COVID-19
កីឡាជាតិ
ជាតិ
ម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ ត្រូវបានលើកពេលទៅឆ្នាំក្រោយ ដោយសារកូវីដ-១៩
× ព្រឹត្តិការណ៍រត់ម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ ដែលគ្រោងធ្វើនៅខែសីហា ឆ្នាំ២០២០ នាខេត្តសៀមរាប នឹងត្រូវលើកពេលទៅរៀបចំនៅឆ្នាំក្រោយ ដោយសារការបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩។
ស្របពេលប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនលើពិភពលោក កំពុងប្រឈមនឹងការរាតត្បាត នៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី កម្ពុជាបានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរនៅឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំក្រោយ ពោលគឺក្រោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩មានភាពធូរស្រាល។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
នេះជាព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិទី២ បន្ទាប់ពីកម្ពុជា បានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញ ដែលគ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២០។ តាមលោក វ៉ាត់ ចំរើន ការផ្អាកនេះ ធ្វើឡើងក្រោយមានការសំណូមពរពីអត្តពលិកជាតិ និងអន្តរជាតិ។ លោកបន្តថា អ្នកដែលបានចុះឈ្មោះ និងបង់ថ្លៃចូលរួមព្រឹត្តិការណ៍នេះរួចហើយ គណៈកម្មការនឹងរក្សាទុក រហូតដល់ព្រឹត្តិការណ៍នេះរៀបចំឡើងវិញ។ ក្នុងន័យនេះ គឺអ្នកដែលចុះឈ្មោះ និងបង់ថវិការួចហើយនៅឆ្នាំនេះ ពុំចាំបាច់ចុះឈ្មោះ ឬបង់ប្រាក់ម្តងទៀតនោះទេ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បន្តទៀតថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅខេត្តសៀមរាប ដែលអាចទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ឲ្យចូលរួម នាអំឡុងខែធ្នូ កំពុងស្ថិតក្នុងការពិចារណា ថាតើគួររៀបចំនៅឆ្នាំនេះ ឬត្រូវលើកពេល ដូចព្រឹត្តិការណ៍ទាំងពីរខាងលើ។ តែយ៉ាងណា លោក វ៉ាត់ ចំរើន អះអាងថា ការផ្អាក ឬមិនផ្អាក វាអាស្រ័យលើស្ថានភាពជាក់ស្តែងនៅពេលនោះ។
គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កម្ពុជាបានអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន១២២នាក់ ហើយបានព្យាបាលជាសះស្បើយចំនួន១១០នាក់។ ដូច្នេះកម្ពុជានៅមានអ្នកជំងឺតែ១២នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល។ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាពុំបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ថ្មីនោះឡើយ៕
Tag:
ម៉ារ៉ាតុន
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com