ្នាំ​ចុក​រៀប​ជា​គូ ដែល​ដាក់​នៅលើ​ខ្នើយកើយ​។ ផែនទី​២ តំណាងឱ្យ​ក មាន​ទៀន និង​ធូប​ដែល​អុជ​ឱ្យមាន​ពន្លឺ​។ ផែនទី​៣ តំណាងឱ្យ​តួខ្លួន មាន​ទឹកតែ ទឹក​ត្រជាក់ និង​អាការសាហាវ ព្រមទាំង​មាន​បាយ​ម្ហូប​នំចំណី​ដែល​រៀប​ជា​គូៗ​។ ផែនទី​៤ តំណាង​ឱ្យជើង គឺ​សម្រាប់​ដាក់​ទូក​ដែល​ធ្វើ​ពី​ស្រទបចេក​។​
 
​ផែនទី​៤​នេះ គឺជា​ផែន​ដែល​សំខាន់​ជាងគេ​បំផុត នៅក្នុង​ពិធី​«​សែន​ជូន​ដូនតា​ត្រឡប់​ទៅ​ស្រុក​វិញ​”»​នេះ​។ នៅក្នុង​ទូក ដែលមាន​ច្រវា​២​នោះ មាន​ដាក់​ស្បៀង​រយៈពេល​យូរ ដូចជា អង្ករ ស្រូវ ពោត សណ្ដែក ប្រហុក អំបិល ស្ករ រួមទាំង​ប្រាក់​ជាដើម ទុក​រួចជាស្រេច​។​
 
​ក្រោយពី​មេ​គ្រួ​សារបាន​អំពាវនាវ​ហៅ ដូនតា និង​ញាតិសណ្ដាន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ ឱ្យមក​សេពសោយ​គ្រឿង​សំណែន គម្រប់​៣​ដង​ហើយ កូនចៅ​ទាំងឡាយ​ប្រញាប់​រូតរះ​រំលែក​អាហារ​ពី​ក្នុង​ចាន​ទាំងនោះ ដាក់ចូល​ក្នុង​ទូក​ខ្លះ និង​ទុក​ក្នុង​ចាន​ខ្លះ​។​
 
​កូនប្រុស​ក្នុង​គ្រួសារ ត្រូវមាន​ភារកិច្ច​យក​ទូក​នោះ ទៅ​បណ្ដែត​ក្នុង​ទឹកទន្លេ ដោយ​ប្រញាប់ប្រញាល់ ចុះពីលើផ្ទះ​ឱ្យបាន​លឿន​បំផុត​។ ឪពុក ឬ​មេ​គ្រួសារ ត្រូវ​បាចអង្ករ​ពីក្រោយ​អ្នកយក​ទូក​ចុះ​យ៉ាង​លឿន ឱ្យបាន​គ្រប់​៣​ដង និង​មាន​ពាក្យ​ជូន​ដំណើរ​ស្របពេលនោះ​ផង​។ សមាជិកគ្រួសារ​ម្នាក់ទៀត ត្រូវ​ប្រញាប់​លើក​រលាស់កន្ទេល​ដែល​ក្រាល​សែន​នោះ ឱ្យទាន់​ដំណើរ​ចុះទូក​ផងដែរ​។​
 
​ចំណែក​បាយ​ដែល​នៅសល់​ក្នុង​ចាន ក្រោយពី​សែន​រួច​នោះ កូនចៅ​ទាំងអស់ ត្រូវ​ទទួលទាន ព្រោះតែ​គេ​ជឿថា នឹងមាន​សុខភាព​ល្អ គ្មាន​រោគ​បៀតបៀន​បាន​៕
 

Tag:
 ចូលឆ្នាំ​
  សែន​
  ពិធី​
  ជំនឿ​
  ទំនៀមទម្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com