ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
កូ​វីដ​-១៩៖ ជាង​១​ទសវត្សរ៍​, អចលនទ្រព្យ​កម្ពុជា​ជួប​សុបិន​អាក្រក់​២​ដង តើ​ពេលណា​ខ្លះ​?
26, Apr 2020 , 12:09 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងអំឡុង​ឆ្នាំ​២០០៦-២០០៧ តម្លៃ​អចល​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​ហក់​ឡើង​ខ្លាំង​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេសមួយ​នេះ ​តាំងពី​ក្រោយ​របប​ប៉ុលពត​ឆ្នាំ​១៩៧៩​មក​។ ប៉ុន្តែ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​២០០៨​ បាន​រុញ​វិស័យ​អចលនទ្រព្យ​ខ្មែរ​ឲ្យ​ធ្លាក់ចុះ​វិញ​។ ស្រុតចុះ​រហូតមកដល់​ឆ្នាំ​២០១៣ មុននឹង​​ហក់​ឡើងវិញ​ខ្លាំង ចាប់តាំងពី​ឆ្នាំ​២០១៧ រហូតមកដល់​ចុងឆ្នាំ​២០១៩ មុននឹង​ស្រុតចុះ​ឡើងវិញ​ម្តងទៀត​។ តើ​ពេលណា​ទើប​វិស័យនេះ​ងើបឡើង​វិញ​?

 
​អ្នក​ចូលចិត្ត​លេងល្បែង​«​ដីធ្លី​ផ្ទះសម្បែង​»​ពិតជា​អាច​នៅចាំ​ព្រឹត្តិការណ៍​វិបត្តិ​អចលនទ្រព្យ​ឆ្នាំ​២០០៨​ នៅក្នុង​ប្រទេស​កម្ពុជា​។ នៅក្នុង​អំឡុង​ពេលនោះ មាន​អ្នក​ចំណេញ​កប់​ក្តោង ដោយ សារតែ​អ្នក​ទាំងនោះ ទិញ​ហើយ លក់​វិញ​ភ្លាម យកប្រាក់​ចំណេញ​ដាក់​ក្នុង​ហោប៉ៅ​។ ជាការ​ពិត មាន​អ្នក​ចំណេញ តែ​ក៏មាន​អ្នក​ខាត​ឡុងចុង​ដែរ​។ អ្នក​ខាត ភាគច្រើន ច្រើនតែ​ទិញ​ហើយ មិន​ចង់​លក់​ចេញ​វិញ​ភ្លាមៗ​ទេ ដោយ​រង់ចាំ​តម្លៃ​ឡើង​ខ្ពស់​បន្តិច​ថែមទៀត​។ តែ​អ្វីៗ​មិន​ដូច​ការគិត​ឡើយ​។ ឆ្នាំ​២០០៨​ មកដល់វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក ​ដែល​កើតឡើង ក៏បាន​ទាញ​តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ឲ្យ​ដាំ​ក្បាល​ចុះ​ផងដែរ​។ អ្នក​រង់ចាំ​ចំណេញ​ច្រើន ក៏​ខាតបង់​ច្រើន​ទៅវិញ​។ 
 
​សូម​រម្លឹក​បន្តិច​ថា មុន​ពេលដែល​វិស័យ​អចលនទ្រព្យ​ដាំ​ក្បាល​ចុះ​វិញ​ ដោយសារ​ឥទ្ធិពល​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នៅ​ឆ្នាំ​២០០៨​នោះ វិស័យ​អចលនទ្រព្យ​កម្ពុជា ទទួលបាន​កំណើន​យ៉ាងខ្លាំង​នៅ​អំឡុង​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៧ ដោយសារ​ការបោះ​ទុនវិនិយោគ​ ពី​ជនជាតិ​កូរ៉េខាងត្បូង​។ គម្រោង​ធំៗ​របស់​ជនជាតិ​កូរ៉េ​ បាន​ទាញ​ឲ្យ​វិស័យ​អចលនទ្រព្យ​ខ្មែរ​ ហក់​ឡើង​ខ្លាំង​។ គម្រោង​ធំៗ​ដែល​គេ​មើលឃើញ នាពេលនោះ គឺមាន​អគារ​មាស ៤២ ជាន់ (Golden Tower ៤២) នៅតាម​បណ្តោយ​មហាវិថី​ព្រះមុន្នីវង្ស និង​គម្រោង ខាំ​កូ ស៊ី​ធី (Camko City)​។ 
 
