COVID-19
ជាតិ
សង្គមជាតិ
សិក្ខាកាមយោធាខ្មែរ៣នាក់ នៅរុស្ស៊ី ឆ្លងជំងឺកូវីដ-១៩ សិក្ខាកាមយោធាកម្ពុជា ចូលរួមក្នុងកម្មវិធីបើកវគ្គកីឡាអន្តរជាតិ នៅប្រទេសរុស្ស៊ី កាលពី៣ ខែសីហា ឆ្នាំ២០១៩ (រូប ថតចេញពីវីដេអូ ដែលបង្ហោះលើ Channel Youtube ឈ្មោះ Somrith thlai)
× ភ្នំពេញ៖ សិក្ខាកាមយោធាកម្ពុជា៣នាក់ នៅទីក្រុង Saint Petersburg នៃប្រទេសរុស្ស៊ី បានឆ្លងជំងឺកូវីដ-១៩ (COVID-19)។ នេះបើតាមលិខិតរបស់ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យអនុព័ន្ធយោធានៃស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ដែលផ្ញើមកកាន់នាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។
លិខិតរបស់ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ បានបញ្ជាក់ថា សិក្ខាកាមយោធាកម្ពុជាទាំង៣នាក់ បានធ្វើតេស្តរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមួយកន្លែង កាលពីថ្ងៃទី១៨ ខែមេសា។ ពួកគេទាំង៣នាក់ បានឆ្លងជំងឺកូវីដ-១៩ ពីសិក្ខាកាមយោធាជនបរទេសដទៃទៀត ដែលសិក្សា និងស្នាក់នៅជាមួយគ្នា។ ពួកគេ គឺជាសិក្ខាកាម ដែលកំពុងសិក្សាលើជំនាញវេជ្ជសាស្រ្តទូទៅ ក្នុងឆ្នាំទី៣ នៅសាកលវិទ្យាល័យវេជ្ជសាស្រ្តយោធានៃទីក្រុង Saint Petersburg។
លិខិតដដែល បានឲ្យដឹងថា សិក្ខាកាមយោធាកម្ពុជាទាំង៣នាក់នោះ កំពុងសម្រាកព្យាបាល និងតាមដានជំងឺនៅមន្ទីរពេទ្យ។ បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់ពួកគេ មិនទាន់មានសភាពធ្ងន់ធ្ងរទេ ដោយសារតែពួកគេ បានរាយការណ៍ពីសុខភាព និងស្ថានភាពជំងឺទៅគ្រូពេទ្យពិនិត្យរកមេរោគកូវីដ-១៩ បានទាន់ពេល។
គិតត្រឹមថ្ងៃទី១៩ ខែមេសា ប្រទេសរុស្ស៊ី ស្ថិតក្នុងលំដាប់លេខរៀងទី១០ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ លើពិភពលោក។ បើតាមគេហទំព័រ https://www.worldometers.info/coronavirus/ រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៤,២ម៉ឺននាក់ហើយ ដោយក្នុងនោះស្លាប់ជាង៣៦០នាក់ និងបានជាសះស្បើយវិញជាង៣ពាន់នាក់។
សារព័ត៌មានថ្មីៗ (ThmeyThmey.com) ព្យាយាមទាក់ទងទៅលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសុំបញ្ជាក់ព័ត៌មានបន្ថែមពីសិក្ខាកាមយោធាកម្ពុជាទាំង៣នាក់ ដែលឆ្លងជំងឺកូវីដ-១៩ នៅប្រទេសរុស្ស៊ី តែលោកទាំង២ សុទ្ធតែមិនលើកទូរស័ព្ទ។
កន្លងមក មានពលរដ្ឋខ្មែរ៣នាក់ នៅកូរ៉េខាងត្បូង ក៏បានឆ្លងជំងឺកូវីដ-១៩ដែរ តែបានជាសះស្បើយវិញ។
រដ្ឋាភិបាលកម្ពុជា បានប្រកាសថា មិនមានគម្រោងយកនិស្សិតឬពលរដ្ឋខ្មែរពីក្រៅប្រទេស មកកម្ពុជាវិញទេ តែអំពាវនាវឲ្យពួកគេ ប្រុងប្រយ័ត្ននិងការពារខ្លួនពីជំងឺកូវីដ-១៩ ជាពិសេសត្រូវគោរពតាមបទបញ្ជារបស់ប្រទេសគេ។
នៅកម្ពុជា មានមនុស្ស១២២នាក់ ដែលឆ្លងជំងឺកូវីដ-១៩ តែបានជាសះស្បើយវិញ ១០៥នាក់ហើយ ខណៈ១៧នាក់ទៀត កំពុងសម្រាកព្យាបាល (គិតត្រឹមថ្ងៃ១៩មេសា)៕ Tag:
COVID-19
សិក្ខាកាមយោធាខ្មែរនៅក្រៅប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com