អន្តរជាតិ
បើ​លោក គីម ជុង​អ៊ុន មាន​បញ្ហា​ដូច​ចចាមអារ៉ាម​មែន តើន​រណា​ស្នង​តំណែង​?
22, Apr 2020 , 8:29 pm        
រូបភាព
​នៅ​ថ្ងៃទី​២១ ខែមេសា សារព័ត៌មាន​ធំៗ​ជាច្រើន​បាន​ផ្សាយ​ពី​សុខភាព​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​ត្រូវបាន​រាយការណ៍​ថា ជួប​បញ្ហា​ធ្ងន់ធ្ងរ​ក្រោយ​ការវះកាត់​បេះដូង​។ វេ​ប​សាយ Daily NK ដែល​តាមដាន​ស្ថានការណ៍​កូរ៉េខាងជើង ជា​អ្នក​ចេញផ្សាយ​មុនគេ ហើយ​ក្រោយមក​ទូរទស្សន៍​អាមេរិក CNN ក៏​ស្រង់​សម្ដី​មន្ត្រី​ចារកម្ម​អាមេរិក​ថា វ៉ាស៊ីនតោន​កំពុង​តាមដាន​ព័ត៌មាន​នេះដែរ ប៉ុន្តែ​កូរ៉េខាងត្បូង​អះអាងថា មិនមាន​បញ្ហា​អ្វី​លើ​លោក គីម ឡើយ​។ ក្នុងករណី​លោក គីម ធ្លាក់ខ្លួន​មិនអាច​ដឹកនាំ​កូរ៉េខាងជើង​មែន​នោះ តើន​រណា​នឹង​ស្នង​តំណែង​បន្ត​?

 
​សុខភាព​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជា​អាថ៌កំបាំង​មួយ​សម្ងាត់​បំផុត​នៅ​កូរ៉េខាងជើង​។ ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឺង​លើ​លំហូរ​ព័ត៌មាន​នៅ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​ទទួលបាន​ព័ត៌មាន​ពិត​ពី​បញ្ហាសំខាន់​ណាមួយ​ណាស់ កុំថាឡើយ​ដល់​រឿងរ៉ាវ​ទាក់ទង​នឹង​មេដឹកនាំ​កំពូល​ទៅទៀត​នោះ​។ ព័ត៌មាន​ផ្លូវការ​ទាំងអស់ គឺ​ត្រូវ​រង់ចាំ​ការផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង KCTV ឬ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ជាដើម​។​

១. លោក គីម ជុង​អ៊ុន ពិត​ជាមាន​បញ្ហា​សុខភាព​មែន 
 
​ទោះ​ការផ្សាយ​របស់​ទូរទស្សន៍ CNN ធ្វើ​ឲ្យ​រញ្ជួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ក្ដី គេ​ក៏​នៅ​តែ​មិនទាន់​ច្បាស់​ពី​សុខភាព​លោក គីម ដដែល​។ សូម្បីតែ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​មន្ត្រី​របស់លោក​ត្រូវបាន CNN ស្រង់​សម្ដី​តែ​មិន​បញ្ចេញ​ឈ្មោះ ក៏​និយាយថា លោក​មិនដឹង​អ្វី​ទាំង​អស់ពី​បញ្ហា​ផ្ទាល់ខ្លួន​លោក គីម ។   
 
​ប៉ុន្តែ​អ្វីដែល​គេ​ដឹង​នោះ គឺ​លោក គីម ពិត​ជាមាន​បញ្ហា​សុខភាព​មែន​។ មេដឹកនាំ​កូរ៉េខាងជើង ត្រូវបាន​គេ​ដឹងថា ជា​មនុស្ស​ជក់បារី​ខ្លាំង ផឹកស្រា និង​មាន​ជំងឺ​ទឹកនោមផ្អែម​ផង​។ ពេល​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​ផ្សាយ​សកម្មភាព​លោក គីម ជួប​មន្ត្រី ឬ​ចុះ​មូលដ្ឋាន គេ​តែង​ឃើញ​លោក​ជក់បារី​យ៉ាង​ញឹកញាប់​។ កន្លែង​ដែល​លោក​អង្គុយ តែងមាន​ចាន​គោះ​បារី​ជានិច្ច​។ កាលពី​ឆ្នាំ​២០១៤ លោក គីម ធ្លាប់​បាត់​មុខ​ជាង​៥០​ថ្ងៃ ហើយ​ក្រោយមក គេ​ក៏​ឃើញ​លោក​កាន់​ឈើច្រត់​ដើរ​ផងដែរ​។  
 
២. នរណា​ស្នង​តំណែង បើ​លោក គីម មាន​បញ្ហា​ឥឡូវ​មែន​?
 
