COVID-19
ជាតិ
អ្នកទោសជាង៤០នាក់នៅកំពង់ស្ពឺ ដែលវាយមន្រី្តពន្ធនាគារដើម្បីរត់ចេញ ត្រូវបានបង្ក្រាប រូបពីហ្វេសប៊ុកពន្ធនាគារខេត្តកំពង់ស្ពឺ
× ភ្នំពេញ៖ អ្នកទោស៤៦នាក់ បានវាយមន្ត្រីពន្ធនាគារ ដើម្បីរត់ចេញពន្ធនាគារ ប៉ុន្តែត្រូវបានកងកម្លាំងបង្ក្រាបទាន់ពេលវេលា។ មន្ត្រីពន្ធនាគារ៤នាក់ រងរបួសស្នាម ដោយសារការបះបោររបស់អ្នកទោសទាំងនោះ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា កាលពីថ្ងៃទី១៩ មេសា ម៉ោងប្រមាណ៧យប់ នៅក្នុងបន្ទប់ឃុំឃាំងអ្នកទោសជាង៤០នាក់ បានព្យាយាមចេញពីបរិវេណពន្ធនាគារ។ ក្នុងនោះមានអ្នកទោស២៦នាក់ បានសម្រុកចេញពីមន្ទីរឃុំឃាំង ក្រោយពួកគេវាយមន្ត្រីពន្ធនាគារ៤នាក់ ។ ប៉ុន្តែអ្នកទោសទាំងនោះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទាន់ពេល។
លោកអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ដូច្នេះថា៖«អ្នកទោសក្នុងបន្ទប់ឃុំមាន៤៦នាក់ ហើយមាន១នាក់ធ្វើពុតជាឈឺ ហើយមន្ត្រីពន្ធនាគារ៤នាក់ ក៏បានបើកទ្វារចូលមើល ក៏ត្រូវអ្នកទោសវាយ និងបង្កការបះបោរចេញក្រៅបន្ទប់ឃុំឃាំង។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះទៅភ្លាមបង្ក្រាបអ្នកទោស២៦នាក់ ដែលចេញពីបន្ទប់ឃុំឃាំង ដោយស្ថិតក្នុងបរិវេណពន្ធនាគារ»។
បើតាមការបញ្ជាក់របស់ លោក ពិន សុវណ្ឌី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ អ្នកទោសជាង៤៦នេះ គឺជាអ្នកទោសចូលថ្មី ដែលត្រូវដាក់ឱ្យនៅដោយឡែក១៤ថ្ងៃ ដើម្បីតាមដាន និងទប់ស្កាត់ COVID-19 ហើយក្នុងចំណោមនោះ ក៏មានអ្នកទោសដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារផងដែរ។
ស្រាប់តែដល់ថ្ងៃទី១៩ មេសា មានអ្នកទោស១នាក់ ធ្វើពុតជាឈឺ ហើយស្រែកខ្លាំងៗ ទើបលោកបានបញ្ជាមន្ត្រី៤នាក់ បើកទ្វារដើម្បីពិនិត្យសុខភាព ក៏ត្រូវអ្នកទោសវាយតែម្ដង។ មន្រី្តទាំង៤នាក់ មានរបួសធ្ងន់១នាក់ និង៣នាក់ទៀតរបួសស្រាល។
មន្ត្រីជំនាញកំពុងធ្វើរបាយការណ៍ និងរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី លើអ្នកទោសជាង៤០នេះ។ នេះបើតាមលោក ពិន សុវណ្ឌី ៕
© រក្សាសិទ្ធិដោយ thmeythmey.com