COVID-19
អន្តរជាតិ
អូស្ត្រាលី ស្នើឲ្យការស៊ើបអង្កេតឯករាជ្យជាសាកលលើការឆ្លើយតបនឹងជំងឺ COVID-19
× អូស្ត្រាលី នៅថ្ងៃទី១៩ ខែមេសា បានស្នើឲ្យបើកការស៊ើបអង្កេតជាសាកលមួយទៅលើការឆ្លើយតបនឹងជំងឺផ្លូវដង្ហើម COVID-19 ដែលឆ្លងលើមនុស្សច្រើនជាងពីរលាននាក់ទៅហើយ។ គោលដៅរបស់ទីក្រុងកង់បេរ៉ា ចង់ឲ្យមានការស្រាវជ្រាវលើការឆ្លើយតបរបស់អង្គការសុខភាពពិភពលោក និងចិននៅដំណាក់កាលដំបូងពេលដែលវីរុសចាប់ផ្ដើមរាលដាលនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី។ ដូចអាមេរិកដែរ អូស្ត្រាលី ថា អង្គការសុខភាពពិភពលោក ចាត់ចែងមិនបានល្អឡើយនៅដំណាក់កាលដំបូង។
អូស្ត្រាលី បានបន្ថែមសម្ពាធមួយជាន់ទៀតលើចិន និងអង្គការសុខភាពពិភពលោកដែលរងការរិះគន់ថា ដោះស្រាយមិនបានល្អនៅពេលដំបូងដែល COVID-19 ទើបចាប់ផ្ដើមលេចមុខ និងទុកឲ្យវីរុសរាលដាលពេញពិភពលោក។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផេន (Marise Payne) បានចោទសួរពីតម្លាភាពរបស់ចិនក្នុងការដោះស្រាយវិបត្តិមួយនេះ ហើយទាមទារឲ្យមានការស៊ើបអង្កេតពីប្រភពដើម និងការរាលដាលទៀតផង។
ប្រមុខការទូតអូស្ត្រាលីរូបនេះ អះអាងថា ក្ដីបារម្ភរបស់អ្នកស្រីលើតម្លាភាពរបស់ចិន ឡើងដល់ចំណុចខ្ពស់បំផុត។ អ្នកស្រី ផេន ប្រាប់ទូរទស្សន៍អូស្ត្រាលី ABC ថា បញ្ហាជុំវិញកូរ៉ូណាវីរុស ត្រូវការការត្រួតពិនិត្យឯករាជ្យ ហើយអូស្ត្រាលីពិតជាចង់បានដូចនោះណាស់។ មន្ត្រីអូស្ត្រាលីដដែលបន្តថា៖ «យើងបានត្រូវការពីព័ត៌មានលម្អិតដែលការស៊ើបអង្កេតឯករាជ្យឲ្យយើងដូចជាសែននៃវីរុស វិធីសាស្ត្រដោះស្រាយ និងព័ត៌មានដែលត្រូវបានចែកចាយ។»
អ្នកស្រី ផេន ថែមទាំងនិយាយថា អូស្ត្រាលី មានក្ដីបារម្ភដូចគ្នានឹងអាមេរិកពាក់ព័ន្ធចំណាត់ការរបស់អង្គការសុខភាពពិភពលោកលើ COVID-19 ផងដែរ។ ដូចគ្នាត្រង់ថា អង្គការនេះ ចាត់ចែងមិនសមស្រប និងលាក់បាំងគ្រោះថ្នាក់នៃ COVID-19 មុនពេលរាលដាលទៀតផង។
បច្ចុប្បន្ន អូស្ត្រាលីមានករណីឆ្លងសរុបប្រមាណ៦៦០០ករណី និងស្លាប់៧០នាក់ដោយសារជំងឺដែលផ្ទុះឡើងដំបូងនៅវូហាន ខេត្តហ៊ូប៉ីកាលពីខែធ្នូ ឆ្នាំ២០១៩ ។ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី Greg Hunt អះអាងថា អូស្ត្រាលីអាចគ្រប់គ្រងស្ថានការណ៍ដូចសព្វថ្ងៃ ក៏ព្រោះតែចាត់វិធានការផ្ទុយពីការណែនាំរបស់អង្គការសុខភាពពិភពលោក។ អ្វីដែលផ្ទុយនោះ គឺអូស្ត្រាលីបានហាមអ្នកដំណើរពីចិនដែលអង្គការនេះមិនយល់ស្របនៅដំណាក់កាលដំបូង៕
Tag:
អូស្ត្រាលី
ចិន
WHO
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com