COVID-19
ជាតិ
អ្នកស្រី ប៉ូ សុផាត ដាក់ប្រាក់ក្នុងថង់ពេលទិញទំនិញ ដើម្បីការពារការឆ្លងកូវីដ១៩
× ភ្នំពេញ៖ ព្រោះតែខ្លាចឆ្លងកូវីដ-១៩ តាមរយៈការកាន់ប្រាក់ញឹកញាប់ អ្នកស្រី ប៉ូ សុផាត ដែលរស់នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល បានដាក់ប្រាក់ក្នុងថង់ នៅរាល់ពេលចេញទៅទិញទំនិញនៅលើទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី ព្យាយាមឱ្យប្រាក់ទៅអ្នកលក់គ្រប់តម្លៃទំនិញ ដើម្បីចៀសរាងការអាប់ត្រឡប់មកវិញផងដែរ។ ក្រោយទិញទំនិញចប់សព្វគ្រប់ ស្ត្រីកូន៣រូបនេះ ប្រញាប់ប្រញាល់លាងដៃនឹងទឹកមេស្រាភ្លាមៗ មុនពេលមកដល់ផ្ទះ លាងដៃនឹងសាប៊ូម្ដងទៀត។
រស់នៅជនបទក៏ពិតមែន ប៉ុន្តែគ្រួសាររបស់អ្នកស្រី ប៉ូ សុផាត មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩។ ចាប់តាំងពីមានជំងឺរលាកសួតប្រភេទថ្មីនេះមក ផ្ទះរបស់អ្នកស្រី ប៉ូ សុផាត ត្រូវបានកំហិតចំពោះការកាន់ប្រាក់។ ស្ត្រីកូន៣រូបនេះ ទទួលភារកិច្ចកាន់ប្រាក់តែម្នាក់ឯងប៉ុណ្ណោះ ដើម្បីទិញទំនិញសព្វសារពើ សម្រាប់គ្រួសារធំ ដែលមានសមាជិក១១នាក់។
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ ខណៈពេលដែលអ្នកស្ រីកំពុងស្ថិតនៅក្នុងផ្សារដែលនៅក្នុងភូមិ ក្រោយពីទិញទំនិញរួច ស្ត្រីវ័យជិត៤០ឆ្នាំរូបនេះ បានរៀបរាប់ថា ការដាក់ប្រាក់ក្នុងថង់ គឺដើម្បីបញ្ចៀសពីការកាន់ប្រាក់ ក្នុងរយៈពេលយូរ ម្យ៉ាងក៏ដើម្បីភាពងាយស្រួល ក្នុងការយកប្រាក់ចេញចូលសម្រាប់ទិញទំនិញដែរ។
អ្នកស្រីពន្យល់បន្ថែមដូច្នេះ៖«ខ្ញុំដាក់ប្រាក់ក្នុងថង់បែបនេះ វាងាយស្រួលយកទៅទិញរបស់របរ។ ម្យ៉ាង ក៏ដើម្បីការពារការឆ្លងកូវីដ-១៩ដែរ ព្រោះខ្ញុំឮគេនិយាយថា មេរោគវាអាចទំជាប់នឹងលុយដែរ»។
ការការពារនៅមានបន្តទៀត សម្រាប់អ្នកស្រី ប៉ូ សុផាត គឺក្រោយពីទិញទំនិញចប់រួចរាល់។ អ្នកស្រីចាប់ផ្ដើមលាងដៃនឹងមេស្រាភ្លាមៗ មុនពេលមកដល់ផ្ទះលាងដៃនឹងសាប៊ូបន្ថែមទៀតនោះ។ ទោះជាយ៉ាងណាស្ត្រីពាក់អាវចាក់ពណ៌ស្វាយ និងពាក់ម៉ាស់ពណ៌ឈាមជ្រូករូបនេះ ប្រាប់ពីមូលហេតុ ដែលអ្នកស្រីមិនប្រើទឹកអាល់កុលថា៖«សុខភាពរបស់ខ្ញុំទទួលយកក្លិនស្រាបាន ប៉ុន្តែចំពោះទឹកអាល់កុល សុខភាពរបស់ខ្ញុំទទួលយកមិនបានទេ។ ពេលទៅផ្សារ ខ្ញុំព្យាយាមដើរឆ្ងាយពីកន្លែងដែលមានមនុស្សច្រើន។ បើថ្ងៃណា ខ្ញុំដើរទៅប៉ះគេ ឬគេដើរមកប៉ះខ្ញុំ ពេលមកដល់ផ្ទះ ខ្ញុំប្រញាប់ងូតទឹកក្ដៅ ហើយសម្លៀកបំពាក់ទាំងនោះ ខ្ញុំគក់នឹងសាប៊ូភ្លាម»។
ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តរីករាយទស្សនា វីដេអូសកម្មភាពដើរផ្សារនៅក្នុងភូមិ របស់អ្នកស្រី ប៉ូ សុផាត ដូចតទៅ៖
Tag:
កូវីដ
ការពារ
ប្រាក់
ទំនិញ
© រក្សាសិទ្ធិដោយ thmeythmey.com