អន្តរជាតិ
មនុស្ស​១៣​នាក់ ស្លាប់​ក្នុងការ​បាញ់ប្រហារ​ដ៏​អាក្រក់​បំផុត​នៅ​កាណាដា​ក្នុងពេល​៣០​ឆ្នាំ​
20, Apr 2020 , 9:23 am        
រូបភាព
​មនុស្ស​យ៉ាងហោចណាស់​១៣​នាក់​រួមទាំង​ប៉ូលិស​ម្នាក់​ផង បាន​បាត់​បង់ជីវិត​ក្នុងការ​បាញ់ប្រហារ​មួយ​នៅ​កាណាដា​នៅ​ថ្ងៃទី​១៩ ខែមេសា​។ នេះ​ជាការ​ហេតុការណ៍​បាញ់ប្រហារ​ដ៏​អាក្រក់​បំផុត​នៅ​រដ្ឋ​អាមេរិក​ខាងជើង​មួយ​នេះ​ក្នុងពេល​ច្រើនជាង​៣០​ឆ្នាំ​។ ជនសង្ស័យ ក៏ត្រូវ​រកឃើញថា បាន​បាត់​បង់ជីវិត​ផងដែរ​។​

 
​ប៉ូលិស​កាណាដា​អះអាងថា ជនសង្ស័យ​ឈ្មោះ Gabriel Wortman វ័យ​៥១​ឆ្នាំ បាន​រត់គេច​ពី​ការចាប់ខ្លួន បន្ទាប់ពី​ប៉ូលិស​ទទួលបាន​ដំណឹង​ពី​ការបាញ់ប្រហារ​នៅ​ទីក្រុង Portapique ក្បែរ​ទីក្រុង Halifax នៃ​ខេត្ត Nova Scotia ។ ជនស​ង្ស័​យ​ដែល​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ផង​នោះ បាន​បើកឡាន​របស់ខ្លួន​ទៅកាន់​តំបន់​ជាច្រើន ហើយ​បាន​បើ​ការបាញ់ប្រហារ​ផងដែរ​។​
 
​ស្នងការ​ប៉ូលិស​ជាតិ​កាណាដា Brenda Lucki ប្រាប់​ទូរទស្សន៍ CBC ថា មនុស្ស​យ៉ាងហោចណាស់​១៣​នាក់ បូក​រួមទាំង​ជនសង្ស័យ​ម្នាក់​ផង​នោះ បាន​ស្លាប់​។ ប៉ូលិស​កាណាដា​បញ្ជាក់ថា ប្រតិបត្តិ​ការរុករក​មាន​រយៈពេល​១២​ម៉ោង ដែល​ចាប់ផ្ដើម​តាំងពី​យប់​ថ្ងៃទី​១៨ រហូតដល់​ថ្ងៃទី​១៩ ខែមេសា​។ ប៉ូលិស​កាណាដា បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នេះ ខណៈ​មន្ត្រីប៉ូលិស​ម្នាក់ទៀត​រង​របួស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អ្នកស្រី Lucki បន្ថែមថា មកទល់ពេលនេះ ប៉ូលិស​មិនទាន់​អាច​កំណត់​ពី​មូលហេតុ ​នៃ​ការបាញ់ប្រហារ​នេះឡើយ ហើយ​គេ​ក៏​រក​ទាន់​ឃើញ​ពី​ទំនាក់ទំនង​រវាង​ជនសង្ស័យ និង​ជនរងគ្រោះ​ដែរ​។ លោក Chris Leather មន្ត្រីជាន់ខ្ពស់​ប៉ូលិស​កាណាដា និយាយ​ដែរ​ថា ប៉ូលិស​ស្ថិតនៅ​ដំណាក់កាល​ដំបូង​ នៃ​ការស៊ើបអង្កេត​ស្មុគស្មាញ តែមាន​ព័ត៌មាន​ច្រើន​។ 
 
​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ បាន​រំលែក​ទុក្ខ​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​គ្មាន​ន័យ​។ លោក​បាន​ជូនពរ​ឲ្យ​អ្នករងរបួស​ឆាប់​សះស្បើយ​វិញ​។​
 
​នេះ​ជាការ​ហេតុការណ៍​បាញ់​ដ៏​អាក្រក់​បំផុត​នៅ​កាណាដា​ គិត​តាំងពី​ឆ្នាំ​១៩៨៩​មក​។ កាលនោះ ខ្មាន់កាំភ្លើង​ម្នាក់បាន​បាញ់សម្លាប់​សិស្ស​ចំនួន​១៤​នាក់ ​នៅ​សាលា Ecole Polytechnique ក្នុង​ទីក្រុង Montreal ៕

Tag:
 កាណាដា​
© រក្សាសិទ្ធិដោយ thmeythmey.com