COVID-19
ជាតិ
សង្គមជាតិ
ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ កម្មករ​ប្រមូល​សំរាម​បន្តការងារ​ដ៏​ប្រឈម​នឹង​ការឆ្លង​កូ​វីដ​-១៩
23, Apr 2020 , 4:05 pm        
រូបភាព
អ្នកស្រី យី ហន កម្មករបោសសម្អាតរបស់ក្រុមហ៊ុន ស៊ីនទ្រី ដៃកំពុងកាន់អំបោស បោសសម្អាតមុខអគារចត្តាឡីស័ក ក្នុងសាលារៀនជម្ពូវ័ន។
អ្នកស្រី យី ហន កម្មករបោសសម្អាតរបស់ក្រុមហ៊ុន ស៊ីនទ្រី ដៃកំពុងកាន់អំបោស បោសសម្អាតមុខអគារចត្តាឡីស័ក ក្នុងសាលារៀនជម្ពូវ័ន។
​ភ្នំពេញ​៖ នៅផ្ទះ​! ធ្វើការ​ពី​ផ្ទះ​! ពិតជា​មិនអាច​ទៅរួច​នោះឡើយ​សម្រាប់​អាជីព​មួយចំនួន ក្នុងនោះ​មាន​ក្រុមកម្មករ​ប្រមូល​សំរាម​ជាដើម​។ ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀត  កម្មករ​បោស និង​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ពិតជា​បារម្ភ​ខ្លាំងណាស់​ពី​ការឆ្លង​កូ​វីដ​-១៩ ដោយសារតែ​ពួកគាត់​មិនមាន​មធ្យោបាយ​ការពារ​គ្រប់គ្រាន់​។ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ អ្នកសារព័ត៌មាន​ថ្មីៗ បាន​សាកសួរ​កម្មករ​បោស​សំរាម​មួយក្រុម ដោយ​ពួកគាត់​លើកឡើង​ដូចៗគ្នា​ពី​កង្វះ​លទ្ធភាព​ក្នុង​ការទិញ​ម៉ាស់ ស្រោមដៃ  និង​ទឹក​អាល់កុល​។​

 
​ក្នុង​បរិវេណ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន ជម្ពូ​វ័ន​(​សាលារៀន​ជម្ពូ​វ័ន​)  ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​ជា​កន្លែង​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​សុខភាព​រក​មេរោគ​កូ​វីដ​-១៩ របស់​កម្មករ​រោងចក្រ​ដែល​ទើប​ត្រឡប់​ពី​ស្រុកកំណើត ក្រោយ​បាន​ឈប់​ពេល​ចូលឆ្នាំ​ អ្នកស្រី យី ហន ដែលជា​កម្មករ​បោសសម្អាត​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ក៏ដូចជា​កម្មករ​ជិត​១០​នាក់​ទៀត កំពុង​បោស​សំរាម​នៅមុខ​អគារ​ដែល​គេ​បានដាក់​កម្មករ​នៅ​ដាច់ដោយឡែក​ពី​គេ​ក្នុង​រយៈពេល​១៤​ថ្ងៃ​(​ច​ត្តា​ឡី​ស័ក​) ក្នុង​បន្ទប់ និង​ទីកន្លែង​ផ្សេងៗ​ទៀត​។ 
 
