COVID-19
ជាតិ
មន្ត្រីជំនាញ ធ្វើតេស្តរកCOVID-19 លើកម្មករ ដែលត្រឡប់ពីស្រុកកំណើតវិញ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
× ភ្នំពេញ៖ កម្មករជារាប់ពាន់នាក់ ត្រូវបានមន្ត្រីជំនាញសុខាភិបាល ពិនិត្យធ្វើតេស្តរកមេរោគកូរ៉ូណា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ មេសានេះ។
ការពិនិត្យលើសុខភាពកម្មករទាំងនោះ ដើម្បីទប់ស្កាត់ជំងឺCOVID-19 ក្រោយពីពួកគេត្រឡប់ពីស្រុកកំណើតវិញ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ។ កម្មករទាំងនោះ នឹងត្រូវដាក់ចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូលបម្រើការងារវិញ។ ការដាក់ឱ្យនៅដោយឡែកនេះ ពួកគេមិនទទួលបានប្រាក់ឈ្នួលនោះទេ លើកលែងតែកម្មករដែលមានការអនុញ្ញាតទៅស្រុកកំណើតត្រឹមត្រូវ ពីថៅកែ និងនិយោជិត ទើបអាចទទួលបានប្រាក់ឈ្នួលធម្មតា។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សូមលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ត្រីជំនាញសុខាភិបាល បានធ្វើតេស្តលើកម្មកររោងចក្រចំនួន១០ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដោយរកឃើញកម្មករ២នាក់ ចេញរោគសង្ស័យជំវិញករណីកូវីដ១៩នេះ។ បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ សំណាករបស់កម្មករទាំងពីរនេះ ត្រូវបានយកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រហើយ។ ប៉ុន្តែកន្លែងស្នាក់នៅរបស់ពួកគេនៅទីណានោះ លោក ហេង សួរ មិនអាចបញ្ជាក់បានឡើយ ដោយទុកជាការសម្ងាត់។
ក្រសួងការងារ ក៏បានរៀបចំឱ្យមានមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង ដោយរាយតាមតំបន់ដែលមានរោងចក្រច្រើននៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ។មណ្ឌលចត្តាឡីស័កទាំងនេះត្រូវបានបែងចែកជា ២កម្រិត ក្នុងនោះអគារចត្តាឡីស័កកម្រិត១ អាចស្នាក់បានលើសពី១នាក់ ហើយក្នុងមណ្ឌលចត្តាឡីស័កកម្រិត១នីមួយៗ អាចដាក់មនុស្សសរុបបានប្រហែល ២,៥០០នាក់។ ចំណែកអគារចត្តាឡីស័កកម្រិត២ ក្នុង១បន្ទប់ស្នាក់នៅបានតែម្នាក់ប៉ុណ្ណោះ ។
មណ្ឌលចត្តាឡីស័កទាំង១០ទីតាំងនោះ មាននៅសួនឧស្សាហកម្មវឌ្ឍនៈ១ នៅសួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់, សួនឧស្សាហកម្មវឌ្ឍនៈ២, វិទ្យាល័យជម្ពូវ័ន្ត, អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, សាលាបឋមសិក្សាភូមិឫស្សី និងវិទ្យាល័យឫស្សីកែវ៕
Tag:
COVID-19
សេដ្ឋកិច្ច
កម្មកររោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com