វិថីសុវត្ថិភាពសម្តេចសង្ឃ ទេព វង្ស តម្លៃជាង៧៦លានដុលា្លរ នៅព្រះសីហនុ នឹងដំណើរការក្នុងឆ្នាំ២០២២
ជាតិ
សង្គមជាតិ
វិថីសុវត្ថិភាពសម្តេចសង្ឃ ទេព វង្ស តម្លៃជាង៧៦លានដុលា្លរ នៅព្រះសីហនុ នឹងដំណើរការក្នុងឆ្នាំ២០២២
18, Apr 2020 , 6:09 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យផែនទីនៃផ្លូវជាតិលេខ១៤៦បេ នៅព្រះសីហនុ (រូបពីក្រសួងសាធារណការ)
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យផែនទីនៃផ្លូវជាតិលេខ១៤៦បេ នៅព្រះសីហនុ (រូបពីក្រសួងសាធារណការ)
ភ្នំពេញ៖ ផ្លូវជាតិលេខ១៤៦បេ ឬ វិថីសុវត្ថិភាពសម្ដេចសង្ឃរាជទេពវង្ស ជាផ្លូវថ្មីដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ចាប់ផ្តើមសាងសង់ ដែលគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២២។  ផ្លូវជាតិនេះ សាងសង់ដោយក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់ជាង៧៦លានដុល្លារ (ថវិការដ្ឋ)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។



លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានបញ្ជាក់ថា កំណាត់ផ្លូវខេត្តលេខ១៤៦បេ មានប្រវែងជាង៤៣គីឡូម៉ែត្រ ដោយគិតចាប់ពីបំបែកផ្លូវជាតិលេ៤ ត្រង់គីឡូម៉ែត្រលេខ១៧៨+១៦៥ ក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ។ ផ្លូវនេះគឺជាប្រភេទផ្លូវបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ ប្រវែងជាង២០គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែកកម្រាស់២៦សង់ទីម៉ែត្រ ប្រវែងជាង២២គីឡូម៉ែត្រ។

លោករដ្ឋមន្រ្តី បន្តថា ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ដល់ការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់ប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរនានារបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុតែម្តង ជា ពិសេសផ្លូវនេះ នឹងចូលរួមចំណែកយ៉ាងច្រើន ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ ដូចជាកុងតឺន័រ ជាដើម៕


រូបពីក្រសួងសាធារណការ


Tag:
 វិថីសុវត្ថិភាពសម្តេចសង្ឃ ទេព ​វង្ស
© រក្សាសិទ្ធិដោយ thmeythmey.com