COVID-19
អន្តរជាតិ
WHO ថា អត់​មាន​លាក់បាំង​ព័ត៌មាន​អ្វី​ពី COVID-19 ឡើយ​
21, Apr 2020 , 11:59 am        
រូបភាព
អគ្គនាយក​ WHO លោក Tedros Adhanom Ghebreyesus។ រូបភាព AFP
អគ្គនាយក​ WHO លោក Tedros Adhanom Ghebreyesus។ រូបភាព AFP
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) នៅតែ​អះអាងថា ខ្លួន​មិនបាន​លាក់បាំង​ព័ត៌មាន​អ្វី​ទាក់ទង​នឹង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ ការអះអាង​នៅ​ថ្ងៃទី​២០ ខែមេសា ជាការ​ឆ្លើយតប​នឹង​ការចោទប្រកាន់​ម្ដង​ហើយ​ម្ដងទៀត​របស់​អាមេរិក​ដែលថា អង្គការ​នេះ​មិនបាន​ចាត់ចែង​ការងារ​ឲ្យ​ត្រឹមត្រូវ និង​មិន​ផ្ដល់ព័ត៌មាន​ពេល COVID-19 ចាប់ផ្ដើម​លេចមុខ ហើយ​ស៊ុំគ្រលំ​ជាមួយ​ចិន​ទៅទៀត​។

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២០ ខែមេសា អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាន​អះអាង​ជាថ្មី​ថា អង្គការ​របស់លោក បាន​និយាយ​តាំងពី​ដើមទី​មកពី​គ្រោះថ្នាក់​នៃ​វីរុស​ដែល​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ហើយ​មិនដែល​បិទបាំង​ព័ត៌មាន​ណាមួយ​ឡើយ​។ លោក Tedros បញ្ជាក់ថា អង្គការ​របស់លោក ក៏​គ្មាន​អាថ៌កំបាំង​អ្វី​ទាំងអស់​។ 
 
WHO បាន​ក្លាយជា​មុខសញ្ញា​រិះគន់​របស់​អាមេរិក និង​ប្រទេស​មួយចំនួនទៀត​ចំពោះ​ចំណាត់​ការខ្លួន​តប​នឹង​ការផ្ទុះ COVID-19 នៅ​ចិន ហើយក៏​រាលដាល​ពេញ​ពិភពលោក​ដូច​បច្ចុប្បន្ន​។ ទីក្រុង​វ៉ាស៊ីនតោន ចោទ WHO ថា មិនបាន​ផ្ដល់ព័ត៌មាន​ច្បាស់លាស់​នៅ​ដំណាក់កាល​ដំបូង ហើយ​ណែនាំ​មិន​ឲ្យ​មាន​ការបិទ​ជើងហោះហើរ​ទៀតផង​ក្រោម​ហេតុផល​ថា ប៉ះពាល់​សេរីភាព និង​មិនអាច​ទប់ស្កាត់​វីរុស​បាន​អ្វី​ទាំងអស់​។ អាមេរិក ក៏​ថែមទាំង​ប្រកាស​ផ្អឹប​លុយ​សម្រាប់ WHO ផងដែរ​។​
 
«​យើង​បាន​ព្រមាន​តាំងពី​ថ្ងៃទី​មួយ​ថា នេះ​ជា​បិសាច​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​ប្រយុទ្ធ​ជាមួយ​។​» លោក Tedros និយាយ​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​។ អគ្គនាយក​អង្គការ​ទទួលបន្ទុក​សុខ​ភាព​អន្តរជាតិ​រូបនេះ បន្ថែមថា អ្នកជំនាញ​១៥​មកពី​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺឆ្លង​របស់​អាមេរិក (CDC) បានធ្វើការ​ជាមួយ WHO លើ​ការឆ្លើយតប​នឹង COVID-19 ដែល​ការណ៍​នេះ​បង្ហាញថា គ្មាន​អ្វីដែល​ត្រូវ​លាក់បាំង​ឡើយ​។​
 
​ប្រមុខ WHO ក៏​អះអាង​ឡើងវិញ​ថា ស្ថាប័ន​របស់លោក គឺ​បើកចំហរ មិន​លាក់​ព័ត៌មាន ហើយ​មានតែ​ផ្ដល់ព័ត៌មាន​ដល់​ប្រទេស​ទាំងអស់​ឲ្យ​បាន​រហ័ស សំដៅ​ជួយ​ពួកគេ​ក្នុងការ​ត្រៀមខ្លួន​បានល្អ និង​លឿន​ផងដែរ​។ 
 
​ឯ​រឿង​តៃវ៉ាន់​វិញ លោក Tedros និយាយ​ការពារ​ថា តៃវ៉ាន់ មិនមែនជា​ប្រទេស​ដំបូង​ដែល​ផ្ញើ​សារ​សួរនាំ​ពី​ជំងឺ​នេះឡើយ​។ លោក Tedros ទំនងជា​ឆ្លើយតប​ទៅ​អា​មេ​រិល​ដែល​ចោទ WHO ថា មិន​អើពើ​នឹង​ការព្រមាន​របស់​តៃវ៉ាន់​ពី​ជំងឺ​រលាក​សួត​ម្យ៉ាង​នៅ​វូ​ហាន​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ។ លោក​អគ្គនាយក​បន្ថែម​ថា តៃវ៉ាន់​មិនបាន​រាយការណ៍​បែប​នោះឡើយ​៕  

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com