​ងាក​មក​និយាយ​ពី​ស្ថានភាព​អចលនទ្រព្យ​ ក្នុង​ចន្លោះ​ឆ្នាំ​២០១៧-២០១៩​វិញ ទឹកប្រាក់​វិនិយោគ​ នៃ​ជន​ជាតិចិន​បាន​ចាក់​បញ្ចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​ទៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​។ ការចាក់​បញ្ចូល​យ៉ាងច្រើន​នេះ ​បាន​ជំរុញ​ឲ្យ​វិស័យ​ខាងលើ​ពុះ​ឡើង​ភ្លាម​។ ដីធ្លី​នៅ​ទីក្រុង​ធំៗ ដូចជា នៅ​ក្រុងព្រះសីហនុ និង​ភ្នំពេញ​ហក់​ឡើង​ខ្លាំង ហើយ​ចំហាយ​របស់​វា​ បាន​សាយភាយ​ទៅកាន់​តំបន់​ឆ្ងាយៗ​ផ្សេងទៀត​ផងដែរ​។ ការ​ហក់​ឡើង​តម្លៃ​អចលនទ្រព្យ ​ក្នុង​ឆ្នាំ​២០១៧-២០១៩​នេះ គឺជា​ការ​ហក់​ឡើង​លើក​ទី​២​ មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិ​នៃ​ប្រទេស​កម្ពុជា​។

ដីធ្លី ផ្ទះសម្បែង ថ្លៃឈ្នួល​ឡើងថ្លៃ​កប់​ពពក​។ នៅ​ក្រុងព្រះសីហនុ ផ្ទះ​ល្វែង​មួយ​ល្វែង​ អាច​លក់បាន​ក្នុងតម្លៃ​ជិត​កន្លះ​លាន​ដុល្លារ ហើយ​បើ​ជួល​វិញ មួយ​ល្វែង​អាច​ជួល​បាន​ប្រមាណ​ជា​៥​ពាន់​ដុល្លារ ​ក្នុង​មួយខែ​។ អ្នក​ជួល​កាលនោះ ភាគច្រើន​ជា​ជនជាតិ​ចិន​។ តែ​អ្នកទិញ​ដីធ្លី និង​ផ្ទះសម្បែង ភាគច្រើន គឺជា​ជនជាតិខ្មែរ​។ ជនជាតិខ្មែរ​ ទិញ​ក្នុង​ក្តី​រំពឹងទុក​ជួល​ឲ្យ​ជនជាតិ​ចិន ឬ​ទុក​លក់​យកចំណេញ​បន្តទៀត​។ ក្នុងអំឡុង​ពេលនោះ អ្នកទិញ​មុនដំបូង​ក៏​ចំណេញ​កប់​ក្តោង​ដែរ​។ តែ​អ្វីៗ​មិន​ទៀងទាត់​ឡើយ​។ 
 
