ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​ពិសេស​អ្នក​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​! ញ៉ាំ​តែ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ក៏​អាច​ទទួលបាន​ផល​ល្អៗ​ទាំង​នេះដែរ​
21, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ទទួលទាន​ស៊ុត​អាច​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​។ ហើយ​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​នោះ​គួរ​កម្រិត ឬ​ប្រយ័ត្ន​ក្នុងការ​ញ៊ាំ​ស៊ុត​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! អ្នក​អាច​ទទួលទាន​តែ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ជំនួស​វិញ​ដោយ​វា​គ្មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើយ ប៉ុន្តែ​ជា​ប្រភព​ដ៏​ប្រសើរ​ផ្ទុក​ប្រូតេអ៊ីន​។ ថា​តើ​ការទទួល​ទាន​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​អាច​ផ្ដល់​ផល​ល្អ​អ្វី​ខ្លះទៅ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការរួមបញ្ចូល​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ក្នុង​របប​អាហារ ៖
 
១. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B
 
​វីតាមីន B គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​និង​មុខងារ​ខួរក្បាល ក៏ដូចជា​សរសៃប្រសាទ​ល្អប្រសើរ​។​
 
២. ជួយ​បង្កើន​និង​រក្សា​ម៉ាស​សាច់ដុំ​
 
​មិនចាំបាច់​តែ​ទទួលទាន​ប្រូតេអ៊ីន​ក្រឡុក​ដែលមាន​តម្លៃ​ថ្លៃ​ឡើយ​! គ្រាន់តែ​រួមបញ្ចូល​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ក៏​ល្អ​ចំពោះ​សុខភាព​សាច់ដុំ​កាន់តែ​រឹងមាំ​ឡើង​ដែរ​។ នេះ​ក៏​ព្រោះតែ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ផ្ដល់ឱ្យ​រាងកាយ​នូវ​អាស៊ីត​អា​មី​ណូ​ចាំបាច់​ដែល​រាងកាយ​មិនអាច​ផលិត​បាន​ដោយ​ខ្លួនឯង​។​
 
៣. បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​
 
​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ល្អ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។​
 
៤. ផ្ទុក​កាឡូរី​ទាប​និង​គ្មាន​ជាតិ​ខ្លាញ់​ឆ្អែត​
 
​មិន​ត្រឹមតែ​លក្ខណៈសម្បត្តិ​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ប៉ុណ្ណោះ ប៉ុន្តែ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ក៏មាន​ផ្ទុក​កាឡូរី​ទាប​និង​គ្មាន​ជាតិ​ខ្លាញ់​ឆ្អែត​ដែល​ប្រសើរ​ណាស់​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។​
 
៥. អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​
 
​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធភាព​ស​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។ បរិមាណ​នៃ​ប្រូតេអ៊ីន​ក្នុង​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ក៏​ជួយ​រក្សា​ស​សៃ​ឈាម​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ប្រសើរ​បំផុត​ផងដែរ​។​
 
៦. ពង្រឹង​សុខភាព​ធ្មេញ​និង​ឆ្អឹង​
 
​ការទទួល​ទាន​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ជាប្រចាំ​ក៏​ជួយ​បំពេញ​បរិ​មាណនៃ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​និង​ធ្មេញ​រឹងមាំ​គួរឱ្យកត់សម្គាល់ ហើយ​ថែមទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ទៀតផង​។​
 
​ប្រយ័ត្ន​! អ្នក​មិនគួរ​ទទួលទាន​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ជ្រលក់​អំបិល ឬ​ចម្អិន​វា​ដោយ​បន្ថែម​អំបិល​ឡើយ ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​ស្រាប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com