អត្ថបទទាក់ទង
 
​ស្ត្រី​ដែលជា​កម្មករ​បោស​សំរាម​នៅតាម​ដង​វី​ថី​នានា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ  ត្រូវបាន​មេក្រុម​របស់ខ្លួន​ឱ្យមក​បោសសម្អាត​អនាម័យ​នៅ​បរិវេណ​សាលារៀន​ជម្ពូ​វ័ន​នេះ តាំងពី​ថ្ងៃ​១៨ ខែមេសា មកម្ល៉េះ ដោយ​គ្មាន​ផ្តល់ ឬ​ចែក​នូវ​សម្ភារ​នានា ដូចជា​ម៉ាស់ ទឹក អាល់កុល និង​ស្រោមដៃ​-​ស្រោមជើង​អនាម័យ​ជាដើម ដើម្បី​ការពារ​នៃ​ការឆ្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​តំបន់​នេះឡើយ​។  បើតាម​អ្នក​សម្អាត​អនាម័យ​វ័យ​៥៨​ឆ្នាំ​រូបនេះ មិន​ថា​ការ​បោសសម្អាត​អនាម័យ​នៅទីនេះ ឬ​នៅតាម​ផ្លូវ​សាធារណៈ​នោះទេ ខាង​មេក្រុម និង​ក្រុមហ៊ុន​មិនដែល​ចែក​សម្ភារ ដើម្បី​ការពារ​ពី​មេរោគ​កូ​វីដ​-១៩​ឡើយ ចាប់តាំងពី​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​មេរោគ​នេះ ក្នុង​ខែមករា ឆ្នាំ​២០២០​មក​។ 
 
«​ខ្ញុំ​ធ្វើ​ការងារ​រាល់ថ្ងៃ​បើ​ឆ្លង​មេរោគ​ហ្នឹង​(​កូ​វីដ​-១៩) ក៏​មិនដឹង​ដែរ​។ បើ​យើង​ដើរ​បោស ដើរ​ប្រមូល​សំរាម​គ្មានអ្វី​ការពារ​ត្រឹមត្រូវ​ផង គឺ​មានតែ​ស្រោមដៃ​ក្រណាត់​ធម្មតា​ហ្នឹង​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី យី ហ៊​ន ដោយបាន​បន្តថា ដោយសារតែ​ខ្លាច​ឆ្លង​មេរោគ​នេះ បាន​អ្នកស្រី យី ហន បាន​ទិញ​ទឹក​អាល់កុល​បន្តិចបន្តួច សម្រាប់​ប្រើប្រាស់​ក្នុង​ពេលធ្វើ​ការងារ​ប្រចាំថ្ងៃ​នៅ​កន្លែង​នានា​។​


កម្មករបោសសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីខាងខណ្ឌពោធិ៍សែនជ័យ កំពុងអង្គុយមុខទីចាត់់ការនៃសាលារៀនជម្ពូវ័ន
 
​ស្ត្រី​ចំណាស់​ដែលមាន​ពាក់មួក និង​ម៉ាស់​ក្រណាត់ ដោយ​ដៃ​កំពុងកាន់​អំបោស បោសសម្អាត​ទីធ្លា នៅមុខ​អគារ​ច​ត្តា​ឡី​ស័ក​រូបនេះ បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) ថា ៖«​ខ្ញុំ​ចង់​ស្នើ​ក្រុមហ៊ុន ចែក​សម្ភារ​ឱ្យ​កម្មករ​ដូចជា​ពួក​ខ្ញុំ តែ​ខ្ញុំ​មិនដឹង​ស្នើ​ទៅ​អ្នកណា​។ មិនឱ្យ​សម្ភារ​យើង​ដើម្បី​ការពារ​កូ​វីដ​-១៩​ហ្នឹងហើយ​! ពេល​យើង​ធ្វើការ​ងារ​រួច​មុន​ម៉ោង ក៏​គេ​មិនឱ្យ​យើង​ទៅផ្ទះ​ដែរ ដោយ​តម្រូវឱ្យ​ពួក​ខ្ញុំ​អង្គុយ​រហូតដល់​ម៉ោង បាន​អាច​ទៅផ្ទះ​បាន​»​។ 
 
