COVID-19
ជាតិ
COVID-19៖ សម្រាប់អ្នកជំងឺបរទេស កម្ពុជាចំណាយជាង២ពាន់ដុល្លារក្នុង១ករណី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល
× ភ្នំពេញ៖ រដ្ឋាភិបាល ចំណាយជាង២ពាន់ដុល្លារ លើការព្យាបាលជនបរទេសដែលមានជំងឺកូវីដ-១៩ ក្នុងមួយករណី។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលថ្លែងនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី២០ មេសា។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការព្យាបាលនេះ គឺចំណាយលើការធ្វើតេស្តរកមេរោគ ចន្លោះពី១០០ ទៅ១២០ដុល្លារ ក្នុងមួយដង។ ដូច្នេះបើសិនជាអ្នកជំងឺបន្តការព្យាបាលរយៈពេល១០ថ្ងៃនោះ រដ្ឋនឹងចំណាយលើការធ្វើតេស្តអស់ ១០០០ដុល្លារ ដោយមិនទាន់គិតពីការហូបចុក និងថ្នាំព្យាបាលឡើយ។
ឆ្លើយតបនឹងសំនួរ អ្នកកាសែតជុំវិញការព្យាបាលរបស់អ្នកជំងឺកូវីដ-១៩នោះ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំគិតជាមធ្យមសម្រាប់បរទេស ហើយនូវអាហារហូបចុករបស់គាត់ទៀត ដូច្នេះខ្ញុំគិតជាមធ្យមសម្រាប់អ្នកដែលសម្រាក(ព្យាបាល) ចាប់ពី១០ថ្ងៃឡើងទៅ ប្រហែលខ្ទង់២០០០ដុល្លារ ទៅ២៥០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយករណី។ នេះជាការប៉ាន់ស្មានទេ»។
រដ្ឋាភិបាល បានទម្លាក់ថវិកា៣០លានដុល្លារ ឱ្យក្រសួងសុខាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ក្រសួង បានចំណាយអស់ជាង៤លានដុល្លារហើយ។
ក្រៅពីនេះ ក៏មានថវិកា១៣លានដុល្លារទៀតពីសប្បរសជន តាមការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ក្នុងនោះក៏ត្រូវបានចំណាយអស់៦លានដុល្លារវិញដែរ ដោយបូកទាំងថវិកា១លានដុល្លារ ដែលបានផ្ទេរទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់យកទៅចំណាយលើការធ្វើតេស្តកម្មកររោងចក្រ ដែលវិលត្រលប់ពីស្រុកកំណើតវិញ ក្រោយពិធីចូលឆ្នាំខ្មែរ។ នេះបើតាមលោកស្រី យក់ សម្បត្តិ។
បើតាមរដ្ឋលេខាធិការរូបនេះ គ្រូពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន៥០ដុល្លារក្នុងមួយថ្ងៃ លើប្រាក់បៀវត្សមូលដ្ឋានផងដែរ។
កម្ពុជា បានធ្វើតេស្តលើសំណាកវិភាគជិត១ម៉ឺននាក់ហើយ ។ តួលេខធ្វើតេស្តនេះ គឺច្រើនជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានទៀត។ គិតត្រឹមថ្ងៃទី២០ មេសានេះ កម្ពុជា អ្នកជំងឺកូវិដ១៩ ចំនួន១២២នាក់ ក្នុងនោះជាសះស្បើយ១០៧នាក់ហើយ៕
Tag:
COVID-19
ម៉ម ប៊ុនហេង
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com