ជាតិ
សម្ដេច ស ខេង សម្រេច​ផ្អាក​សកម្មភាព​អង្គការ​មួយ ដែល​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​
22, Apr 2020 , 3:22 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានសម្រេច​ផ្អាក​សកម្មភាព​អង្គការ​ការពារ និង​អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​២១ មេសា​។ ការសម្រេច​ផ្អាក​សកម្មភាព​អង្គការ​មួយ​នេះ ក្រោម​ហេតុផល​ថា អង្គការ​នេះ បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​។​


 
​សម្ដេច ស ខេង បានបញ្ជាក់​ក្នុង​លិខិត​ថា អង្គការ​នេះ បានធ្វើ​សកម្មភាព​ផ្ទុយ​ពី​ប្រការ​៨ នៃ​លក្ខន្តិកៈ​របស់ខ្លួន ដែល​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​ពុំបាន​បំពេញ​កាតព្វកិច្ច​តាម​ការកំណត់​ក្នុង​បទ​ប្បញ្ញត្តិ​មាត្រា​១០ និង​មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ បើតាម​រដ្ឋមន្ត្រី​មហាផ្ទៃ សកម្មភាព​ខុសច្បាប់រ​បស់​អង្គការ​នេះ នឹងធ្វើ​ឱ្យមាន​ការយល់​ច្រឡំ​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​
 
​លិខិត​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សម្រេច​ផ្អាក​សកម្មភាព​របស់​អង្គការ​ការពារ និង​អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា ជា​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​៩០​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ទៅ​»​។​
 
​ក្រសួងមហាផ្ទៃ ក៏បាន​ទុកពេល​៣០​ថ្ងៃ ឱ្យ​អង្គការ​មួយ​នេះ ធ្វើ​របាយការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ ចន្លោះ​ពី​២០១៧​ដល់​២០១៩ ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី និង​អាស័យដ្ឋាន​ស្នាក់ការ​កណ្ដាល​អង្គការ​ផងដែរ​។ «​ក្នុងករណី​មិន​អនុវត្តតាម​ការជូនដំណឹង​នេះ ក្រសួងមហាផ្ទៃ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​៕

Tag:
 ស ខេង​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com