អន្តរជាតិ
ឆ្នាំ​១៨៥៣៖​ការតភ្ជាប់​នាវាចរណ៍​ដ៏​សំខាន់​ដំបូង​រវាង​អាមេរិក និង​ជប៉ុន​
19, Apr 2020 , 9:39 pm        
រូបភាព
​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​១៨៥៣ នាវិក​ឧ​ត្ត​ម​នារី​ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ដែលមាន​ឈ្មោះថា Matthew Perry បាន​ដឹកនាំ​នាវា​ចំនួន​៤​គ្រឿង​ទៅកាន់​កំពង់ផែ​នៃ​ឈូង​សមុទ្រ​ទីក្រុង​
​តូ​ក្យូ ក្នុង​គោលបំណង​ស្តារ​ទំនាក់​ទំ​នង់​ឡើងវិញ​នូវ​វិស័យ​នាវាចរណ៍​នៃ​ប្រទេស​លោកខាងលិច ជាមួយនឹង​ប្រទេស​ជប៉ុន ក្រោយពី​បាន​កាត់ផ្តាច់​ពីគ្នា​អស់​រយៈពេល​ប្រមាណ​ជា​២០០​ឆ្នាំ​មក​។

 
 
​ទោះបីជា​យ៉ាងនេះ​ក្តី គេហទំព័រ​ប្រវត្តិសាស្ត្រ history.state.gov ក្រោម​ចំណងជើង​ថា The United States and the Opening to Japan, 1853 បាន​បញ្ជាក់ថា លោក Matthew Perry មិនមែនជា​ជនជាតិ​ដំបូង​នៃ​ក្រុម​ប្រទេស​លោកខាងលិច​ដែល​បាន​ទៅធ្វើ​ជំនួញ​ផ្នែក​នាវាចរ​ជាមួយ​ប្រទេស​ជប៉ុន​នោះឡើយ​។ ប្រទេស​មួយចំនួនទៀត​ដូចជា ប្រទេស​ព័រ​ទុយ​កាល់ អេស្បាញ និង​ហូ​ឡង់​បានធ្វើ​ជំនួញ​ផ្នែក​នាវាចរ​ជាមួយ​ប្រទេស​ជប៉ុន​តាំងពី​សតវត្សរ៍​ទី​១៦ និង​ទី​១៧​មកម្ល៉េះ​។ 
 
​ប៉ុន្តែ​ដោយសារតែ​ការផ្សព្វផ្សាយ​សាសនា​កា​តូ​លិច និង​ការធ្វើ​ជំនួញ​មិន​ស្មើភាព​គ្នា​ជាមួយនឹង​ជប៉ុន ជប៉ុន​ក៏បាន​បញ្ឈប់​ការទាក់ទង​ជាមួយនឹង​ក្រុម​ប្រទេស​លោកខាងលិច នៅក្នុង​ឆ្នាំ​១៦៣៩​។ តែ​ជប៉ុន​នៅ​ធ្វើ​នាវាចរ​ជាមួយ​ប្រទេស​ចិន តែ​ជាមួយ​លក្ខ​ខ​ណ្ខ​ពិសេស​។ 
 
​មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អាមេរិក​ចង់​មាន​ទំនាក់ទំនង​ខាង​ផ្នែក​នាវាចរណ៍​ជាមួយនឹង​ប្រទេស​ជប៉ុន​គឺ ទីមួយ​៖ ការបើក​បន្ថែម​នូវ​កំពង់ផែ​សមុទ្រ​នៃ​ប្រទេស​ចិន ក្នុងការ​ដោះដូរ​ទំនិញ និង​ទី​ពីរ ការកាន់កាប់​ទឹកដី​នៃ​ថ្មី​នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​អាច​ចេញដំណើរ​ទៅកាន់​ទ្វីបអាស៊ី​ខាងកើត​យ៉ាង​ស្រួល​ដោយ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ 
 
​នៅពេលដែល​ការធ្វើដំណើរ​តាម​សមុទ្រ​ត្រូវបាន​គេ​ផ្លាស់ប្តូរ​ពី​សំពៅ​ប្រើ​ថាមពលខ្យល់ មកជា​នាវា​ដើរ​ដោយ​ថាមពល​ចំហាយ​ទឹក នាវា​របស់​សហរដ្ឋ​អា​មេ​រីក​ត្រូវ​ការបន្ថែម​កាន់តែច្រើន​នូវ​បរិមាណ​ធ្យូងថ្ម ដែលជា​ឥន្ធនៈ​សំខាន់​របស់​នាវា​ប្រភេទ​ថ្មី​មួយ​នេះ​។ ជាមួយនឹង​ទីតាំង​ភូមិសាស្ត្រ និង​កំណប់​រ៉ែ​ធ្យូងថ្ម​ដែល​ប្រទេស​ជប៉ុន​មាន ការចង​សម្ព័ន្ធមិត្តរ​វាង​អា​មេ​រីក និង​ជប៉ុន​គឺជា​រឿង​មួយ​ចាំបាច់​។ 
 
