កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
​ក្លិប​បាល់ទាត់​មួយ​នៅ​ដា​ណឺ​ម៉ាក​គ្រោង​ឲ្យ​អ្នកគាំទ្រ​អង្គុយ​មើល​ការប្រកួត​ពី​ក្នុង​រថយន្ត​
20, Apr 2020 , 8:39 pm        
រូបភាព
​ក្លិប FC Midtjylland នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​ដា​ណឺ​ម៉ាក (Danish Superliga) បាន​រកឃើញ​ដំណោះស្រាយ​មួយ​ដែល​អាច​ឲ្យ​អ្នកគាំទ្រ​ទស្សនាការ​ប្រកួត​ទាំង​បិទ​កីឡដ្ឋាន​បាន​អំឡុង​មាន​វិបត្តិ COVID-19​។ ពួកគេ​គ្រោង​រៀបចំ​បង្កើត​ផ្ទាំង​អេក្រង់​ធំ ដោយ​ឲ្យ​អ្នកគាំទ្រ​ទស្សនា​ពី​ក្នុង​រថយន្ត​នៅ​ចំណត​ឡាន​ក្រៅ​កីឡដ្ឋាន​របស់​ពួកគេ​។​


 
​លី​គ​កំពូល​ដា​ណឺ​ម៉ាក ក៏ដូចជា​លី​គជា​ច្រើន​នៅ​ទូទាំង​ពិភពលោក​សុទ្ធតែ​ត្រូវបាន​ពន្យារពេល​ប្រកួត​បណ្តោះអាសន្ន ដើម្បី​បង្កា​ការរីក​រាលដាល​ជំងឺ COVID-19​។ នៅពេល​ការប្រកួត​ចាប់ផ្តើម​ឡើងវិញ ពួកគេ ទំនងជា​នឹងត្រូវ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​ផង​។​
 
​ក្នុងករណីនេះ ក្លិប FC Midtjylland បានប្រកាស​ពី​ផែនការ​ដែល​នឹង​អនុញ្ញាត​ឲ្យ​រថយន្ត​ចំនួន ២០០០ គ្រឿង​ដែល​ចត​នៅ​ជុំវិញ​កីឡដ្ឋាន MCH របស់​ពួកគេ អាច​មើល​ការប្រកួត​ដែល​ផ្សាយ​នៅលើ​អេក្រង់​ធំ​បាន​។ នេះ​ជាការ​បាន​បង្កើត​គំនិត​ដ៏​ប៉ិនប្រសប់​មួយ​ដើម្បី​ធានាថា អ្នកគាំទ្រ​អាច​នៅ​ជិត​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​ដោយមាន​គម្លាត​សុវត្ថិភាព ខណៈ​កីឡាករ​កំពុង​ប្រកួត​ក្នុង​កីឡដ្ឋាន​។​
 
​ក្លិប​នឹង​រៀបចំ​ដាក់​អេក្រង់​ធំៗ ចំនួន​ពីរ​នៅក្នុង​ចំណត​ឡាន​ក្រៅ​កីឡដ្ឋាន​ដែលមាន​ចំណត​រហូតដល់ ២០០០ កន្លែង​។ ចំនួន​នេះ អាច​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​រហូតដល់​ទៅ ១០០០០ នាក់​អាច​ទស្សនា​ការប្រកួត ហើយ​ស្តាប់​ការអត្ថាធិប្បាយ​តាមរយៈ​វិទ្យុ​រថយន្ត​របស់​ពួកគេ​រៀងៗ​ខ្លួន​។​
 
​ដោយឡែក រូបភាព​ផ្ទាល់​នៅឯ​ចំណតរថយន្ត​ក៏​នឹងត្រូវ​ចាក់​បញ្ចាំង​នៅ​ខាងក្នុង​កីឡដ្ឋាន MCH ផងដែរ ដើម្បី​ឲ្យ​កីឡាករ​ដែល​កំពុង​ប្រកួត​គ្នា​មាន​អារម្មណ៍​ថា​មាន​វត្តមាន​របស់​អ្នកគាំទ្រ​ពួកគេ និង​ជា​កម្លាំងចិត្ត​ផង​។​
 
​លោក Preben Rokkjaer នាយក​ទីផ្សារ​ក្លិប FC Midtjylland បានលើកឡើង​ពី​គម្រោង​ដ៏​ពិសេស​នេះ​ថា​៖« យើង​កំពុង​ខិតខំ​បង្កើត​បទពិសោធន៍​ដែល​ល្អ​បំផុត​។ យើង​ចង់​ផ្តល់​អ្វីដែល​ពិសេស​ហើយ​ប្លែក​ទៅក្នុង​ដល់​តំបន់ និង​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់​យើង​»​។​
 
FC Midtjylland ស្ថិតនៅ​កំពូល​តារាង Superliga របស់​ដា​ណឺ​ម៉ាក​ដោយ​រកបាន​៦២​ពិន្ទុ តាម​ពីក្រោយ​ដោយ FC Koebenhavn ដែលមាន​៥០​ពិន្ទុ​ បន្ទាប់ពីឆ្លងកាត់ការប្រកួត​២៤​លើក​ដូចគ្នា​ក្នុង​រដូវ​កាល​នេះ មុនពេល​ផ្អាក​ការប្រកួត​ដោយសារ COVID-19​។ យ៉ាងណាក៏ដោយ Superliga គ្រោង​នឹង​ត្រឡប់​ទៅកាន់​ការប្រកួត​វិញ​នៅ​ថ្ងៃទី​១៧ ខែឧសភា ដើម្បី​បញ្ចប់​រដូវ​កាល​របស់ខ្លួន ដែល​នឹង​បញ្ចប់​នៅ​ចុងខែ​កក្កដា​។​
 
​ដា​ណឺ​ម៉ាក មាន​ករណី​ឆ្លង COVID-19 ចំនួន​ជាង​៧០០០​ករណី​ដែរ​គិត​ត្រឹម​ថ្ងៃទី​២០ ខែមេសា​នេះ ក្នុងនោះ​ស្លាប់​ជាង​៣៥០​នាក់ និង​សះស្បើយ​ជាង​៤១០០​នាក់​៕
 

Tag:
 COVID-19
  Danish Superliga
© រក្សាសិទ្ធិដោយ thmeythmey.com