COVID-19
អន្តរជាតិ
ឆ្មា​ពីរ​ក្បាល​នៅ​រដ្ឋ​ញូវយ៉ក ឆ្លង COVID-19
23, Apr 2020 , 4:52 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ឆ្មា​ចិញ្ចឹម​ពីរ​ក្បាល​នៅ​រដ្ឋ​ញូវយ៉ក ត្រូវបាន​រកឃើញថា ឆ្លង​ជំងឺ COVID-19 ។ នេះ​បើតាម​ការបញ្ជាក់​ទីភ្នាក់ងារ​សហព័ន្ធ​អាមេរិក​នៅ​ថ្ងៃទី​២២ ខែមេសា​។ សត្វ​ឆ្មា​ទាំងពីរ ក្លាយជា​សត្វ​ចិញ្ចឹម​ដំបូង​នៅ​អាមេរិក​ដែលមាន​ផ្ទុក COVID-19 និង​ស្ថិត​ក្នុងចំណោម​សត្វ​តិចតួច​ដែល​ឆ្លង​ជំងឺ​នេះ​លើ​ពិភពលោក​។​

 
​ក្នុងចំណោម​ករណី​ឆ្លង COVID-19 រាប់សែន​នាក់​នៅ​អាមេរិក ក៏មាន​សត្វ​ឆ្មា​ពីរ​ក្បាល​ផងដែរ​។ សត្វ​ឆ្មា​ទាំងពីរ​ក្បាល​នេះ រស់នៅ​ដាច់ពីគ្នា​ក្នុង​រដ្ឋ​ញូវយ៉ក​។ ពួកវា មាន​រោគសញ្ញា​ធម្មតា ហើយ​រំពឹងថា នឹង​សះស្បើយ​ឆាប់ៗ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងកសិកម្ម និង​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺឆ្លង​អាមេរិក (CDC) ។ 
 
​សម្រាប់​ករណី​ឆ្មារ​ទីមួយ ក្នុងផ្ទះ​ដែល​វា​រស់នៅ មិនមាន​នរណាម្នាក់​មាន COVID-19 ឡើយ​។ អ្នកជំនាញ​អាមេរិក​ជឿថា ឆ្មា​នេះ​អាច​ឆ្លង​វីរុស​ពី​អ្នកជំងឺ​ខាងក្រៅ​ផ្ទះ ឬ​ពី​អ្នកផ្ទះ​ដែលមាន COVID-19 តែ​មិន​ចេញ​រោគសញ្ញា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​
 
​ករណី​មួយទៀត ម្ចាស់​របស់​សត្វ​ឆ្មា មាន​លទ្ធផល COVID-19 វិជ្ជមាន មុនពេល​ឆ្មា​ចេញ​រោគសញ្ញា​។ ទាំង​ក្រសួងកសិកម្ម​អាមេរិក ទាំង CDC មិនទាន់​អាច​រក​ភស្តុតាង​បញ្ជាក់ថា ឆ្មា​អាច​ចម្លង​វីរុស​បានឡើយ​។ CDC របស់​អាមេរិក បាន​ណែនាំ​ឲ្យ​ប្រជាជន​រក្សា​ឆ្មា​ក្នុងផ្ទះ និង​បញ្ចៀស​ការយក​សត្វ​ចិញ្ចឹម​ទៅកាន់​ទីសាធារណៈ ខណៈ​អ្នកជំនាញ​កំពុង​សិក្សា​ពី​ករណីនេះ​។​
 
​នេះ​ជា​ករណី​ឆ្លង​COVID-19 លើ​សត្វ​ចិញ្ចឹម​លើកដំបូង​នៅ​អាមេរិក តែ​មិនមែនជា​ករណី​ឆ្លង​លើស​ត្វ​ថ្មី​ឡើយ​។ កន្លងទៅ អាជ្ញាធរ​អាមេរិក ក៏បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​លើស​ត្វ​តោ​មួយ​ក្បាល​ផងដែរ​។​នៅ​ហុងកុង​វិញ ករណី​ឆ្លង​បាន​រកឃើញ​លើស​ត្វ​ឆ្មា និង​ឆ្កែ​ផងដែរ​៕

Tag:
 ឆ្មា​
  COVID-19
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com