កីឡាអន្តរជាតិ
អន្តរជាតិ
Premire League អាច​នឹងរង​គ្រោះ ប្រសិន​រជ្ជទាយាទ Bin Salman ក្លាយជា​ម្ចាស់ Newcastle
22, Apr 2020 , 3:46 pm        
រូបភាព
​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​ព្រមាន​ក្របខណ្ឌ Premier League ថា នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ បើ​អនុញ្ញាត​ឲ្យ​រជ្ជទាយាទ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រះអង្គម្ចាស់ Mohammed Bin Salman ក្លាយជា​ម្ចាស់​ក្លិប Newcastle United​។ ព្រះអង្គម្ចាស់ Bin Salman រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស ករណី​ជាប់​ពាក់ព័ន្ធ​សម្លាប់​អ្នកកាសែត Jamal Khashoggi​។​


 
​ក្លិប Newcastle United កំពុង​ឈានដល់​កិច្ចព្រមព្រៀង​លក់​ក្នុងតម្លៃ​ប្រហែល ៣០០ លាន​ផោន (៣៦៨ លាន​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​សម្ពន្ធ​ក្រុមហ៊ុន​អា​រ៉ា​ប៊ី​សា​អូឌីត​មួយទៀត​ដែល​ពាក់ព័ន្ធ​នឹង​ព្រះអង្គម្ចាស់ Mohammed bin Salman ។​
 
​ពាក់ព័ន្ធ​នឹង​ការ​ទិញដូរ​ក្លិប​នេះ មាន​ប្រភព​គួរ​ទុកចិត្ត​មួយ​រាយការណ៍​នៅ​ថ្ងៃទី​២១ ខែមេសា​ថា ប្រាក់​កក់​ចំនួន ១៧ លាន​ផោន (២១​លាន​ដុល្លារ​អាមេរិក​) ត្រូវបាន​បង់​ទៅ​ឲ្យ​ម្ចាស់​ក្លិប​បច្ចុប្បន្ន​លោក Mike Ashley រួចទៅហើយ មុន​កិច្ច​ព្រម​ពៀង​ចុងក្រោយ​។​
 
​ដោយសារ ទ្រង់ Salman មាន​ជាប់​ពាក់ព័ន្ធ​លើ​ការបញ្ជា​ឲ្យ​សម្លាប់​អ្នកសារព័ត៌មាន Jamal Khashoggi ក្នុង​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត នាទី​ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី អង្គការ​លើកលែងទោស​អន្តរជាតិ​ដែល​ព្យាយាម​ការពារ​លើ​ការរំលោភ​សិទ្ធិមនុស្ស​បាន​ព្រមាន​ទៅកាន់​លី​គ​កំពូល​អង់គ្លេស​ថា ដរាបណា​លី​គ​មិនបាន​ផ្តល់​ការការពារ​ហ្មត់ចត់​ណាមួយ​សម្រាប់​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​អនុញ្ញាត​ឲ្យ​មានការ​កាន់កាប់​នេះ​ទេ នោះ​វា​នឹងធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​លី​គ​មិន​ខាន​។​
 
​ក្រុម​អ្នក​រិះគន់​បាន​ចោទ​អារ៉ាប៊ីសាអ៊ូឌីត​ថា បាន​ព្យាម​យាម​ប្រើប្រាស់​កីឡា​ជា​មធ្យោបាយ​ដើម្បី​បង្វែរ​ស្ថាន​កា​រលើ​កំណត់ត្រា​រំលោភបំពាន​សិទ្ធិមនុស្ស​របស់​ពួកគេ​។ ដូច្នេះ​ក្របខណ្ឌ Premier League ត្រូវ​សម្រេច​ថា តើ​ម្ចាស់​ថ្មី​បាន​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​ក្នុងនាម​ជា​ម្ចាស់ និង​នាយក​ក្លិប​ត្រឹមត្រូវ​ហើយ​ឬ​នៅ​។​
 
​ក្នុងករណី​នេះដែរ នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ​ចក្រភព​អង់គ្លេស អ្នកស្រី Kate Allen បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​នាយក​ប្រតិបត្តិ​ក្របខណ្ឌ Premier League លោក Richard Masters ដោយ​បង្ហាញ​ពី​កង្វល់​របស់​អង្គការ ជុំវិញ​ការកាន់កាប់​ក្លិប​របស់​រជ្ជទាយាទ Salman ដែល​កំពុង​ជាប់​ក្តីក្តាំ​រំ​លោព​សិទ្ធិមនុស្ស​។ អ្នកស្រី​លើកឡើងថា​៖ «​ជំនួញ​ទាំងអស់​ចាំបាច់​ត្រូវការពារ​ប្រឆាំងនឹង​ការផ្សារភ្ជាប់​ណាមួយ​ដែល​អាច​កើតមាន​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស ហើយ​កីឡាបាល់ទាត់​អង់គ្លេស​ក៏ត្រូវ​តែ​ធ្វើបែបនេះ​ដូចគ្នា​»៕

Tag:
 Premier League
  Newcastle United
  Mohammed Bin Salman
© រក្សាសិទ្ធិដោយ thmeythmey.com