COVID-19
ពីនេះ ពីនោះ
​កូ​វីដ​-១៩៖ ចូរ​ស្រមៃ​ថា បើ​ពិភពលោក​គ្មាន​សារព័ត៌មាន​…!
19, Apr 2020 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
 ​មិន​ទៅណា​ឆ្ងាយ​ពី​រឿង​កូ​វីដ​១៩​ឡើយ គ្រាន់តែ​នៅថ្ងៃនេះ សុធីរ និង​សំណាង ជជែក​គ្នា​ពី​តួនាទី​សារព័ត៌មាន​នៅក្នុង​បរិបទ​ផ្ទុះ​មេរោគ​កូ​វីដ​១៩​។ សារព័ត៌មាន​ត្រូវបាន​អ្នកខ្លះ​ចាត់ទុកជា​អ្នក​នៅ​ជួរ​ទី​២ បន្ទាប់ពី​គ្រូពេទ្យ​ក្នុង​ការធ្វើ​សេចក្តីរាយការណ៍​រឿង​មេរោគ​កូ​វីដ​១៩​នេះ​។

 
​សុធីរ​៖ អា សំណាង​! ចុះបើ​ពិភពលោក​គ្មាន​សារព័ត៌មាន​ជួយ​រាយការណ៍​ពី​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​១៩ តើ​វា​នឹង​ទៅជា​យ៉ាងណា​ទៅវិញ​? 
 
​សំណាង​៖ អើបើ​គ្មាន គឺ​គេ​ឈប់​និយាយ​ទៅហើយ​។ តែ​អ្វីដែល​អញចង់​ប្រាប់​អ្ហែង​នៅពេលនេះ គឺថា សារព័ត៌មាន​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ប្រទេស​នីមួយៗ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ​។ 
 
សុធីរ​៖ តែ​រដ្ឋាភិបាល​នីមួយៗ​អាច​ផ្សព្វផ្សាយ​ដោយ​ខ្លួនឯងបាន​តើ​? 
 

​សំណាង​៖ អើ​! រដ្ឋាភិបាល​នីមួយៗ​អាចធ្វើ​ដោយ​ខ្លួនឯងបាន​តើ​! តែ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​រយ​លាន​ដុល្លារ​ណា៎ ហើយ​គេ​មិនដឹងថា តើ​វា​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណា​ផង​។ ម្យ៉ាងទៀត នៅពេលដែល​រដ្ឋាភិបាល​ប្រកាស​រឿង​អ្វីមួយ​ដោយ​ខ្លួនឯង ជួនកាល​គេ​អត់​ជឿ​ទៀតផង​។ អ៊ីចឹង តួនាទី​សារព័ត៌មាន​ឯករាជ្យ​(​អាជីព​) ឬ​ឯកជន​នេះ សំខាន់​ណាស់ណា៎​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅក្នុង​បរិបទ​រឿង​កូ​វីដ​១៩​នេះ សារព័ត៌មាន​ជាច្រើន បាន​ចូលរួម​បង្កើត​សារ​អប់រំ​ជុំវិញ​រឿង​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​មេរោគ​កូ​វីដ​១៩​។ 
 
 
​សុធីរ​៖ បើ​អញ​ស្តាប់​អ្ហែង​ទៅ សារព័ត៌មាន​ដើរតួនាទី​សំខាន់​ខ្លាំងណាស់​នៅក្នុង​បរិបទ​កូ​វីដ​នេះ មិន​ថា​អ៊ីចឹង​?  
 
សំណាង​៖ អើ​! លើសពីនេះទៅទៀត បើ​អត់​សារព័ត៌មាន ពលរដ្ឋ​អត់​ទទួលដំណឹង ការចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​មិនដឹង​ជា​ទៅជា​យ៉ាងណា​យ៉ាង​ណី​ទេ​។ បើ​អត់​សារព័ត៌មាន ពលរដ្ឋ​នៅតាម​ជនបទ​ដាច់ស្រយាល​មិនអាច​ទទួលដំណឹង​ពី​រឿង​កូ​វីដ​នេះ​បាន​ត្រឹមត្រូវ​ឡើយ​។ គេ​ច្រើន​និយាយថា បើ​គ្មាន​ព័ត៌មាន ឬ​គ្មាន​ដំណឹង ពិភពលោក​ហាក់បីដូចជា​ងងឹតសូន្យ​ឈឹង​។ 
 
​សុធីរ​៖ ចុះ​អញ​ឃើញ​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​(​អ្នកកាសែត​ហ្វេ​ស​ប៊ុ​ក​)​ជួយ​ច្រើន​ដែរ​តើ​? 
 
សំណាង​៖ ពេលខ្លះ អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ ជួយ​ដែរ​តើ តែ​ពេលខ្លះទៀត ក៏​ជួយ​ឲ្យ​វ៉​ល់​ដែរ​។ ចូរ​ប្រយ័ត្ន​បន្តិច​ណា៎​! តែបើ​រឿង​សារព័ត៌មាន​អាជីព ពួកគេ​បាន​ជួយ​រដ្ឋាភិបាល​ក្នុងប្រទេស​នីមួយៗ​ច្រើនណាស់ ទោះ​អត្ថបទ​ខ្លះ​រិះគន់​ខ្លាំង ឬ​អត្ថបទ​ខ្លះទៀត​លើកសរសើរ​រដ្ឋាភិបាល​ក៏ដោយ​ក្តី​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com