COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា បង្កើត​ប្រព័ន្ធ​មួយ អាច​តាមមើល​សកម្មភាព​អ្នក​សង្ស័យ​ពី​ការឆ្លង​កូ​វីដ
20, Apr 2020 , 9:19 pm        
រូបភាព
សកម្មភាពអតិថិជនក្នុងធនាគារមួយ ក្នុងរាជធានីភ្នំពេញ (រូបពី AFP)
សកម្មភាពអតិថិជនក្នុងធនាគារមួយ ក្នុងរាជធានីភ្នំពេញ (រូបពី AFP)
ដោយ: ថ្មីៗ
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លើកឡើងថា សមត្ថកិច្ច បាន​បង្កើត​ប្រព័ន្ធ​មួយ ដើម្បី​តាមដាន​សកម្មភាព​រប​ស់​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ និង​មើលឃើញ​សកម្មភាព​របស់​បុគ្គល​ណា​ម្នាក់ ដែល​សង្ស័យ​ពី​ការផ្ទុក​ជំងឺ​កូ​វីដ​-១៩​។

 

ក្នុង​សន្និសីទកាសែត​ប្រចាំ​សប្តាហ៍​ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ដែល​រៀបចំឡើង​ទីស្តីការក្រសួង​សុខាភិបាល នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែមេសា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង ទៅណា ក៏​គេ ដឹង​ដែរ​។ ឥឡូវ យើង​ធ្វើ​ប្រព័ន្ធ​មួយ​...​តាមដាន​រហូត​...​គេ តាម​ដាម​ដឹង​ទាំងអស់ ហើយ​លឿន រហ័ស ឆ្លើយតប​ទាន់ពេលវេលា​ទៀត​...»​។​
 
សំឡេង៖
 




រដ្ឋមន្ត្រី​សុខាភិបាល​រូបនេះ និយាយ​បែប​លេងសើច​ទៀតថា បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច មិនមែន​ត្រឹមតែ​ចាប់ចោរ​នោះទេ តែ​ថែមទាំង​ជួយ​លោក តាមរក​និង​តាម​ចាប់​កូ​វីដ​-១៩ ផងដែរ​។ 

ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មិន​ធ្វើ​អត្ថាធិប្បាយ​និង​ពន្យល់ អំពី​ប្រព័ន្ធ​តាមដាន​មួយ​នេះ​ទេ ដោយ​លោក លើក​ហេតុផល​ថា វា ជា​រឿង​សម្ងាត់​និង​ជា​រឿង​សុវត្ថិភាព សម្រាប់​ប្រជា​ប្រពល​រដ្ឋ​និង​ប្រទេសជាតិ​ទាំងមូល ដូច្នេះ មិនអាច​និយាយ​ចេញ​ជា​សាធារណៈ​ឡើយ​។ 

ម្យ៉ាងទៀត បើ​និ​យា​ចេញទៅ លោក បារម្ភ​ខ្លាចក្រែង​មានការ​យល់ច្រឡំ​ថា នគរបាល ឃ្លាំមើល​សកម្មភាព​រប​ស់​ប្រជាពលរដ្ឋ​គ្រប់រូប​។ លោក និយាយថា​៖«​ប្រា​ប់អូនឯង អូន​ឯង​យកទៅ​ផ្សព្វផ្សាយ ប្រជាពលរដ្ឋ គាត់ អន់ចិត្ត ថា គាត់​អត់​សិទ្ធិ អត់​សេរីភាព​ទៀត​...»​។​​

យ៉ាងណា លោក បាន​បង្ហើបបន្តិចដែរ​ថា សមត្ថកិច្ច ប្រើ​ប្រព័ន្ធ​នេះ សម្រាប់តែ​តាមមើល​សកម្មភាព​អ្នក ដែល​សង្ស័យ​ពី​ការផ្ទុក​ជំងឺ​កូ​វីដ​-១៩ ប៉ុណ្ណោះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ អគ្គ​ស្នងការរង​រូបនេះ បញ្ជាក់ថា​៖«...​ប៉ូលិស​ណា តាម​ដាន​ប្រជាពលរដ្ឋ​១៦​លាន​នាក់ អ៊ីចឹង យើង តាមមើល​តែ​ប្រជាពលរដ្ឋ​ណា ដែល​យើង សង្ស័យថា មាន​ផ្ទុក​កូ​វីដ​-១៩... គាត់​ទៅ​ទា​ក់នង​ជាមួយ​អ្នកណា​»​។ 

នៅ​បណ្តា​ប្រទេស​មួយចំនួន បាន​ប្រើ​ប្រព័ន្ធ​ផ្សេងៗ​ពីគ្នា ក្នុងការ​ដាម​តាន​អ្នក​ដែល​សង្ស័យថា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឬ​អាច​ហៅថា ជា​ប្រព័ន្ធគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩​។ ចំពោះ​អ្នក​ដែល​ធ្លាប់​ប៉ះពាល់​ឬ​ទាក់ទង​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ក៏​គេ អាច​ប្រើ​ប្រព័ន្ធ​តាមដាន​ទាំងនោះ ស្វែងរក​បានដែរ​។

