COVID-19
ជាតិ
ខេត្តពោធិ៍សាត់​ជំរុញ​ការដាំដុះ​បន្លែ​ធម្មជាតិ​បន្ថែម ក្នុង​បរិបទ​កូ​វីដ​១៩
19, Apr 2020 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោធិ៍សាត់​៖ មន្ត្រីជាន់ខ្ពស់​នៃ​ខេត្តពោធិ៍សាត់ បាននិងកំពុង​ជំរុញ​ការដាំដុះ​បន្លែ​បន្ថែមទៀត ក្នុងខណៈ​ពេលដែល​រដូវ​វស្សា​នឹង​ឈាន​មកដល់ ហើយ​ជាពិសេស ក្នុង​បរិបទ​មេរោគ​កូ​វីដ​១៩​តែម្តង​។ ដំណាំ​ដែល​តំណាង​ខេត្ត​ជំរុញ​ឲ្យ​ពលរដ្ឋ​ដាំ​ដុះ​នៅពេលនេះ គឺជា​ដំណាំ​បន្លែ​សរីរាង្គ និង​ជា​ដំណាំ​ដែល​ឆាប់​ផ្តល់​ផល​។ បន្លែ ត្រកួន ផ្ទី ស្ពៃ គឺជា​ដំណាំ​អាទិភាព​ដែល​ត្រូវ​ដាំ​ដុះ​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។


«​លើកកម្ពស់​បន្លែ​ខ្មែរ គឺ​មានន័យ​ស្មើនឹង​ជួយ​ថែ ឬ​ជួយ​គ្រួសារ​ខ្មែរ​»​។ នេះ គឺជា​ការលើកឡើង​រប​ស់លោក អ៊ឹង គីម​លាង អភិបាលខេត្តរង​នៃ​ខេត្តពោធិ៍សាត់​នៅ​ចំពោះមុខ​មន្ត្រី និង​យុវជន​របស់ខ្លួន​ដែល​ត្រូវ​ចូលរួម​ជំរុញ​ការដាំដុះ​នៅក្នុងពេល​ខាងមុខនេះ​។ 
 
​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក អ៊ឹង គីម​លាង បាន​បញ្ជាក់ថា គ្រួសារ​នីមួយៗ​នៅក្នុង​ខេត្ត​គួរ​ដាំ​បន្លែ​បី​មុខ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​ដើម្បី​រក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ​។ បន្លែ​ដែល​ត្រូវ​ដាំ​ចាំបាច់ គឺ​បន្លែ​ផ្ទី ត្រកួន និង​ស្ពៃ​។ តែ​ដើម្បី​អាចធ្វើ​កិច្ចការ​នេះ​បាន​លឿន និង​មាន​ប្រសិទ្ធិភាព លោក អ៊ឹង គីម​លាង ជំរុញ​ឲ្យ​មន្ត្រី​របស់ខ្លួន​ជួយ​ពង្រឹងសមត្ថភាព​កសិក​រ ជួយផ្តល់​ពូជ និង​ជួយផ្តល់​ដី​ទំនេរ​ខ្លះ​ជូន​កសិករ​ក្នុងករណី​ចាំបាច់​។ ម្យ៉ាងទៀត លោក អ៊ឹង គីម​លាង អំពាវនាវ​ឲ្យ​កសិករ​ទាំងអស់​ប្រើប្រាស់​ជីធម្មជាតិ ជំនួស ជីគីមី ដូចជា លាមក​គោ ឬ​អាចម៍មាន់ អាចម៍​ទា ជាដើម​។ ក្រោយពី​ទទួលផល​រួចហើយ លោក អ៊ឹង គីម​លាង សន្យាថា ក្រុមការងារ​របស់លោក​នឹង​ជួយ​រក​ទីផ្សារ​ជូន​កសិករ​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ 
 
​សូម​រម្លឹកថា កាលពីដើម​ខែមេសា​ឆ្នាំ​២០២០​កន្លងមកនេះ​, ក្នុងស្ថានភាព​ប្រទេសជាតិ​កំពុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩ (COVID-19), សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ​នានា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ សម្តេច ហ៊ុន សែន បានបញ្ជាក់​ទៀតថា វិបត្តិ​មេរោគ​កូ​វីដ​-១៩ ថ្វី​ដ្បិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម នៅ​កម្ពុជា​មែន ប៉ុន្តែ​វិបត្តិ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​នោះទេ​។ ផ្ទុយទៅវិញ កលា​នុ​វត្ត​ភាព គឺមាន​សម្រាប់​វិស័យ​កសិកម្ម ដែល​តម្រូវ​ឲ្យ​ប្រជាជន​ដាំ​ដុះ​ផលិតផល​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​យើង​ប្រើប្រាស់​ឱកាស​ដ៏​លំបាក​នេះ​ឲ្យ​ក្លាយទៅជា​កលា​នុ​វត្ត​ភាព​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា ដែលមាន​កំណើន​យឺត​ក្នុង​រយៈពេល​កន្លងទៅ​»៕  
 

Tag:
 ​កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com