COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបចិនចាប់ផ្តើមសង់កីឡដ្ឋានធំជាងគេលើលោក តម្លៃ១,៧ពាន់លានដុល្លារ
× ក្លិបបាល់ទាត់ Guanzhou Evergrande នៃលីគកំពូលចិនបានចាប់ផ្តើមដំណើរការសាងសង់កីឡដ្ឋានបាល់ទាត់ធំជាងគេលើលោកហើយ បន្ទាប់ពីជំងឺរាតត្បាត COVID-19 ថមថយកាន់តែច្រើនក្នុងប្រទេសនេះ។ ក្លិបយក្សចិនមួយនេះ គ្រោងចំណាយទឹកប្រាក់ជិត២ពាន់លានដុល្លារអាមេរិកដើម្បីសង់កីឡដ្ឋានដែលផ្ទុកទស្សនិកជនដល់ទៅមួយសែននាក់នេះ។
កីឡដ្ឋានដែលមានរូបរាងដូចផ្កាឈូករបស់ក្លិបកីឡាបាល់ទាត់យក្ស Guanzhou Evergrande នៃលីគកំពូលចិន (CSL) បានចាប់ផ្តើមសាងសង់ហើយក្នុងរង្វង់ទឹកប្រាក់ ១,៧ពាន់លានដុល្លារអាមេរិក ហើយរំពឹងថានឹងរួចរាល់នៅក្នុងឆ្នាំ២០២២។
កីឡដ្ឋានបាល់ទាត់ដែលធំជាងគេលើលោកមួយនេះ អាចផ្ទុកអ្នកទស្សនាផ្ទាល់រហូតដល់១០០០០០នាក់ និងកៅអីអង្គុយពិសេសៗជាច្រើនកន្លែងទៀត ដោយគោរពតាមស្តង់ដារបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។
កីឡដ្ឋានដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ នេះនឹងយកទៅរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ Asian Cup ឆ្នាំ ២០២៣ ។ វាជាសញ្ញាបង្ហាញថា លីគបាល់ទាត់ និងចិនក៏ប្រាកដចិត្តថា ការប្រមូលផ្តុំមនុស្សដ៏ច្រើនក្នុងកម្មវិធីកីឡា នឹងចាប់ផ្តើមឡើងវិញដោយគ្មានការរឹតត្បិតនៃច្រាប់គម្លាតសុវត្តិភាពដូចពេលនេះ។
ក្លិប Guanzhou Evergrande ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអចលនទ្រព្យធំជាងគេនៅប្រទេសចិនឈ្មោះ Evergrande ដែលរកចំណូលបាន ៦៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ មិនត្រឹមតែសង់កីឡដ្ឋាននេះឡើយ ក្លិបម្ចាស់ជើងឯក CSL រដូវកាលមុន ក៏គ្រោងសាងសង់កីឡដ្ឋានពីរ ទៅបីទៀតដើម្បីត្រៀមទុករៀបចំធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោក World Cup នៅថ្ងៃណាមួយខាងមុខផងដែរ៕
Tag:
Guanzhou Evergrande
COVID-19
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com