COVID-19
ជាតិ
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ក្រៅពីបាត់ចំណូលច្រើន អ្នកលក់លៀសហាលប្រឹងដើរលក់ទាំងអារម្មណ៍ភ័យខ្លាចឆ្លងកូវីដ-១៩
× ភ្នំពេញ៖ ជាទូទៅនៅរដូវប្រាំង របរលក់លៀសហាលមានទីផ្សារច្រើន ដែលអាចរកចំណូលបានប្រមាណ ៣០០ទៅ៤០០ដុល្លារក្នុងមួយខែ។ អំឡុងពេលជួបវិបត្តិដោយការរាលដាលជំងឺកូវីដ-១៩ បានធ្វើឲ្យអ្នកប្រកបមុខរបរលក់លៀសហាល និងខ្ចៅស្ងោរជាដើម បាត់បង់ចំណូលលើសពីពាក់កណ្តាលនៃចំណូលដែលពួកគាត់ធ្លាប់រកបាន ហើយពួកគាត់ប្រឈមនឹងបោះបង់មុខរបរប្រចាំថ្ងៃមួយនេះទៀតផង។ លើសពីនេះ អ្នកដែលកំពុងបន្តប្រកបរបរនេះ ប្រឹងដើរលក់ទាំងអារម្មណ៍ភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
អ្នកស្រី ហុង ជឿន ជាអ្នកលក់លៀសហាលនៅផ្សារច្បារអំពៅ បានលើកឡើងថា អ្នកស្រីពិតជាបារម្ភពីការកើតមាននូវជំងឺកូវីដ១៩ នៅពេលមកលក់លៀសហាលបែបនេះ ប៉ុន្តែ អ្នកស្រីគ្មានជម្រើសអ្វីក្រៅពីនេះឡើង។ អ្នកស្រី ជឿន និយាយទាំងក្តីបារម្ភដូច្នេះប្រាប់ ThmeyThmey25 ៖«ប្រសិនបើ តទៅមុខទៀតនៅតែមិនមានមនុស្ស ហើយកាន់តែស្ងាត់បែបនេះ ខ្ញុំក៏មិនដឹងថាទៅរកអ្វីផ្សេងទៀតដែរ»។
ចំណែកអ្នកស្រី សុខ រ៉ាន់ ជាអ្នកលក់លៀសហាលនៅផ្សារបឹងកេងកង បានឆ្លើយប្រាប់ ThmeyThmey25 ថា៖ «ខ្លាចឆ្លងជំងឺ គឺចេះតែខ្លាចហើយ ប៉ុន្តែឲ្យធ្វើយ៉ាងម៉េចបើយើងក្រ អីចឹងមានតែមកលក់ ដើម្បីបានលុយខ្លះ។ ហើយបើលក់លែងបាន គឺទៅនៅស្រុកវិញហើយ»។
រីឯអ្នកស្រី សុង សារ៉េត ជាអ្នកលក់ខ្ចៅតាមផ្លូវក្នុងសង្កាត់ផ្សារដើមថ្កូវ ក៏ត្អូញត្អែរពីការបាត់ចំណូលរបស់អំឡុងពេលកូវីដ១៩នេះដែរ។ អ្នកស្រីដែលរុញរទេះលក់ខ្ចៅកណ្តាលថ្ងៃក្តៅ រូបនេះ បានលើកឡើងដូច្នេះ៖ «ឥឡូវលក់មិនបានទេ វេទនាលក់ណាស់។ ពីមុនធ្លាប់តែលក់បាន១-២តៅក្នុងមួយថ្ងៃ ប៉ុន្តែ ពេលនេះលក់មិនបានទេមួយថ្ងៃលក់មិនអស់១តៅផង»។
© រក្សាសិទ្ធិដោយ thmeythmey.com