​ព័ត៌មាន​នៃ​បញ្ហា​សុខភាព​របស់លោក គីម ជុង​អ៊ុន ពេលនេះ បាន​រំលេច​ភាពមិន​ច្បាស់​នៃ​ការបន្ត​តំណែង​នៅ​កូរ៉េខាងជើង ព្រោះ​ក្នុង​រយៈពេល​នៃ​ការ​កាន់តំណែង​មិនទាន់បាន​មួយ​ទសវត្សរ៍​ផង​នោះ លោក​ទំនង​មិនទាន់​គិតគូរ​ដល់​រឿង​បន្តវេន​អ្វី​ឡើយ​។ ក្នុងករណី លោក គីម មាន​បញ្ហា​សុខភាព​ខ្លាំង​មែន​នោះ សាច់ញាតិ​ត្រកូល គីម ផ្សេងទៀត ទំនងជា​ដឹកនាំ​កូរ៉េខាងជើង​បន្តបាន ដោយមាន​ជំនួយ​ពី​មន្ត្រីជាន់ខ្ពស់​របស់​បក្ស និង​រដ្ឋ​។ 
 
​អ្នកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​លោក គីម ជុង​អ៊ុន ត្រូវបាន​មើលឃើញថា ជា​បេក្ខភាព​ម្នាក់​មកពី​ត្រកូល គីម ។ អ្នកស្រី​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជួរ​បក្ស​ពលករ​កូរ៉េ និង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​បក្ស​ផងដែរ​។ អ្នកស្រី ត្រូវបាន​មើលឃើញថា ជាម​នុស្ស​ជំនិត​របស់​បងប្រុស​ខ្លួន ហើយ​តែង​ធ្វើដំណើរ​ជាមួយគ្នា​។ ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ចិន និង​កូរ៉េខាងត្បូង សុទ្ធ​តែមាន​វត្តមាន​អ្នកស្រី​។ ប៉ុន្តែ​គេ​មិនដឹងថា មន្ត្រីជាន់ខ្ពស់​ដទៃ ឈរ​ខាង​អ្នកស្រី​ឬ​យ៉ាង​ណាឡើយ​។​
 
​លោក គីម ជុង​អ៊ុន នៅមាន​បងប្រុស​បង្កើត​ម្នាក់ទៀត​ឈ្មោះ គីម ចុង​ឈុ​ល ។ ប៉ុន្តែ​លោក គីម ចុង​ឈុ​ល មិនដែល​ចេញមុខ​លើ​ឆាកនយោបាយ​ឡើយ ហើយ​គេ​ក៏មាន​ឥទ្ធិពល​អ្វី​ដូច​ប្អូនស្រី​ដែរ​។ អតីត​អ្នកការទូត​កូរ៉េខាងជើង ថេ យ៉ុង​ហូ ដែល​កំពុង​រស់នៅ​កូរ៉េខាងត្បូង និយាយថា លោក គីម ចុង​ឈុ​ល ជា​មនុស្ស​ស្រឡាញ់​ហ្គី​តា ហើយ​មិន​ខ្វល់ខ្វាយ​នឹង​នយោបាយ​អ្វី​ទេ​។ យ៉ាងណាមិញ ជា​សាច់ញាតិ​ត្រកូល គីម ភេទ​ប្រុស លោក គីម ចុង​ឈុ​ល ទំនង​អាចមាន​ការគាំទ្រ​ច្រើន​។​
 
​ក្រៅពី​បងប្អូន​បង្កើត លោក គីម ក៏មាន​កូនប្រុស​ស្រី​ផងដែរ​។ បើតាម​ភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង លោក គីម ដែលមាន​វ័យ​ខ្ទង់​៣៦ឆ្នាំ មានកូន​បីនាក់​ជាមួយ​ភរិយា រី សុល​ជូ ។ កូនប្រុស​របស់លោក អាចមាន​អាយុ​១០​ឆ្នាំ​។ បើ​លោក គីម ចង់​ឲ្យ​កូន​ខ្លួន​បន្ត​តំណែង​នោះ លោក​ត្រូវបាន​ជំនួយ​ពី​ប្អូនស្រី​ដែល​ប្រលូក​ក្នុង​នយោបាយ​បានយូរ និង​មន្ត្រី​ជំនិត​ក្នុងការ​តម្រង់ទិស ឬ​ដឹកនាំ​កូរ៉េខាងជើង​សិន ទម្រាំ​កូនប្រុស​ធំ​ល្មម​។​
 
​លោក ឆេ យ៉ុង​ហេ មនុស្ស​មានអំណាច​ទី​ពីរ​បន្ទាប់ពី​លោក គីម និង​អតីត​នាយករដ្ឋមន្ត្រី ប៉ាក់ ពុង​ជូ ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​កូរ៉េខាងជើង​ដែល​អាចជួយ​ឃ្លាំមើល​កិច្ចការ​ប្រទេសជាតិ បើ​អ្នក​បន្ត​តំណែង​មិនទាន់​អាចដឹកនាំ​ប្រទេស​បាន​៕
 

Tag:
 គីម ជុង​អ៊ុន​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com