​រីឯ​អ្នកស្រី គង់ សុខុម ដែលមាន​វ័យ​៦២​ឆ្នាំ គឺ​កាន់តែ​ភ័យខ្លាច​ឆ្លង​កូ​វីដ​-១៩ នៅពេលដែល​ប្រធាន​ក្រុម មកឱ្យ​អ្នកស្រី​មកជួយ​បោស​សំរាម និង​សម្អាត​អនាម័យ​នៅក្នុង​សាលារៀន​ជម្ពូ​វ័ន ពិសេស​នៅ​តំបន់​ដែល​កម្មករ​រោងចក្រ​ជាប់​ច​ត្តា​ឡី​ស័ក​ក្នុង​រយៈពេល​១៤​ថ្ងៃ​។ មិន​ខុសគ្នា​ពី​អ្នកស្រី យី ហន ក៏​ដូច​កម្មករ​បោសសម្អាត​របស់​ស៊ីន​ទ្រី​៧​នាក់​ទៀត ដែល​កំពុង​បោស​សំរាម និង​លាង​សម្អាត​កន្លែង​នានា នៅក្នុង​បរិវេណ​សាលារៀន​នេះ អ្នកស្រី សុខុម  ក៏​គ្មាន​សម្ភារ​ត្រឹមត្រូវ សម្រាប់​ការពារ​មេរោគ​កូ​វីដ​-១៩ ក្នុងពេល​កំពុង​ធ្វើ​នេះ​ផងដែរ​។ 


អ្នកស្រី គង់ សុខុម កំពុងអង្គុយសម្រាកពីការងារបោសសម្អាត នៅក្នុងសាលារៀនជម្ពូវ័ន។ 
 
​អ្នកស្រី​បាន​និយាយ​ដូច្នេះ​៖«​ខ្ញុំ​ចេះតែ​ភ័យខ្លាច​ឆ្លង​មេរោគ​ហ្នឹង​ដែរ តែ​មិនដឹង​ធ្វើ​ម៉េច បើជា​ការងារ​យើង​ហើយ​។ គេ​ប្រើ​យើង​ទៅណា យើង​ទៅ​ហ្នឹង​ទោះ​ចង់​មិន​ចង់​ក៏ត្រូវ​ទៅ​»​។ ទន្ទឹមនឹង​ការភ័យខ្លាច​នេះ អ្នកស្រី សុខុម ក៏បាន​ទិញ​ស្រោមដៃ​ពេទ្យ​ឬ​ស្រោមដៃ​អនាម័យ​ប្រើពេល​បំពេញការងារ និង​ទិញ​អាល់កុល​ទុក​បាញ់​ពេល​ត្រឡប់ទៅផ្ទះ​វិញ​។​
 
​កំពុង​អង្គុយ​លើ​កាំជណ្តើរ​មុខ​អាគារ​សម្រាប់​ដាក់​ច​ត្តា​ឡី​ស័ក​របស់​កម្មករ​រោងចក្រ កម្មករ​បោសសម្អាត​វ័យចាស់ និង​មាន​សុខភាព​ទន់ខ្សោយ​រូបនេះ បាន​និយាយថា ការងារ​អនាម័យ​នៅតាម​ទីសាធារណៈ​គឺ​ប្រឈមមុខ​នឹង​មេរោគ​គ្រប់​ប្រភេទ មិនថាតែ​កូ​វីដ​-១៩​នោះទេ គឺមាន​មេរោគ​ច្រើនណាស់​ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ ដូច្នេះហើយ​ខាង​ក្រុមហ៊ុន​គួរ​ណាស់​ផ្តល់នូវ​សម្ភារ​ការពារ​សុខភាព​ឱ្យ​គ្រប់គ្រាន់​ដល់​បុគ្គលិក មិនមែន​ឱ្យតែ​ឯកសណ្ឋាន​ការងារ អំបោស និង​ធុងសំរាម​ឡើយ​។ អ្នកស្រី​គង់ សុខុម បន្ត​និយាយ​បែបនេះ​៖«​ថា​មិនទាន់មាន​មេរោគ​កូ​វីដ​ទៅ​មិនឱ្យ​ម៉ាស់ ស្រោមដៃ និង​អាល់កុល​ហ្នឹង​ចុះ តែ​ដល់ពេល​ខ្មែរ​មាន​មេរោគ​ហ្នឹង​ចូល​ហើយ គួរតែ​គិតពី​សុវត្ថិភាព​ពួក​ខ្ញុំ​ផង​។ គេ​គ្រប់គ្នា​ខ្លាច​ឆ្លង​! ចុះ​ទំរាំ​ពួក​ខ្ញុំ​ធ្វើ​ការងារ​ជាមួយ​សំរាម​ដែលមាន​មេរោគ​គ្រប់​ភេទ តើ​អត់​ខ្លាច​ឆ្លង​ទេ​អី​?»​។​
 
