ការរីករាលដាលនៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី(កូវីដ-១៩)បានធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកបង្ខំចិត្តផ្អាក ឬលើកពេលការរៀបចំព្រឹត្តិការណ៍កីឡារបស់ខ្លួន។
ព្រឹត្តិការណ៍ប្រដាល់កម្រិតអន្តរជាតិ ក៏ត្រូវបានផ្អាកដោយសារជំងឺនេះផងដែរ។ កត្តានេះបានជះឥទ្ធិពលមិនល្អដល់កីឡាការិនី នៅ ស្រីពៅ ដែលមានប្រាក់ចំណូលពឹងផ្អែកលើការឡើងសង្វៀនប្រដាល់នៅក្រៅប្រទេស។
អ្នកលេងគុនខ្មែរជួរមុខកម្ពុជាកីឡាការិនី នៅ ស្រីពៅ បានខកខានក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសជាបន្តបន្ទាប់ ក្រោយម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រដាល់លំដាប់អន្តរជាតិសម្រេចផ្អាក និងលើកពេលប្រកួត ដោយសារបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ការផ្អាក ឬលុបចោលការប្រកួតនេះ បានធ្វើឲ្យម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមរូបនេះ បាត់បង់ប្រាក់ចំណូលរាប់ពាន់ដុល្លារនៅឆ្នាំនេះ។
តាមគម្រោងនៅឆ្នាំនេះ ស្រីពៅ គ្រោងចេញទៅប្រកួតនៅប្រទេសថៃ ជប៉ុន និងត្រៀមខ្លួនទទួលភ្ញៀវក្នុងព្រឹត្តិការណ៍ World Lethwei Championship(WLC) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែជាអកុសលដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ទាំងនេះត្រូវផ្អាក ដោយលើកពេលទៅរៀបចំនៅឆ្នាំក្រោយ។
កីឡាការិនី នៅ ស្រីពៅ (ស្តាំ)ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE កាលពីពេលកន្លងទៅ
បើតាមកីឡាការិនី នៅ ស្រីពៅ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍នៅប្រទេសថៃ ដែលគ្រោងចូលរួមពី៣ទៅ៤ប្រកួត នាងអាចទទួលបានតម្លៃពលកម្មចន្លោះពី៧០០ទៅ៨០០ដុល្លារ ខណៈនៅប្រទេសជប៉ុនចន្លោះពី១ពាន់ទៅ១,៣០០ដុល្លារ។ ចំណែកព្រឹត្តិការណ៍ប្រដាល់ WLC រូបគេអាចទទួលបានតម្លៃខ្លួនចាប់ពី១,៥០០ដុល្លារឡើងទៅ។
ការខកខានចេញទៅប្រកួតនៅក្រៅប្រទេស គួបផ្សំនឹងការពន្យាពេលប្រមូលផ្តុំក្រុមជម្រើសជាតិប្រដាល់សកលអាចធ្វើឲ្យម្ចាស់ជ័យលាភីអ្នកប្រដាល់ស្រីឆ្នើមប្រចាំស្ថាប័ន WLC រូបនេះ ជួបការលំបាកផ្នែកជីវភាពនៅឆ្នាំនេះ។ ដ្បិតប្រាក់ចំណូលដែលផ្គត់ផ្គង់គ្រួសារ គឺរូបគេពឹងផ្អែកទាំងស្រុងលើការឡើងសង្វៀន និងវិស័យកីឡា។ នៅកម្ពុជា ស្រីពៅ ពុំសូវមានទីផ្សារប្រកួតនោះទេ ដ្បិតសង្វៀនប្រដាល់ភាគច្រើននៅកម្ពុជាសុទ្ធសឹងជាបុរស។
ម្ចាស់ខ្សែក្រវាត់ប្រដាល់គុនខ្មែរអន្តរជាតិរូបនេះបានត្អូញត្អែរយ៉ាងដូច្នេះថា៖«ឆ្នាំនេះ គេលុបចោលការប្រកួតអស់ធ្វើឲ្យខ្ញុំជួបការពិបាក ព្រោះជីវភាពគ្រួសារខ្ញុំពឹងផ្អែកលើសង្វៀនប្រដាល់នៅក្រៅប្រទេស ដោយសារកម្ពុជាយើងពុំសូវមានគូប្រកួតជាស្ត្រី។ មិនដឹងពេលណាជំងឺកូវីដ-១៩បាត់ទៅវិញទេ បើបន្តតែបែបនេះទៀត គ្រួសារខ្ញុំប្រហែលជាដាច់បាយមិនខាន ព្រោះមានតែចំណាយ អត់មានចំណូល»។
នៅ ស្រីពៅ ហាក់ជោគជ័យខ្លាំងនៅលើឆាកអន្តរជាតិ នាង ធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក ONE Championship ចំនួនពីរលើកក្នុងនោះយកឈ្នះកីឡាការិនីថៃ Rika Ishige ដោយពិន្ទុ តែចាញ់កីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol។ អ្វីដែលកាន់តែអស្ចារ្យកីឡាការិនីរូបនេះ បានយកឈ្នះកីឡាការិនីមីយ៉ាន់ម៉ាពីររូបក្នុងព្រឹត្តិការណ៍ World Lethwei Championship នៅលើទឹកដីមីយ៉ាន់ម៉ា។ ជ័យជម្នះនេះជួយឲ្យនាងក្លាយជាកីឡាការិនីឆ្នើមប្រចាំស្ថាប័ន WLC៕