COVID-19
អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលចូលរួមបាតុកម្មប្រឆាំងបញ្ជាបណ្តាអភិបាលរដ្ឋ ដែលហាមប្រជាជនចេញពីផ្ទះ ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ឈរលើឡាន និងថ្លែងទៅកាន់ប្រជាជន។ រូបភាព AFP
× ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (Jair Bolsonaro) បានចូលរួមជាមួយបាតុកររាប់រយនាក់ខាងមុខអាគារបញ្ជាការកងទ័ព ដើម្បីតវ៉ានឹងការចេញបញ្ជារបស់អភិបាលរដ្ឋខ្លះដែលឲ្យប្រជាជនកុំចេញក្រៅផ្ទះដើម្បីទប់ស្កាត់ការរាលដាលជំងឺ COVID-19 ។ លោក បុលសូណារ៉ូ មិនពេញចិត្តទាល់តែសោះចំពោះវិធានការនេះ ដោយចាត់ទុកជាការបិទដង្ហើមសេដ្ឋកិច្ច និងធ្វើឲ្យប្រជាជនជាច្រើនអត់ការងារធ្វើ ដែលនេះជាបញ្ហាប្រឈមខ្លាំង។
បាតុករប្រមាណ៦០០នាក់ បានប្រមូលផ្ដុំខាងមុខទីបញ្ជាការកងទ័ពប្រេស៊ីលក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា ក្នុងគោលបំណងទាមទារឲ្យកងទ័ពចូលអន្តរាគមន៍ប្រឆាំងនឹងបញ្ជារបស់អភិបាលរដ្ឋមួយចំនួនដែលហាមប្រជាជនចេញពីផ្ទះ។ បាតុករខ្លះ ចង់ឲ្យយោធាមានចំណាត់ដើម្បីជួយដោះស្រាយការរាលដាល COVID-19 និងឈានដល់ការព្យួរសភាទៀតផង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេក៏ឃើញលោក ជែ បុលសូណារ៉ូ ប្រធានាធិបតីប្រេស៊ីលចូលរួមក្នុងការតវ៉ាផងដែរ។ បាតុករមួយចំនួនបានលើកបដា «យោធាអន្តរាគមន៍ជាមួយលោក បុលសូណារ៉ូ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។ ចំពោះមុខបាតុករ លោកប្រធានាធិបតីប្រេស៊ីលនិយាយថា លោកចូលរួមបាតុកម្មព្រោះលោកជឿជាក់លោកបាតុករ ហើយបាតុករប្រមូលផ្ដុំ ក៏ព្រោះតែពួកគេជឿលើប្រេស៊ីលដែរ។
យ៉ាងណាមិញ លោក បុលសូណារ៉ូ មិនបាននិយាយអ្វីទាក់ទងនឹងការអំពាវនាវឲ្យកងទ័ពចូលអន្តរាមន៍ ឬការបិទសភានោះឡើយ។ ប៉ុន្តែលោកបានប្រាប់ឲ្យបាតុករទាំងនោះ ប្រឹងតស៊ូដើម្បីប្រទេស និងពឹងផ្អែកលើរូបលោកជាប្រធានាធិបតីដើម្បីចាត់វិធានការចាំបាច់ សំដៅធានារបបប្រជាធិបតេយ្យ និងកាន់តែសំខាន់ គឺសេរីភាព។
គិតត្រឹមថ្ងៃទី១៩ ខែមេសា ប្រេស៊ីលមានករណីឆ្លងសរុបជិត៣ម៉ឺន៩ពាននាក់ និងស្លាប់ជិត២ពាន់៥រយនាក់។ យ៉ាងណាមិញ លោកប្រធានាធិបតី បុលសូណារ៉ូ មិនគាំទ្រវិធានការបិទទីក្រុងអ្វីទេ ព្រោះប៉ះពាល់សេដ្ឋកិច្ច និងធ្វើឲ្យបាត់បង់ការងារ។ អភិបាលរដ្ឋសហព័ន្ធខ្លះដែលមានប្រជាជនច្រើនដូចជា Sao Paulo និង Rio de Janeiro បានប្រកាសបិទដោយផ្នែក និងណែនាំឲ្យប្រជាជនកុំចេញក្រៅផ្ទះឲ្យសោះ។
ដោយសាររឿងបិទប្រទេសនេះ លោក បុលសូណារ៉ូ ក៏បានបញ្ចប់តំណែងរដ្ឋមន្ត្រីសុខាភិបាល ព្រោះគាំទ្រវិធានការបិទនេះ។ ដោយសំដៅឈ្មោះលោក Luiz Henrique Mandetta ដែលជារដ្ឋមន្ត្រីសុខាភិបាល លោក បុលសូណារ៉ូ និយាយថា លោក Mandetta គិតតែពីបញ្ហាសុខាភិបាល តែលោកផ្ទាល់គិតពីជីវិតរាប់សេដ្ឋកិច្ច និងការងារផងដែរ៕
Tag:
ប្រេស៊ីល
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com