COVID-19
ជាតិ
កម្មករ​៣៨​នាក់ ត្រូវបាន​ផ្ទេរ​ពី​ការដាក់​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ទៅផ្ទះ​វិញ​
21, Apr 2020 , 5:24 pm        
រូបភាព
​ភ្នំពេញ​៖ កម្មករ​៣៨​នាក់ ដែល​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​អស់​រយៈពេល​១២​ម៉ោង នៅ​មណ្ឌល​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន (​វិទ្យាល័យ​ជម្ពូរ​វ័​ន្ត​) ត្រឡប់ទៅផ្ទះ​វិញ ។ ប៉ុន្តែ​ពួកគេ​ត្រូវ​បន្ត​ច​ត្តា​ឡី​ស័ក​ខ្លួនឯង នៅតាម​ផ្ទះ​រៀងខ្លួន​។ នេះ​បើតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​



មូល​ហេតុដែល​ក្រសួង​ការងារ សម្រេច​ឱ្យ​កម្មករ​ទាំងនោះ ផ្ទេរ​ការធ្វើ​ច​ត្តា​ឡី​ស័ក ពី​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ទៅ​នៅ​ក្នុងផ្ទះ​វិញ​នេះ ដោយសារតែ​ពួកគេ ស្ថិតនៅ​ក្នុងករណី​សង្ស័យ​ប្រយោល​ប៉ុណ្ណោះ​។ មានន័យថា កម្មករ​ទាំង​៣៨​នាក់​នេះ គឺជា​អ្នកដំណើរ​មកជា​មួ​យក​ម្មករ​១៨​នាក់​ទៀត ដែល​ត្រូវបាន​យក​សំណាក​ទៅធ្វើ​តេស្ត ហើយ​កំពុងស្ថិត​នៅក្រោម​ការតាមដាន​សុខភាព​អគារ​ច​ត្តា​ឡី​ស័ក​ក្នុង​កម្រិត​២(​មួយ​បន្ទប់ នៅតែ​មួយ​នាក់​) នៃ​វិទ្យាល័យ​ជម្ពូរ​វ័​ន្ត​នេះ​។​
 
​បើតាម​ក្រសួង​ការងារ សំណាក​កម្មករ​១៨​នាក់​ទៀត ដែល​ត្រូវបាន​យកទៅ​ធ្វើតេស្ត​នោះ ចេញ​លទ្ធផល​មក​អវិជ្ជមាន ប៉ុន្តែ​ក្រសួង​ត្រូវការ​ធ្វើតេស្ត​ជា​លើក​ទី​២ ម្ដងទៀត​។​
 
​គិត​ត្រឹម​ម៉ោង​១១ ព្រឹក​ថ្ងៃទី​២១ មេសា កម្មករ​-​កម្មការិនី ជិត​១៥០០​នាក់ ដែល​ត្រូវបាន​ពិនិត្យ​សុខភាព និង​ដាក់​ឱ្យនៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្រោយ​ពិនិត្យ​សុខភាព​រក​COVID-19 ។ ក្នុងនោះ​សំណាក​កម្មករ​ចំនួន​៤៤​នាក់ ត្រូវបាន​បញ្ជូនទៅ​ធ្វើតេស្ត​រក​COVID-19 បន្ត​។ នេះ​បើតាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​
 
​ក្រសួង​ការងារ បាន​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​សុខាភិបាល បានរៀបចំ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ចំនួន​១០ កន្លែង ដើម្បី​ពិនិត្យ​សុខភាព​កម្មករ​រោងចក្រ​ដែល​បាន​ឈប់​ពេល​ចូលឆ្នាំ និង​ទើប​វិលត្រឡប់​ចូលធ្វើការ​វិញ​។ ក្នុងចំណោម​កម្មករ​រោងចក្រ​ជិត​១៥០០​នាក់ មាន​កម្មករ​៤៤​នាក់ ដែល​ត្រូវដាក់​ឱ្យនៅ​ដោយឡែក​កម្រិត​២ (​ក្នុង​មួយ​បន្ទប់​អាច​រស់នៅ​បានតែ​១​នាក់​ប៉ុណ្ណោះ )​នៃ​វិទ្យាល័យ​ជម្ពូរ​វ័​ន្ត ។ ក្រៅពីនេះ កម្មករ​ជាង​១៣៧៣​នាក់​ទៀត ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤​ថ្ងៃ ៕​

Tag:
 COVID-19
  កម្មករ​រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com