​បើ​លោក ផល ធារ៉ា ប្រធាន​ក្រុម​បោសសម្អាត​អនាម័យ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់ថា ខាង​កម្មករ​ស៊ីន​ទ្រី ប្រចាំ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​គ្មាន​គោលការណ៍​ចែក​ទឹក​អាល់កុល ម៉ាស់ និង​ស្រោមដៃ ដល់​កម្មករ​ពេល​បំពេញការងារ​ទេ ពោល​សម្ភារ​ទាំងនេះ គឺ​ស្ថិតនៅលើ​បន្ទុក​របស់​កម្ម​ករនី​មួយៗ​ផ្ទាល់​។ ជាមួយគ្នា​លោក​បាន​រៀបរាប់ថា កម្មករ​ស៊ីន​ទ្រី ដែល​បានមក​សម្អាត​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​បរិវេណ​នេះ គឺ​គ្រាន់តែ​បោស​សំរាម រើស​ដប​ទឹក​សុទ្ធ ថង់​ផ្លា​ស្ទិ​ក នៅមុខ​អាគារ​និង​កន្លែង​ផ្សេងៗ ដែល​មិនទាន់មាន​អ្នក​សង្ស័យ​កូ​វីដ​-១៩​ចូល​នៅ​ប៉ុណ្ណោះ ពោលគឺ​មិន​តម្រូវឱ្យ​ចូលទៅ​បោសសម្អាត​ក្នុង​បន្ទប់ ដែល​ដាក់ឱ្យ​អ្នក​សង្ស័យ​មាន​កូ​វីដ​១៩ ស្នាក់​នៅឡើយ​។ ដូច្នេះ ការបំពេញ​ការងារ​រ​បស់​កម្មករ​ស៊ីន​ទ្រី​នៅ​តំបន់​នេះ គឺ​មិន​ហានិភ័យ​ក្នុង​ការឆ្លង​មេរោគ​កូ​វីដ​-១៩​ឡើយ​។ 


លោក ផល់ ធារ៉ា ប្រធានក្រុមបោសសម្អាត របស់ក្រុមហ៊ុន ស៊ីនទ្រី ខណ្ឌពោធិ៍សែនជ័យ។
 
​ប្រធាន​ក្រុម​បោសសម្អាត​អនាម័យ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រូបនេះ បាន​និយាយថា​៖«​ពួកគាត់​(​កម្មករ​បោសសម្អាត​ស៊ីន​ទ្រី​) ដែល​ចូលមក​សម្អាត​អនាម័យ​នៅ​តំបន់​នានា  ក្នុង​សាលារៀន​នេះ គឺមាន​ខាង​ក្រុមការងារ​ជំនាញ​បាន​បាញ់​អាល់កុល​សម្លាប់​មេរោគ​រួចហើយ​»​។ 
 
​តែ​យ៉ាងណាមិញ លោក ទួន ស៊ី​ផេង ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​អះអាងថា កន្លងមក​ក្រុមហ៊ុន​ក៏បាន​ចែក​ក្រ​ម៉ា ឬ​ម៉ាស់​ក្រណាត់ និង​ទឹក​អាល់កុល​បន្តិចបន្តួច​ដ​ល់​កម្មករ​ទាំងនោះ សម្រាប់​ប្រើប្រាស់​ក្នុងពេល​បំពេញការងារ​ប្រចាំថ្ងៃ ផងដែរ​។ ប៉ុន្តែ​បើតាម​សម្តី​របស់​ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មី​(ThmeyThmey)​តាម​ទូរ​សព្ទ កាលពី​ថ្ងៃទី​២២​មេសា ឆ្នាំ​២០២០  ការផ្តល់​សម្ភារ​ឱ្យ​កម្មករ​នេះ គឺ​មិនមែនជា​បន្ទុក​របស់​ក្រុមហ៊ុន​ឡើយ តែ​វា​ជា​លើកទឹកចិត្ត​ដល់ក​ម្មករ ក្នុងស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​កូ​វីដ​-១៩​។ ពាក់ព័ន្ធ​នឹង​សំណើរ​ដែល​កម្មករ​បោសសម្អាត​ចង់ឱ្យ​ក្រុមហ៊ុន​ផ្តល់​ម៉ាស់ ស្រោមដៃ​-​ស្រោមជើង  និង​ទឹក​អាល់កុល ដើម្បី​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​មេរោគ​ផ្សេងៗ ក្នុង​ពេលធ្វើ​ការងារ​ប្រចាំ​ថ្ងៃនោះ លោក ទួន ស៊ីន​ផេង បាន​និយាយ លោក​នឹង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្មករ​។​
 
