ការលក់ក្លិប Newcastle United ទៅឲ្យសម្ព័ន្ធក្រុមហ៊ុនអារ៉ាប៊ីសាអូឌីតដែលគាំទ្រដោយព្រះអង្គម្ចាស់ Mohammed Bin Salman ហាក់ដូចជាខិតជិតដល់ជោគជ័យហើយ។ កិច្ចព្រមព្រៀងទិញដូរក្លិបមួយនេះអាចទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលវានឹងធ្វើឲ្យ Premier League កាន់តែក្លាយជាក្របខណ្ឌកីឡាបាល់ទាត់ពោពេញដោយថាមពល។
ក្លិប Newcastle United កំពុងឈានដល់កិច្ចព្រមព្រៀងលក់ក្នុងតម្លៃប្រហែល ៣០០ លានផោន (៣៦៨ លានដុល្លារអាមេរិក) ទៅឲ្យក្រុមហ៊ុនដែលពាក់ព័ន្ធនឹងរជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Bin Salman។
បើសិនជាក្លិបរហស្សនាមសារិកាព្រៃ ពិតជាធ្លាក់ក្នុងដៃម្ចាស់ដែលសម្បូរទ្រព្យពិតមែន នោះវាសនាពួកគេនឹងខុសពីក្រុមដទៃដូចជា Chelsea ឬ Manchester City ឡើយ។ តោខៀវ និង មេឃខៀវចាប់ផ្តើមរីកមុខមាត់ខ្លាំងឡើងៗចាប់តាំងពីក្រុមទាំងពីរនេះមានម្ចាស់សុទ្ធតែជាមហាសេសដ្ឋី។
ដូចដឹងស្រាប់ ក្នុងក្របខណ្ឌកំពូលអង់គ្លេសកាលពីជាង១០ឆ្នាំមុនមានតែក្រុមខ្លាំងៗមួយចំនួនដូចជា Manchester United, Arsenal និង Liverpool ប៉ុណ្ណោះដែលតែងប្រជែងពានគ្នា។ ប៉ុន្តែ១០ឆ្នាំបន្ទាប់ចុងក្រោយនេះ គឺមិនដូចគ្នាឡើយ។
សូមរម្លឹកអំពីក្លិប Man City បន្តិច។ នៅពេលដែលក្រុមហ៊ុន Abu Dhabi United របស់សេដ្ឋី Sheikh Mansour បានទិញយកក្លិបដែលមានមូលដ្ឋានក្នុងក្រុង Manchester នេះក្នុងតម្លៃ ២១០ លានផោន (៣៤៥លានដុល្លារអាមេរិក) កាលពីខែកញ្ញាឆ្នាំ ២០០៨ លោក Mark Hughes ដែលជាអ្នកចាត់ការទូទៅកាលនោះ បាននាំចូលកីឡាករថ្លៃៗចូលក្រុមភ្លាមៗតែម្តង។
មិនមែនជារឿងស្មុគស្មាញ ឬពិបាកគិតនោះទេ។ ដោយសារតែម្ចាស់សម្បូរប្រាក់ទៅហើយ ដូច្នេះគ្មានហេតុផលថាមិនជះលុយដើម្បីជួយក្លិបខ្លួនឲ្យរីកចម្រើន និងខ្លាំងដូចក្លិបដទៃនៅជុំវិញពិភពលោកឡើយ។ មិនត្រឹមតែមានបំណងចង់ប្រជែងពានក្នុងស្រុក ក្រុមដែលមានម្ចាស់ជាសេដ្ឋីជនជាតិអេមីរ៉ាតអារ៉ាប់រួមមួយនេះ ថែមទាំងចង់ឈ្នះពានអឺរ៉ុប Champions League ទៀតផង។
គិតត្រឹមពេលនេះ Man City ដែលសព្វថ្ងៃមានលោក Pep Guardiola ជាអ្នកចាត់ការ មានសមាជិកកីឡាករដែលមានតម្លៃខ្លួនថ្លៃៗ និងជាក្រុមខ្លាំងនៅអឺរ៉ុបផង។
ដោយឡែក Chelsea ឯណោះវិញ ក៏មិនខុសអ្វីពី Man City ដែរ។ សេដ្ឋីប្រេងសញ្ជាតិរុស្ស៊ីលោក Roman Abramovich បានផ្លាស់ប្តូរមុខមាត់ក្លិបតោខៀវ ឲ្យក្លាយជាក្រុមខ្លាំងបំផុតមួយនៅ Premier League។
Abramovich បានទិញយកភាគហ៊ុនធំរបស់ Chelsea ក្នុងតម្លៃ ១៤០លានផោន (១៧២លានដុល្លារអាមេរិក) នៅឆ្នាំ២០០៣។ នៅឆ្នាំ២០០៤ ក្រុមនេះបាននាំលោក Jose Mourinho ធ្វើជាអ្នកចាត់ការរបស់ពួកគេ និងផ្តល់ប្រាក់មួយចំនួនដើម្បីឲ្យបុរសជនជាតិព័រទុយហ្គាល់រូបនេះទិញកីឡាករចូលផង។
ពិតជាមិនធ្វើឲ្យសេដ្ឋីរុស្ស៊ីខកចិត្តឡើយ Mourinho ក្រោមការដឹកនាំរបស់លោកនៅរដូវកាលដំបូង (២០០៤-២០០៥) បានជួយ Chelsea លើកពានកំពូលអង់គ្លេសជាលើកដំបូងក្នុងរយៈពេល៥០ឆ្នាំចុងក្រោយជាប្រវត្តិសាស្ត្រក្លិប។ ក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៏មួយនេះ ចាប់ផ្តើមកើនឥទ្ធិពលជាមួយនឹងសមាសភាពកីឡាករដែលមានទេពកោសល្យ និងជួយក្រុមឈ្នះពានជាបន្តបន្ទាប់ទៀត។
ក្រោមការកាន់កាប់ក្លិបរបស់លោក Abramovich ក្រុមតោខៀវឈ្នះជើងឯក Premier League ៥សម័យ និង Champios League ១លើកផងដែរ។
ត្រឡប់មក Newcastle United វិញ នៅពេលនេះពួកគេកំពុងឈានជើងដើរលើផ្លូវរបស់ Chelsea និង Man City ហើយ ដ្បិតអ្នកដែលកំពុងចែចូវទិញយកភាគហ៊ុនធំរបស់ក្លិបជារជ្ជទាយាទ ហើយសម្បូរលុយទៀតផង។ ព្រះអង្គម្ចាស់ Bin Salman ទំនងជាអាចកាន់កាប់ក្លិបនេះក្នុងពេលឆាប់ៗមិនខាន ក្រោយមានការរាយការណ៍ថា ម្ចាស់ក្លិបបច្ចុប្បន្នលោក Mike Ashley បានទទួលលុយកក់ចំនួន ២១លានដុល្លាររួចទៅហើយ មុនកិច្ចព្រមព្រៀងចុងក្រោយ។
ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់ពេលនេះ ទ្រង់ Salman កំពុងរងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្ស ករណីជាប់ពាក់ព័ន្ធសម្លាប់អ្នកកាសែត Jamal Khashoggi។ អង្គការលើកលែងទោសអន្តរជាតិ ថែមទាំងបានព្រមានក្របខណ្ឌ Premier League ថា នឹងប្រឈមបញ្ហាធ្ងន់ធ្ងរ ប្រសិនក្លិបសារិកាព្រៃ Newcastle ធ្លាក់ក្នុងដៃរជ្ជទាយាទអារ៉ាប៊ីសាអូឌីតរូបនេះ៕