​មួយវិញទៀត រិ​ស័​យ​នេសាទ​របស់​សហរដ្ឋអាមេរិក​ក៏បាន​រីកដុះដាល​រហូត​ទៅដល់​ផ្នែក​ខាងជើង​នៃ​មហា​ប៉ាស៊ីហ្វិក​ផងដែរ​។ ការបង្កើត​កំពង់ផែ​នេសាទ​របស់​អា​មេ​រីក​នៅលើ​ទឹកដី​នៃ​ប្រទេស​ជប៉ុន​នឹង​អាចជួយ​រក​ផលចំណេញ​បាន​កាន់តែច្រើន​។ 
 
​នៅក្នុង​ឆ្នាំ​១៨៥១ លោក​អតីត​ប្រធានាធិបតី​ទី​១៣​នៃ​សហរដ្ឋ​អា​មេ​រីក លោក Millard Fillmore បា​នប​ញ្ចូ​ន​លិខិត​របស់លោក​តាម Matthew Perry ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ផ្សា​ទំនាក់ទំនង​។ នាវិក​ឧ​ត្ត​ម​នារី​ត្រី Perry ក៏បាន​នាំយក​ពុម្ព​នៃ​ក្បាលរថភ្លើង​ដើរ​ដោយ​ធ្យូងថ្ម តេ​លេ​ទស្សន៍ តេ​លេ​ក្រា​ហ្វ និង​វត្ថុ​មួយចំនួនទៀត​ក្នុងការ​បង្ហាញ​ពី​វិសាលភាព​នៃ​ប្រទេស​លោកខាងលិច​។ 
 
​មួយឆ្នាំ​ក្រោយមក  លោក Perry បាន​ត្រលប់​មកជួប​រដ្ឋាភិបាល​ជប៉ុន​វិញ​ជាមួយនឹង​ចំនួន​កម្លាំង​នាវា​កាន់តែច្រើន​។ រដ្ឋាភិបាល​ជប៉ុន​ក៏បាន​បង្ខំចិត្ត​ចុះសន្ធិសញ្ញា Kanagawa ជាមួយនឹង​សហរដ្ឋ​អា​មេ​រីក​ក្នុង​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​១៨៥៤​។ សន្ធិសញ្ញា​នេះ​ទាមទារ​ឲ្យ​ប្រទេស​ជប៉ុន​ការពារ​នាវិក និង​អ្នកធ្វើការ​ជនជាតិ​អា​មេ​រីក​នៅតាម​សមុទ្រ បើក​កំពង់ផែ​ចំនួន​ពីរ​ដែលជា​ច្រក​នាវា​អាមេរិក និង​ដាក់​ឲ្យ​មាន​កុងស៊ុល​អា​មេ​រីក​ធ្វើការ​នៅ​ទីនោះ​។ 
 
​មកទល់​ឆ្នាំ​១៩៥៨ កិច្ចព្រមព្រាង​មួយចំនួនទៀត​ត្រូវបាន​ចុះហត្ថលេខា​ដើម្បី​ចង​ទំនាក់ទំនង​ផ្លូវ​សមុទ្រ​ឲ្យ​បាន​កាន់តែ​ធំ រួមទាំង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អឺរ៉ុប​ផងដែរ​។ ជាមួយនឹង​ការបើកចំហរ​ប្រទេស​របស់ខ្លួន​ទៅកាន់​លោកខាងលិច ប្រទេស​ជប៉ុន​ក៏បាន​ទាញយក​ផលប្រយោជន៍​មួយចំនួន​មក​ផងដែរ ដូចជា​ការពង្រឹង​វិសាលភាព​នៃ​វិស័យ​យោធា​យ៉ាង​មាំ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ការផ្តួលរំលំ​របប Shogunate (​របប​យោធានិយម​) មកកាន់​របប​ដឹកនាំ​ដោយ​ក្រុម​អធិរាជ​វិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com