​សូមជម្រាបថា សាលារៀន​ជម្ពូ​វ័ន​គឺ​មណ្ឌល​មួយ​ក្នុងចំណោម​មណ្ឌល​ទាំង​១០​កន្លែង​នៅ​រាជធានី​ភ្នំពេញ ដែល​រាជរដ្ឋាភិបាល​យក​ធ្វើជា​កន្លែង​ពិ​និ​ត​សុខភាព​រក​មេរោគ​កូ​វីដ​-១៩ របស់​កម្មក​រោងចក្រ​ដែល​បាន​ទៅ​ស្រុកកំណើត​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ហើយ​ត្រឡប់មក​ធ្វើការ​វិញ ដែល​ចាប់ផ្តើម​អនុវត្ត​តាំងពី​ថ្ងៃទី​២០​មេសា មក​។ សាលារៀន​នេះ ក្រៅ​ជា​កន្លែង​ពិនិត្យ​សុខភាព ក៏​ជា​កន្លែង​ច​ត្តា​ឡី​ស័ក​កម្មករ​រោងចក្រ​ដែល​សង្ស័យ​មេរោគ​កូ​វីដ​-១៩ ក្នុង​រយៈពេល​១៤​ថ្ងៃ ផងដែរ​។ 
 
​គិត​ត្រឹម​ម៉ោង​១១ ព្រឹក​ថ្ងៃទី​២៣ មេសា កម្មករ​-​កម្មការិនី ជិត​២,៨៥០​នាក់ ដែល​ត្រូវបាន​ពិនិត្យ​សុខភាព និង​ដាក់​ឱ្យនៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្រោយ​ពិនិត្យ​សុខភាព​រក​COVID-19 ។ ក្នុងនោះ​សំណាក​កម្មករ​ចំនួន​៨៩​នាក់ ត្រូវបាន​បញ្ជូនទៅ​ធ្វើតេស្ត​រក​COVID-19 បន្ត​។ នេះ​បើតាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​
 
​ក្នុងចំណោម​កម្មករ​រោងចក្រ​ទាំងនោះ​នាក់ មាន​កម្មករ​៨៩​នាក់ ដែល​ត្រូវដាក់​ឱ្យនៅ​ដោយឡែក​កម្រិត​២ (​ក្នុង​មួយ​បន្ទប់​អាច​រស់នៅ​បានតែ​១​នាក់​ប៉ុណ្ណោះ ) និង​បន្ទប់​កម្រិត​១ ចំនួន​៥៨​នាក់​(​អាច​ស្នាក់នៅ​រួមគ្នា​លើសពី​២​នាក់​ឡើងទៅ​) នៃ​មណ្ឌល​វិទ្យាល័យ​ជម្ពូរ​វ័​ន្ត ។ ក្រៅពីនេះ កម្មករ​ជាង​២៧០៣​នាក់​ទៀត ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤​ថ្ងៃ ។​
 
​សូមជម្រាបថា កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​១២២​ករណី ក្នុង​រាជធានី​-​ខេត្ត​ចំនួន​១៣​។  ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​១១០​នាក់ ដោយ​គិត​ត្រឹម​ថ្ងៃទី​២២​មេសា ៕ 



Tag:
 សុខភាព​
  សំរាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com