ជាក់ស្តែង កូរ៉េខាងត្បូង បាន​បង្កើត​កម្មវិធី កូ​រ៉ូ​ណា​ចម្ងាយ ១០០​ម៉ែត្រ (Corona 1០០m app) ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជៀសវាង​ពី​ករណី​ឆ្លង និង​ដឹង​ពី​ទីតាំង​ឆ្លង​កូ​វីដ​-១៩​។ តាមរយៈ​កម្មវិធី​នេះ ប្រសិន​ប្រជាជន​ស្ថិតនៅ​ចម្ងាយ​១០០​ម៉ែត្រ ឬ​តិចជាង​នេះ ពី​ទីតាំង​កើតមាន​កូ​វីដ​-១៩ កម្មវិធី Corona 1០០m app នឹង​ជូនដំណឹង​ប្រាប់​ភ្លាម ដោយ​មិនចាំបាច់​ឲ្យ​មនុស្ស​ចូលទៅ​ស្វែងរក​ប្រវត្តិ​នៃ​ការធ្វើដំណើរ​របស់​អ្នកជំងឺ​ទៅ​ទីតាំង​ណា​។​ 

ចំណែក កម្មវិធី​មួយទៀត គឺ​គេហទំព័រ Coronamap ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​មើល ដើម្បី​ដឹងថា តើ​អ្នកជំងឺ​កូ​វីដ​-១៩ ធ្លាប់ធ្វើ​ដំណើរ​ទៅ​ទីតាំង​ណាខ្លះ ក្នុងប្រទេស​កូរ៉េខាងត្បូង និង​បង្ហាញ​ពី​ទីតាំង កំពុង​ផ្ទុក​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។

ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​ជាច្រើន បាន​ប្រើ​កម្មវិធី​ទាំងពីរ​នេះ ដើម្បី​បង្ការ​ករណី​ឆ្លង​ថ្មី​។​

កូរ៉េខាងត្បូង ធ្លាប់​ត្រូវបាន​ចាត់ទុកជា​ប្រទេសមួយ ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើន​គួរសម​ដែរ តែ​ក្រោយមក បាន​ចាត់វិធានការ​ទប់ស្កាត់​ទាន់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង មិនសូវ​កើនឡើង ហើយ​ចំនួន​អ្នកជា​សះស្បើយ មានការ​កើនឡើង​។ គិត​ត្រឹម​ថ្ងៃទី​២០ ខែមេសា កូរ៉េខាងត្បូង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាង​១​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​ស្លាប់​២៣៦​នាក់ និង ជាសះស្បើយ​ជាង​៨​ពាន់​នាក់​។ 

នៅ​កម្ពុជា មន្ត្រី​មាន​សមត្ថកិច្ច បន្ត​ស្វែងរក​អ្នក​ដែល​សង្ស័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​រៀងរាល់ថ្ងៃ តាម​មធ្យោបាយ​នានា​។ ប៉ុន្តែ រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ កម្ពុជា មាន​ព័ត៌មាន​ល្អ​ជាប់​គ្នា​រហូត ដោយ​មិនមាន​ករណី​ឆ្លង​ថ្មី​ឡើយ ហើយ​អ្នកជា​សះស្បើយ ចេះតែ​កើនឡើង​។​

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែមេសា នៅ​កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​១៩ ១០៧​នាក់​ហើយ ដែលជា​សះស្បើយ ក្នុងចំណោម​អ្នក​ឆ្លង​១២២​នាក់​។ នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩ តែ​១៥​នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​។ 

ទោះ​ស្ថានភាព​ជំងឺ​កូ​វីដ-១៩ នៅកម្ពុជា ហាក់​មាន​សភាព​ធូរស្រាល​បន្តិច​ក្តី តែ​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ក្រើនរម្លឹក​ប្រជាជន ឲ្យ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​សុខភាព​ជាប្រចាំ​ថ្ងៃ​។ 
 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៩ ខែមេសា ប្រមុខ​រដ្ឋាភិបាល ផ្ញើ​សារ​ជូន​ប្រជាជន ដូច្នេះ​ថា​៖«...​ត្រូវ​ចងចាំ​គ្រប់ពេល​ថា ជំងឺឆ្លង​កូ​វីដ​-១៩ គឺជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​បំផុត ដែល​ក្នុង​តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ វា អាច​បង្ក​វិនាស​កម្មបាន​យ៉ាង​ឆាប់រហ័ស​បំផុត​...»៕ 

Tag:
 COVID-19
  ប្រព័ន្ធ​តាមដាន
© រក្សាសិទ្ធិដោយ thmeythmey.com