​ស្របពេល​តម្លៃ​ចេះតែ​កើនឡើង​ខ្លាំង អ្នកជំនាញ​សង្គម​-​សេដ្ឋកិច្ច និង​អ្នក​«​លេងល្បែង​»​អចលនទ្រព្យ បាន​លើក​ជា​សំណួរ​ថា តើ​តម្លៃ​អចលនទ្រព្យ ​នឹង​បន្ត​កើនឡើង​ទៀត​ឬទេ​ នៅ​ឆ្នាំ​២០១៩-២០២០ ​ខាងមុខនេះ​? នេះ គឺជា​សំណួរ​ដែល​គ្មាន​នរណាម្នាក់​ អាច​ផ្តល់​ចម្លើយ​ជាក់ច្បាស់​បានឡើយ ព្រោះនៅក្នុង​ល្បែង​នេះ វា​តែងតែមាន​អ្នក​ខាត និង​អ្នក​ចំណេញ​។ អ្នកវិភាគ​សង្គម​-​សេដ្ឋកិច្ច​ខ្លះ ​ហៅ​សេដ្ឋកិច្ច​អចលនទ្រព្យ​ថា ជា​សេដ្ឋកិច្ច​ពពុះ​សាប៊ូ (​ប៉ោង ហើយ​បែក​)​។ អ្នក​ខ្លះទៀត ហៅ​ការ​ឡើងថ្លៃ​អចលនទ្រព្យ​ថា ជា​សកម្មភាព​«​បំប៉ោង​ស្ថានការណ៍​»​ឬ​«​បំប៉ោង​»​តម្លៃបន្ថែម​។ 
 
​ទោះជា​មិនមាន​នរណា​ហ៊ាន​ទស្សន៍​ទាយ ​ឲ្យ​ពិតប្រាកដ​ក៏ដោយ​ក្តី ក៏​នាពេលនោះ ស្ថាប័នហិរញ្ញវត្ថុ​ធនាគារពិភពលោក​ ធ្លាប់បាន​ដាស់តឿន ​ពី​ហានិភ័យ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែរ​។ នាយក​គ្រប់គ្រង​ធនាគារពិភពលោក លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រា​ចា​ កាលនោះ ធ្លាប់បាន​និយាយថា វិស័យ​ទាំងពីរ​នេះ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ឆាប់​ប៉ោង និង​ងាយ​ផ្ទុះ​បែក​វិញ​។ «​វិស័យ​សំណង់ និង​អចលនទ្រព្យ កាន់តែ​ងាយ​ធ្លាក់​ក្នុង​វដ្ត​ស្ថានភាព​ឆាប់​ប៉ោង ហើយ​ឆាប់​ផ្ទុះ​ទៅវិញ ហើយ​កំណើន​ការផ្ដល់​ហិរញ្ញប្បទាន ក្នុងការ​ស្រុក​នៅក្នុង​វិស័យ​សំ​ណង់ នឹង​កាន់តែ​បង្កើន​ហានិភ័យ​ថែមទៀត ដល់​វិស័យ​ហិរញ្ញវត្ថុ​ដែរ​»​។ នេះ​ជាការ​លើកឡើង របស់លោក​ស្រី អ៊ិន​ហ្គូ​ណា ដែល​មិនទាន់​អាច​វាយតម្លៃ​ពី​រយៈពេល​ នៃ​ការធ្លាក់ចុះ​វិញ របស់​វិស័យ​ទាំងពីរ​នេះ​នៅឡើយ​។ 
 
​ក្រោយ​ការអត្ថាធិប្បាយ​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​ តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ពោល គឺ​នៅ​ចុងឆ្នាំ​២០១៩ តម្លៃ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​ ចាប់ផ្តើម​ដាំ​ក្បាល​ចុះ​វិញ ជាពិសេស អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​។ ការដាំ​ក្បាល​ចុះ​នៅ​ក្រុងព្រះសីហនុ​ បាន​ទាញ​តម្លៃ​ដីធ្លី​នៅ​កន្លែង​ផ្សេង​នៅក្នុង​ប្រទេស​កម្ពុជា ​ឲ្យ​ធ្លាក់ចុះ​ស្រឺ​តៗ​ផងដែរ​។ តើ​មូល​ហេតុអ្វី ​បានជា​សេដ្ឋកិច្ច​ពពុះ​សាប៊ូ​ប៉ោង​ឡើង ហើយ​ផ្ទុះ​ទៅវិញ​? 
 
