COVID-19
ជាតិ
​អ្នកនាំពាក្យ ព្រមាន​ម្តង​ហើយ​ម្តងទៀត​ពី​គ្រោះថ្នាក់ បើ​ពលរដ្ឋ​ភ្លេចខ្លួន ដោយ​គិតថា​លែងមាន​កូ​វីដ​-១៩
20, Apr 2020 , 5:50 pm        
រូបភាព
​ភ្នំពេញ​៖ «​ប្រសិនបើ​បុគ្គល​គ្រប់រូប​ភ្លេចខ្លួន ហើយ​បែរជា​គិតថា​អស់​មាន​បញ្ហា​កូ​វីដ​១៩​ហើយ ហើយ​វិធានការ​ការពារ​ខ្លួន​មិនបាន​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេនោះ ការ​រាល​ត្បា​ត ឬ​ការវាយលុក​នៃ​ជំងឺ​កូ​វីដ​១៩ នឹង​អាច​កើតមានឡើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នា​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​២០ មេសា​។​


 
​រយៈពេល​១​សប្ដាហ៍​នេះ កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី​ជំងឺ​កូ​វីដ​១៩​ឡើយ​។ ទោះបី​កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី ប៉ុន្តែ​លោកស្រី ឱ វណ្ណឌី​ន នៅតែ​អះអាងថា លទ្ធផល​នេះ មិនទាន់​បញ្ជាក់ថា​កម្ពុ​ជា​រួច​ផុតពី​ការវាយលុក​នៃ​ជំងឺ​កូ​វីដ​១៩​នោះទេ​។ លោកស្រី លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន​ថា នៅក្នុងពេល​ខាងមុខនេះ យើង​មិនត្រូវ​ប្រហែស​ទេ​។ យើង​នឹង​អាច ប្រសិនបើ​បុគ្គល​គ្រប់រូប ភ្លេចខ្លួន ហើយ​បែរជា​គិតថា​យើង​អស់​មាន​បញ្ហា​កូ​វីដ​១៩​ហើយ ហើយ​វិធានការ​ការពារ​ខ្លួន​យើង​នេះ យើង​មិនបាន​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេនោះ​។ ការ​រាល​ត្បា​ត ឬ​ការវាយលុក​នៃ​ជំងឺ​កូ​វីដ​១៩ នឹង​អាច​កើតមានឡើង​»​។
 


 
​ការលើកឡើង​របស់​អ្នកនាំពាក្យ​ខាងលើ ក្នុង​គោលបំណង​មិន​ចង់​ឲ្យ​មាន​ករណី​ឆ្លង​ថ្មី​ទៅកាន់​សហគមន៍ ខណៈ​កម្ពុជា​ដែល​ករណី​ឆ្លង​ជាការ​នាំចូល​។ លោកស្រី ឱ វណ្ណឌី​ន ពន្យល់​ទៀតថា​៖ «​យើង​ស្ថិតនៅក្នុង​ខ្សែបន្ទាត់​ក្រហម ដូច្នេះ​ជើង​របស់​យើង​មិនត្រូវ​ឆ្លង​ផុតពី​ខ្សែបន្ទាត់​ក្រហម​នេះ​ឲ្យ​សោះ​។ ហើយ​យើង​ត្រូវខិតខំ​ថែរក្សា​សុខភាព ដោយ​បុគ្គល​គ្រប់រូប ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​»​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២០ មេសា​នេះ  កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១២២​ករណី ក្នុងនោះ​១០៧​នាក់ បានជា​សះស្បើយ​។  ដោយឡែក ចំនួន​វត្ថុ​សំណាក​ដែល​បានធ្វើ​វិភាគរ​កកូ​វីដ​-១៩​នេះ មាន​ជិត ១​ម៉ឺន​សំណាក ដោយ​គិត​ចាប់ពី​ខែ មករា ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០៕

Tag:
 COVID19
  សុខាភិបាល​
  ឱ វណ្ណឌី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com