​មាន​កត្តា​បីយ៉ាង​ ដែល​រុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ដួលរលំ​ទៅវិញ​។ ទី​១ ទីផ្សារ​អចលនទ្រព្យ​កាល​ក្នុងអំឡុង​ឆ្នាំ​២០១៧-២០១៩​នោះ គឺ​ចាល់​ខ្លាំងណាស់ ហើយ​តម្លៃ​វិញ​ឡើង​កប់​ពពក ទាំង​តម្លៃ​អចលនទ្រព្យ ទាំង​តម្លៃ​ជួល​។ ហើយ​ការ​ឡើងថ្លៃ​នេះ គឺ​ដោយសារ​វត្តមាន​អ្នកជំនួញ​ជនជាតិ​ចិន​។ ទី​២ គឺ​ដោយសារ ការប្រកាស​បិទ​កាស៊ីណូ​អន​ឡាញ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ក្រុងព្រះសីហនុ ដែលជា​កត្តា​ជំរុញ​ឲ្យ​អ្នកជំនួញ​ជនជាតិ​ចិន​មួយចំនួនធំ​ ត្រឡប់​ទៅ​ស្រុកកំណើត​វិញ និង​ចំណុច​ទី​៣ គឺ​ការ​រាតត្បាត​នៃជំងឺ​កូ​វីដ-​១៩​។ កូ​វីដ​-១៩ មិនមែន​សម្លាប់​តែម​នុស្ស​ទេ តែ​វា​សម្លាប់​ដីធ្លី ផ្ទះសម្បែង​នៅក្នុង​ប្រទេស​កម្ពុជា​​ដែរ​។ ស្ថានភាព​ជាក់ស្តែង ក្នុង​ទីផ្សារ​អចលនទ្រព្យ​នាពេលនេះ មានតែ​អ្នកលក់ តែ​ខ្វះ​អ្នកទិញ​។ បើ​និយាយ​បែប​ជំនួញ គឺថា ការផ្គត់ផ្គង់​លើស​តម្រូវការ​។ អ្នកវិនិយោគ​លើ​អចលនទ្រព្យ​ខ្លះ ជាប់គាំង​ប្រាក់​ច្រើន​ម៉ឺន​សែន​លាន​ដុល្លារ ​ក្នុង​ជំនួញ​ដីធ្លី​។ អ្នក​ខ្លះទៀត ជំពាក់​លុយ​ធនាគារ បង្វិល​អ្វី​ក៏​មិន​ចេញ​ដែរ​។
 
តើ​វិស័យ​អចលនទ្រព្យ​អាច​ងើប​ឡើងវិញ​នៅពេលណា​? 
 
​នេះ គឺជា​សំណួរ​ដែល​ពិបាក​ឆ្លើយ​បំផុត​។ តែ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ មូ​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០២០ គឺមាន​កំណើន​ក្រោម​សូន្យ​។ បើ​ការ
ទស្សន៍ទាយ​ខាងលើ​ ពិតជា​ត្រឹមត្រូវ​មែន ពេលនោះ គេ​អាច​ប៉ាន់ស្មាន​បាន​ថា វិស័យ​អចលនទ្រព្យ​ មិនអាច​ងើបឡើង​វិញ​នៅមុន​ឆ្នាំ​២០២១ ឬ​២០២២​បានឡើយ​។ ឆ្នាំ​២០២១ ឬ​២០២២ អាចជា​ពេលវេលា​ នៃ​សុខភាព​សេដ្ឋកិច្ចកម្ពុជា​ទូទៅ​ងើប​ប្រសើរ​ឡើងវិញ ហើយ​វិស័យ​អចលនទ្រព្យ​ ក៏​ប្រហែលជា​ត្រូវការ​ពេលវេលា​ដូចគ្នា​ដែរ​។ 
 
​សុបិន​អាក្រក់​ធ្លាប់​ជួប​ហើយ តើ​អ្នក​ចូលចិត្ត​លេងល្បែង​អចលនទ្រព្យ ​នឹង​បន្ត​លេង​ទៀត​ឬទេ​? 

© រក្សាសិទ្ធិដោយ thmeythmey.com